ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើស​រើស​ជើង​ឯក​យុវ​ជន​លើក​ទី​3 ឆ្នាំ​2014

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​កីឡា​ចំបាប់​ជ្រើស​រើស​ជើង​ឯក​យុវ​ជនលើក​ទី​៣​ ប្រចាំ​ឆ្នាំ​២០១៤​ ដែល​បាន​ចាប់​ផ្តើម​ឡើង​តាំង​ពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ​មក​នោះ​​ បាន​បិទបញ្ចប់​ការ​ប្រកួត​ហើយ​កាល​ពី​ល្ងាច​ថ្ងៃទី​២ ខែ​មីនា ព្រម​ទាំង​បាន​រក​ឃើញ​ជើង​ខ្លាំងដែល​អាច​យក​ទៅ​បន្ត​វេន​ជើង​ចាស់​សម្រាប់​ចូលរួម​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ដែល​កម្ពុជា​ត្រៀម​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​ផងដែរ ។​ វត្ត​មាន​គណៈ​អធិបតី​ផ្តល់​រង្វាន់​ដល់​ជ័យ​លាភី​នា​ឱកាស​នោះ​មាន​លោក​វ៉ាត់ ចំរើន​ អគ្គ​

រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​កីឡា​ចំបាប់​ជ្រើស​រើស​ជើង​ឯក​យុវ​ជនលើក​ទី​៣​ ប្រចាំ​ឆ្នាំ​២០១៤​ ដែល​បាន​ចាប់​ផ្តើម​ឡើង​តាំង​ពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ​មក​នោះ​​ បាន​បិទបញ្ចប់​ការ​ប្រកួត​ហើយ​កាល​ពី​ល្ងាច​ថ្ងៃទី​២ ខែ​មីនា ព្រម​ទាំង​បាន​រក​ឃើញ​ជើង​ខ្លាំងដែល​អាច​យក​ទៅ​បន្ត​វេន​ជើង​ចាស់​សម្រាប់​ចូលរួម​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ដែល​កម្ពុជា​ត្រៀម​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​ផងដែរ ។​ វត្ត​មាន​គណៈ​អធិបតី​ផ្តល់​រង្វាន់​ដល់​ជ័យ​លាភី​នា​ឱកាស​នោះ​មាន​លោក​វ៉ាត់ ចំរើន​ អគ្គ​លេខាធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា និង​ជា​ប្រធាន​សហ​ព័ន្ធ​កីឡា​ចំបាប់​កម្ពុជា,​ លោក Casey Barnett អនុ​ប្រធាន​សហ​ព័ន្ធ​កីឡាចំបាប់​ ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​កីឡា កីឡាករ​ កីឡា​ការិនី​ជាច្រើន​ទៀត​ ។​

លោក​វ៉ាត់ ចំរើន​ បាន​កោត​សរសើរ​ដល់​គ្រូៗ​ និង​កីឡា​ករ​ក្មេងៗ​ដែល​ចូលរួម​ប្រកួត​នៅ​ឆ្នាំ​នេះ​ឃើញ​ថា​ មាន​កម្រិត​បច្ចេក​ទេស​កើន​ឡើង​​ជាង​មុន​ និង​ចេះ​គោរព​បទបញ្ជា​នៃ​ការ​ប្រកួតបាន​ល្អ​ ជាពិសេស​គឺ​ក្រុម​ក្មេងៗ​ពិត​ជា​មាន​ជំនាញ​ និង​ទេព​កោសល្យ​​ល្អ​ណាស់ ។​ លោក​បន្ត​ថា​ កាល​ពី​​ឆ្នាំ​មុន​ ក្រុម​កីឡាករ​ចំបាប់​បាន​ដណ្តើម​មេ​ដាយ​មាស​១០​គ្រឿង​ពី​ SEA Games ដែល​ក្នុង​នោះ​មាន​មាស​៤ ប្រាក់​២​ សំរឹទ្ធ​៤ ។ តាម​រយៈ​លទ្ធ​ផល​នេះ​បាន​ធ្វើ​ឱ្យ​ក្លិប​ចំបាប់​ទូទាំង​ប្រទេស​ចាប់​ផ្តើម​មាន​ភាពល្បី​ល្បាញ​ខ្លាំង​ឡើង ។​ ដូច​នេះ​ហើយ​ទើប​សហ​ព័ន្ធ​កីឡា​ចំបាប់​​រៀបចំ​កម្មវិធី​នេះ​​ដើម្បី​ចម្រាញ់​រក​អ្នក​មាន​ទេព​កោ​សល្យ​ ដាក់​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​២០២៣​ ខាង​មុខ​នេះ។​

