បន្ទាប់ពីបានរងផលប៉ះពាល់ដោយសារការទូទាត់ប្រាក់លើសកាលកំណត់ពីរដ្ឋាភិបាលចាំផ្ទះក្រោមគម្រោងសន្យាទិញស្រូវ កសិករថៃរាប់ពាន់នាក់នឹងទទួលរងនូវរឿងធ្ងន់ធ្ងរមួយទៀតគឺការទទួលប្រាក់ចំណូលទាបពីការលក់ស្រូវទៅតាមតម្លៃទីផ្សារបន្ទាប់ពីបញ្ចប់គម្រោងនេះ ។
យោងតាមសមាគមរោងម៉ាស៊ីនកិនស្រូវថៃបានឲ្យដឹងថា តម្លៃនៅលើទីផ្សារសម្រាប់ស្រូវសើម១៥%មានតម្លៃ៧.២០០ទៅ៨.៥០០បាត(២១១ទៅ២៦១ដុល្លារ)ក្នុងមួយតោន បើធៀបនឹងតម្លៃគម្រោងសន្យាទិញដែលមានតម្លៃ១៥.០០០បាត ។ ចំណែកស្រូវសើម៣០%មានតម្លៃ១១.៦០០បាត ក្នុងមួយតោន ។នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានរាយការណ៍ក្រៅផ្លូវការថា ស្រូវជាង១១លានតោនបានចូលទៅក្នុងគម្រោងសន្យាទិញរបស់រដ្ឋាភិបាលដែលបញ្ចប់នៅថ្ងៃសុក្រ ។
រដ្ឋាភិបាលបានចេញឯកសារសន្យាទិញស្រូវដល់កសិករប្រហែល១,៩១លាននាក់ ខណៈដែលកសិករ៥៤៦.៧៨០នាក់ បានទទួលបានប្រាក់ទូទាត់ពេញក្រោមគម្រោងនេះ ។ប្រភពពីរោងម៉ាស៊ីនកិនស្រូវបាននិយាយថា ចាប់ពីពេលនេះតទៅកសិករទាំងអស់នឹងទទួលបានប្រាក់ទូទាត់កាន់តែតិចជាងមុនពីការលក់ស្រូវរបស់ខ្លួន នៅគ្រាដែលទីផ្សារទទួលស្គាល់ថា រដ្ឋាភិបាលចាំបាច់ត្រូវបញ្ចេញស្រូវបន្ថែមដើម្បីបង្កើតប្រាក់ចំណូលពីគម្រោងសន្យាទិញស្រូវនេះ ។
ប្រភពដដែលនិយាយថា កសិករនឹងកា្លយជាអ្នកទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីតម្លៃស្រូវទាបនេះ ។ ខាងរោងម៉ាស៊ីនកិនស្រូវមិនអាចជួយអ្វីបានច្រើនទេ ដោយសារនិន្នាការទីផ្សារបានឆ្លើយតបទៅនឹងស្រូវក្នុងស្តុករបស់រដ្ឋាភិបាលដ៏ច្រើន ខណៈដែលទីផ្សារពិភពលោកទទួលស្គាល់ថា ថៃចាំបាច់ត្រូវលក់ស្រូវបន្ទាន់ដើម្បីទទួលបានប្រាក់ចំណូលពីគម្រោងសន្យាទិញស្រូវនេះ៕
ចែករំលែកព័តមាននេះ