ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ ផល​ឌឿ​ និង​ឈិន ក្វាន់​ង៉ុយ​ ពើង​ទ្រូង​ក្រោយ​ប្រកួត​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កីឡាករ​ជើង​ខ្លាំង​២​រូប​បាន​ក្លាយ​ជា​អ្នក​ពើង​ទ្រូង​បង្អួត​មហា​ជន​ព្រម​គ្នា​ បន្ទាប់​ពី​បាន​ចំណាយ​ពេល​៥​ទឹក​ដូច​គ្នា​ វាយ​ផ្តួល​កីឡាករ​ជាគូ​ប្រកួត​ឱ្យ​បរា​ជ័យ​នៅ​លើ​រេញ​ផ្សេង​គ្នា និង​ក្នុង​ម៉ោង​ខុសគ្នា ។​ កីឡា​ករ​ដែល​រីក​ថ្លើម​ក្រោយ​ពេល​ប្រកួត​ទាំងពីរ​នាក់​នោះ​ គឺ​កីឡា​ករ​ចៅ​ ផលឌឿ​ មក​ពីក្លិប​​សំរោង​កោង​ខេត្ត​បាត់​ដំបង​ និង​កីឡា​ករ​ឈិន ក្វាន់​ង៉ុយ​ មក​ពីក្លិប​​មកុដ​​រាជ​

រាជ​ធានី​ភ្នំពេញ​ ៖ កីឡាករ​ជើង​ខ្លាំង​២​រូប​បាន​ក្លាយ​ជា​អ្នក​ពើង​ទ្រូង​បង្អួត​មហា​ជន​ព្រម​គ្នា​ បន្ទាប់​ពី​បាន​ចំណាយ​ពេល​៥​ទឹក​ដូច​គ្នា​ វាយ​ផ្តួល​កីឡាករ​ជាគូ​ប្រកួត​ឱ្យ​បរា​ជ័យ​នៅ​លើ​រេញ​ផ្សេង​គ្នា និង​ក្នុង​ម៉ោង​ខុសគ្នា ។​ កីឡា​ករ​ដែល​រីក​ថ្លើម​ក្រោយ​ពេល​ប្រកួត​ទាំងពីរ​នាក់​នោះ​ គឺ​កីឡា​ករ​ចៅ​ ផលឌឿ​ មក​ពីក្លិប​​សំរោង​កោង​ខេត្ត​បាត់​ដំបង​ និង​កីឡា​ករ​ឈិន ក្វាន់​ង៉ុយ​ មក​ពីក្លិប​​មកុដ​​រាជ​សីហ៍។​

នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​បឹង​ស្នោ​ កាល​ពីថ្ងៃ​អាទិត្យ​ ទី​២ មីនា​ កីឡា​ករ​ឈិន ក្វាន់ងុ៉យ​ បាន​បំបាក់​​កីឡា​ករ​ឃឹម​ ពេជ្រ​ចិន្តា មក​ពី​ក្លិប​បុរី​នាគ​រាជ​ ឱ្យ​ចាញ់​ដោយ​ពិន្ទុ​នៅ​លើ​សង្វៀន ។​ ជ័យ​ជម្នះ​របស់​គេ​បាន​ធ្វើ​ឱ្យ​មាន​សម្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ក្នុង​៥​ទឹក​ កីឡា​ករ​បង្គោល​ខៀវ​រូប​នេះ​ហាក់​សម្ញែង​នូវ​សន្ទុះ​វាយ​លុកបាន​ល្អ ។​ បើ​ទោះ​ជា ឃឹម​ ពេជ្រ​ចិន្តា​ ប្រឹង​ប្រែង​អស់​ពីលទ្ធ​ភាព​យ៉ាងណា ក៏​កម្លាំង​ ស្នៀត​ និង​កម្ពស់​នៅ​តែ​ជា​សម្ពាធ​ដែល​ពិបាក​ធ្វើ​ឱ្យ​កីឡា​ករ​រូប​នេះ​ទប់​ឈ្នះ​កីឡាករ​​ឈិន ក្វាន់​ង៉ុយ​ ។