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ Casey Barnett អនុ​ប្រធាន​សហ​ព័ន្ធ​កីឡា​ចំបាប់ និង​ជាប្រធាន​ក្លិប​ចំបាប់​ភ្នំពេញ​ថ្លែង​ថា លោក​ពិត​ជាមាន​ចិត្ត​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​ដែល​បាន​មក​ឃើញ​ការបង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​របស់​ប្អូនៗ​ជំនាន់​ក្រោយ​ ។ មូល​ហេតុ​ចម្បង​ដែល​លោក​ចូល​រួម​ជួយ​ឧបត្ថម្ភ​គាំទ្រ​ គឺ​ដោយ​សារ​តែលោក​ចូល​ចិត្ត​លេង​ចំបាប់​ណាស់​ ព្រោះ​លោក​ក៏​ធ្លាប់​ហាត់​​កីឡា​មួយ​នេះ​តាំងពី​អាយុ​៦​ឆ្នាំ​ដល់​២០​ឆ្នាំ​ទៀត​ផង ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លោក​ធ្លាប់​ចូល​ហ្វឹក​ហាត់​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជាបាន​រយៈ​ពេល​៣​ឆ្នាំ​ផង​ដែរ ។​

ចំពោះ​លទ្ធ​ផល​ចំណាត់​ថ្នាក់​នោះ គឺ​ទម្ងន់​៤៨​គីឡូ​ក្រាម​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​ មេដាយ​មាស​បាន​ទៅ​កីឡា​ការិនី​ ធា សម្ផស្ស​ មក​ពី​ក្លិប​ភ្នំពេញ។ ទម្ងន់​៥២​គីឡូ​ក្រាម​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​ មេដាយ​មាស​បានទៅ​លើ​កីឡា​ការិនី​ អ៊ុំ វុធធិតា​ មក​ពី​ក្លិប​ភ្នំពេញ​ ។ ទម្ងន់​៥៥​គីឡូ​ក្រាម​នារី​អាយុ​ក្រោម​២៣​ឆ្នាំ​ មេដាយ​មាស​បាន​ទៅ​លើ​កីឡាការិនី​ សុង​ ហ៊ាង​ចរណៃ​ មក​ពី​ក្លិប​ភ្នំពេញ ។​ ទម្ងន់​សេរីនារី​អាយុ​ក្រោម​២៣​ឆ្នាំ​ មេ​ដាយ​មាស​បាន​ទៅ​លើ​កីឡា​ការិនី​ ប៉ូ​ សុភា​ មក​ពីក្លិប​ C.I.C.I ។​

ទម្ងន់​៤៨​គីឡូ​ក្រាម​បុរស​អាយុ​ក្រោម​១៨​ឆ្នាំ​ មេដាយ​មាស​បាន​ទៅ​លើ​កីឡាករ​នូ ប៊ុន​រាជ​ មក​ពី​ក្លិប​យាយ​ព្រីង​មាន​ឫទ្ធិ​ ខេត្ត​កំពង់​ឆ្នាំង ។ ទម្ងន់​៥២​គីឡូ​ក្រាម​បុរស​អាយុ​ក្រោម​១៨​ឆ្នាំ​ មេដាយ​មាស​បាន​ទៅ​លើ​កីឡា​ករ​ឆយ​ ចន្នី​ មក​ពី​ក្លិប​ម៉ឺន​ឯក​វិហារ​សួគ៌ ។​ ទម្ងន់​៥៦​គីឡូ​ក្រាម​បុរស​អាយុ​ក្រោម​១៨​ឆ្នាំ​ មេដាយ​មាស​បាន​ទៅ​កីឡាករ​ពេជ្រ​ ប្រសិទ្ធ​ មក​ពីសមា​គម​​ក្រសួង​មហា​ផ្ទៃ ។​ ទម្ងន់​៦០​គីឡូ​ក្រាម​បុរស​អាយុ​ក្រោម​១៨​ឆ្នាំ​​ មេ​ដាយ​មាស​បាន​ទៅ​កីឡាករ​សុខ រតនៈ​ មក​ពី​សមា​គម​ក្រសួង​មហា​ផ្ទៃ ។​ ទម្ងន់​៤៨​គីឡូ​ក្រាម​បុរស​អាយុ​ក្រោម​២៣ឆ្នាំ​ មេដាយ​មាស​បាន​ទៅ​កីឡា​ករ​វណ្ណ វុទ្ធ​ មក​ពី​ក្លិប​ភ្នំពេញ​ ។ ទម្ងន់​៥២​គីឡូ​ក្រាម​បុរស​អាយុ​ក្រោម​២៣​ឆ្នាំ​ មេដាយ​មាស​បាន​ទៅ​កីឡាករ​សែម​ សុង​ មក​ពី​ក្លិប​ម៉ឺន​ឯក​វិហារ​សួគ៌ ។​ ទម្ងន់​៥៦​គីឡូ​ក្រាម​បុរស​អាយុ​ក្រោម​​២៣ឆ្នាំ​ មេដាយ​មាស​បាន​ទៅ​កីឡាករ​យ៉ុង​ ប៊ុន​ណា​ មក​ពីក្លិប​​វិហារ​សួគ៌​ ។ ទម្ងន់​៦០​គីឡូ​ក្រាម​បុរស​អាយុ​ក្រោម​២៣ឆ្នាំ​ មេដាយ​មាស​បាន​ទៅ​កីឡាករ​អេង​ ផានិត​ មក​ពី​ក្លិប​ភ្នំ​ពេញ ។​ ទម្ងន់​៦៥​គីឡូ​ក្រាម​បុរស​អាយុ​ក្រោម​២៣​ឆ្នាំ​ មេដាយ​មាស​បាន​ទៅ​កីឡាករ​ដូ​ ដេត មក​ពី​ក្លិប​ម៉ឺន​ឯក​វិហារ​សួគ៌​ ។​