នៅក្នុងទឹក​ខ្លះ​ កីឡា​ករ​ទាំង​ពីរ​បាន​បញ្ចេញ​នូវ​កម្រិត​​ប្រកួត​ប្រហាក់​ប្រហែល​គ្នា​ ប៉ុន្តែ​នៅ​ទី​បំផុត​កីឡា​ករ​ឈិន​ ក្វាន់​ង៉ុយ​ នៅ​តែ​អាច​សម្រេច​យក​ឈ្នះ​ដោយ​ពិន្ទុ​ទៅ​លើ​កីឡាករ​ឃឹម​ ពេជ្រ​ចិន្តា ។​ អំឡុង​​២​ទឹក​ចុង​ក្រោយ​ គេ​ឃើញ​ ឈិន ក្វាន់​ង៉ុយ​​ ក្លាយ​ជា​អ្នក​ក្តោប​​ក្តាប់​ជ័យ​ជម្នះ​កាន់​តែច្រើន​ បន្ទាប់​ពី​ឃើញ​ ឃឹម ពេជ្រ​ចិន្តា​ បាក់​កម្លាំង​ចុះ​ខ្សោយ​ព្រោះ​តែ​អស់​ស៊ុហ្វ​ ហើយ​ក៏​សម្រុក​វាយប្រហារ​​មិន​ព្រម​ដក​​ដៃ។​ សំអាង​លើ​ដៃ​ជើង​វែងៗ​ វាយ​កែង​បាន​ល្អ​ និង​កម្លាំង​​នៅ​ពេញ​នៅ​ឡើយ ទើប​គេ​ឃើញ​កីឡា​ករ​ឃឹម ពេជ្រ​ចិន្តា​ កាន់តែ​យ៉ាប់​ និង​ត្រដរ​ខ្យល់​នៅ​កៀក​នឹង​​​ទឹក​បញ្ចប់ ។​ ទោះ​បី​យ៉ាង​ណា​ សន្ទុះ​វាយ​លុក​របស់ ឈិន ក្វាន់​ងុ៉យ​ មិន​អាច​ផ្តួល​​ឱ្យ​គេសន្លប់​បាន​ទេ​ បើ​ទោះ​ជា​នៅ​ដើម​ទឹក​ទី​៥​ កីឡាករ​បង្គោល​ខៀវ ឈិន ក្វាន់​ង៉ុយ​ បាន​​ប្រឹងប្រែង​វាយ​សម្រុក​ដោយ​កណ្តាប់​ដៃ​ផង​​ ដោយ​កែង​ផង និង​ដោយ​ជង្គង់​ផង​ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​​ម្ខាង​ទៀត​បុក​ពោះ​ឡើង​ចង់​បះ​សក់​នោះ​ក៏​ដោយ ។​ គ្រាន់​តែ​បាន​ប្រកាស​ថា​ ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ឃឹម​ ពេជ្រ​ចិន្តា​ គេឃើញ​កីឡា​ករ​ឈិន ក្វាន់​ង៉ុយ​ លោត​កញ្ជ្រោល​ស្ទើរ​រញ្ជួយ​ពេញ​រេញ​តែ​ម្តង​ ដែល​គេ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​ គេ​រីក​ថ្លើម​និង​ពោរ​ពេញ​ដោយ​មោទន​ភាព ។​ ការ​យក​ឈ្នះ​កីឡាករជើង​ចាស់​ ឃឹម ពេជ្រ​ចិន្តា​ លើក​នេះ​​មាន​ន័យ​យ៉ាង​ច្បាស់​ថា​ កីឡាករ​ឈិន ក្វាន់​ង៉ុយ​ អាចរក្សាបាន​ក្រេឌីត​ល្អ​ ដែល​​ផ្ទុយ​ស្រឡះ​ពី​ការប្រកួត​គូ​ខ្លះ​ ដែល​រមែង​តែង​តែ​ឃើញ​កីឡាករ​ជើង​ថ្មី​វាយ​មិន​ឈ្នះ​កីឡាករ​ជើង​ចាស់ ។​

នៅ​លើ​រេញ​នោះ​ដែរ​ កីឡាករ​ហ៊ុន ពិសិដ្ឋ​ មក​ពី​ក្លិប​មិត្ត​ប៉ូលិស​ ត្រូវ​សន្លប់​ក្រោម​ដៃ​កីឡាករ​ម៉ន​ ចាន់ណា​ មក​ពី​ក្លិប​ព្រែក​ឯង​មាន​ជ័យ ។​ កីឡាករ​ឯម ផ្លាទីន​ មក​ពីក្លិប​​ឫទ្ធិ​​ពោធិ​សែន​ជ័យ​ វាយ​កីឡា​ករ​យ៉ា​ ពុទ្ធារី​ មក​ពីក្លិប​​កុសល​កីឡា ឱ្យ​សន្លប់​ក្នុងទឹក​ទី២ ។​ កីឡា​ករ​ពេជ្រ គុណ​ មក​ពីមជ្ឈ​មណ្ឌល​ខេមរ​ភូមិន្ទ​ វាយ​ឈ្នះ​កីឡា​ករ​ផល​ ផាន​ មក​ពី​ក្លិប​ភ្នំ​ពេជ្រ​កីឡា​ដោយ​ពិន្ទុ​ និង​កីឡា​ករ​ភុន​ សោភ័ណ្ឌ​ មក​ពីក្លិប​​យុវ​​កីឡាខេត្ត​កណ្តាល​​ វាយ​កីឡាករ​ម៉ាប់​ ឆៃយ៉ា​ មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ​ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ ។​

នៅ​លើ​សង្វៀន​ទូរទស្សន៍បាយ័ន​ស្ទឹង​មាន​ជ័យ​ឯ​ណោះ​វិញ​ កីឡាករ​ចៅ​ ផល​ឌឿ​ ក្លាយ​ជា​អ្នក​ពើងទ្រូង​ដូចគ្នា​នឹង​កីឡា​ករ​ឈិន ក្វាន់​ងុ៉យ​ ខាង​លើ​ដែរ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​កីឡា​ករ​នន់​ ជំនិត មក​ពីក្លិប​ CMAC ដោយ​ពិន្ទុ ។​ ការ​ប្រកួត​រវាង​ពួក​គេ ក៏​មាន​ចំណុចទាក់​ទាញ​មិន​ចាញ់​គូ​ខាង​លើ​ផង​ដែរ​ ដោយសារភាគី​ម្ខាងៗ​ក្នុង​ចំណោម​អ្នក​ទាំងពីរ​សុទ្ធ​តែ​បាន​បង្ហាញ​សន្ទុះ​វាយ​លុក​ដោយ​មិន​ចុះ​ញ៉ម​គ្នា​ទៅ​វិញ​ទៅ​មក ។​ ៤​ទឹក​ដំបូង​ ពួកគេ​ទាំង​ពីរ​ក្តាប់​ជ័យ​ជម្នះ​២​ទឹក​ម្នាក់​​ ខណៈ​ដែល​ទឹក​ទី​៥ ដែល​ជាទឹក​ចុង​ក្រោយ​ ទើប​គេឃើញ​កីឡាករ​ចៅ​ ផល​ឌឿ​ មាន​កម្រិត​ជោគ​ជ័យ​លើ​កីឡា​ករ​នន់ ជំនិត​ ដែល​ប្រឹង​ស្ទុះ​ស្ទា ។​ ទោះ​យ៉ាងណា​ កម្រិត​វាយ​លុក​របស់​បង្គោល​ក្រហម​ នន់ ជំនិត​ ក៏​មិ​នបាន​ចាញ់​ប្រៀប​ទាំង​​ស្រុង​ក្នុង​ការវាយសន្ធាប់​របស់​ ចៅ ផល​ឌឿ​ នោះ​ដែរ ។​ អុីចឹង​ហើយ​ទើប​ម្នាក់ៗ​ដែល​ជា​អ្នក​ទស្សនា​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​ ចៅ ផល​ឌឿ​ អាច​យក​ឈ្នះ​លើ​កីឡាករ​នន់​ ជំនិត​ ដោយ​ប្រផិត​ប្រផើយ​បំផុត ។​ កីឡាករ​ចៅ​ ផល​ឌឿ បាន​បង្ហាញ​អារម្មណ៍​ពុះ​កញ្ជ្រោល​យ៉ាង​ខ្លាំង​ ​បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​គូ​ប្រកួត​ ដែល​អ្នក​គាំទ្រ​ភាគ​ច្រើន​យល់​ថា​ មិន​អាច​ទប់​ជាប់​ដោយ​សារ​តែ​គេ​ជា​ជើង​ចាស់​ ហើយ​មាន​បទ​ពិសោធន៍​មិន​ធម្មតា ។​ លទ្ធ​ផល​នេះ​បង្ហាញ​ថា​ កីឡា​ករ​ឈិន ក្វាន់​ង៉ុយ​ និង​កីឡាករ​ចៅ ផលឌឿ​ ក្លាយ​ជា​អ្នក​ពើង​ទ្រូង​ និងរីក​ថ្លើម​បំផុត​ បន្ទាប់​ពី​​អាច​យក​ឈ្នះ​លើ​កីឡា​ករ​ដែល​ជា​គូ​ប្រកួត ។​

នៅ​ក្នុង​សង្វៀន​ស្ទឹង​មាន​ជ័យ​នោះ​ កីឡា​ករ​ប្រាក់​ ស៊ីណាត មក​ពី​ក្លិប​បញ្ជា​ការ​ដ្ឋាន​កងទ័ព​ជើង​គោក​ វាយ​ចាញ់​កីឡា​ករ​សំណាង ឌីណា​ មក​ពី​ក្លិប​បាត់​ដំបង​ពាយ័ព្យ ។​ កីឡា​ការិនី​ នូវ ស្រី​ពៅ​ មក​ពី​ក្លិប​តាឡី​ដំរី​មាន​ឫទ្ធិ​ វាយ​ឈ្នះ​កីឡា​ករ​សូយ សុធា​ មក​ពី​ក្លិប​ពោធិ​ជ័យ​កីឡា ។​ កីឡា​ករ​សូយ ចិន្តា​ មក​ពីក្លិប​ពោធិ​ជ័យ​កីឡា វាយ​កីឡា​ករ​បុ៉ន សុភាន មក​ពី ក្លិប CMAC ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ និង​កីឡា​ករ​ វី សាវុធ​ មក​ពីក្លិប​​ឥន្ទ្រី​កីឡា​ វាយ​ចាញ់​កីឡា​ករ​ស្វាយ​ រដ្ឋា មក​ពីក្លិប​​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ ដោយ​ពិន្ទុ​ ៕​