ផ្នែក​កុមារា​អាយុ​ក្រោម​១៥ឆ្នាំ​ប្រភេទ​​ M មេ​ដាយ​មាស​បាន​ទៅ​កីឡាករ​នី ហ័ង មក​ពី​ក្លិប​ឫទ្ធិ​សែន​ខេត្ត​កំពង់​ឆ្នាំង ។​ កុមារា​អាយុ​ក្រោម​១៥​ឆ្នាំ​ ប្រភេទ K មេដាយ​មាស​បាន​ទៅ​កីឡា​ករ​តត វណ្ណា​ មក​ពីក្លិប​​ឃ្លាំង​មឿង​ ។​ កុមារា​អាយុ​ក្រោម​១៥​ឆ្នាំ​​ ប្រភេទ L មេ​ដាយ​មាស​បាន​ទៅ​កីឡាករ​ច្រាយ​ ប៉យ​ មក​ពីក្លិប​​ម៉ឺន​ឯក ។​ កុមារា​អាយុ​ក្រោម​១៥​ឆ្នាំ​ប្រភេទ S មេដាយ​មាស​បាន​ទៅ​កីឡាករ​អឿន​ ចិន្ត្រា​ មក​ពីក្លិប​​ឫទ្ធិ​សែន ។​

ចំពោះ​លទ្ធ​ផល​ចំណាត់​ថ្នាក់​ក្រុម​ មេដាយ​មាស​បាន​ទៅ​ក្លិប​ម៉ឺន​ឯក​ឃុំ​វិហារ​សួគ៌​ មេដាយ​ប្រាក់​​​បាន​ទៅ​ក្លិប​ភ្នំពេញ​ និង​មេដាយ​សំរិទ្ធ​បាន​ទៅ​សមាគម​ក្រសួង​មហា​ផ្ទៃ​ ។​

សូម​បញ្ជាក់​ថា​ ព្រឹត្តិ​ការណ៍​នេះ​មាន​ការ​ចូល​រួម​ប្រកួត​ពី​អត្ត​ពលិក​ចំបាប់​វ័យ​ក្មេង​ចំនួន​២១៥​នាក់​​ ក្នុង​នោះ​១៦​នាក់​ជា​នារី​ដែល​មក​ពី​ក្លិប​-សមា​គម​ចំនួន​៩​ ទូទាំង​ប្រទេស​ ។ ក្លិប-​សមាគម​ទាំង​៩​នោះ​មាន​ ក្លិប​វិហារ​សួគ៌,​ ក្លិប​រ៉ៃ​យ៉ុង​ភ្នំពេញ​, ​សមាគម​ឫទ្ធិ​សែន​ខេត្ត​កំពង់​ឆ្នាំង​, សមា​គម​យាយ​ព្រីង​មាន​រិទ្ធិ​ខេត្ត​កំពង់​ឆ្នាំង, សមាគម​​ម៉ឺន​ឯក​ឃុំ​វិហារ​សួគ៌​, សមា​គម​ក្រសួង​មហា​ផ្ទៃ​, ក្លិប​ចំបាប់​ភ្នំពេញ​, ក្លិប​ចំបាប់​ជីជី​ និង​សមា​គម​ចំបាប់​ឃ្លាំង​មឿង​ខេត្ត​ពោធិ៍សាត់​ ៕​