ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​​​សង្វៀន​​​បញ្ជល់​​មាន់​ បាន​​ធ្វើ​​ឡើង​​​​ហាក់​ដូច​​ណាត់​​គ្នា រាជ​ធានី​​​-បាត់​​ដំបង-កំពង់​​ចាម​-ស្វាយ​​រៀង

11 ឆ្នាំ មុន

ខេត្ត​​បាត់​ដំបង​ ៖ កម្លាំង​កង​អន្ដរាគមន៍​ពិសេស​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាលខេត្ដ​ បាន​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់​មាន់​ចល័ត​មួយ​កន្លែង​ដោយ​ចៃ​ដន្យ គ្រា​ដែល​​កង​កម្លាំងនេះកំពុង​ជិះ​ល្បាត​ ហើយ​ប្រទះ​ឃើញ​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២​ មីនា​ នៅ​ក្នុង​ភូមិ​ចម្ការ​សំរោង​១​ សង្កាត់​ចម្ការ​សំរោង​ ក្រុង​បាត់​ដំបង​ ។​

ខេត្ត​​បាត់​ដំបង​ ៖ កម្លាំង​កង​អន្ដរាគមន៍​ពិសេស​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាលខេត្ដ​ បាន​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់​មាន់​ចល័ត​មួយ​កន្លែង​ដោយ​ចៃ​ដន្យ គ្រា​ដែល​​កង​កម្លាំងនេះកំពុង​ជិះ​ល្បាត​ ហើយ​ប្រទះ​ឃើញ​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២​ មីនា​ នៅ​ក្នុង​ភូមិ​ចម្ការ​សំរោង​១​ សង្កាត់​ចម្ការ​សំរោង​ ក្រុង​បាត់​ដំបង​ ។​

មន្ដ្រី​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ដ​ឱ្យ​ដឹង​ថា​ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​៥​នាក់​ ចាប់​មាន់​ជល់២ក្បាល​ និង​ដក​ហូត​ម៉ូតូ​បាន​៥​គ្រឿង​ ដែល​ក្រុម​អ្នក​ញៀន​ល្បែង​នេះប្រហែល​ជាង​៣០នាក់​​រត់​ចោល​ ។​ មន្ដ្រី​ដដែល​បញ្ជាក់​ថា​ ទាំង​មនុស្ស​ និង​វត្ថុតាង​ត្រូវ​បាន​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​សួរ​នាំពី​ការ​ប្រមូល​ផ្ដុំ​គ្នា​ប្រព្រឹត្ដ​ល្បែង​ស៊ីសង​ខុស​ច្បាប់​នេះ​ ។​

លោក កង​ សុផាន់​ណា​ ប្រធាន​ក្រុម​កង​អន្ដរា​គមន៍​ពិសេស​ដែល​ចុះ​បង្ក្រាប​ល្បែង​បញ្ជល់​មាន់នេះ​និយាយ​ថា​​ កង​កម្លាំង​របស់​លោកបាន​បង្ក្រាប​ក្រុម​អ្នក​បញ្ជល់​មាន់​នេះ​ដោយ​ចៃ​ដន្យ​ គ្រា​ដែល​ជិះ​ម៉ូតូក្នុង​ភូមិ​សាស្រ្ដ​នៅ​តំបន់​នោះ​ ហើយ​ប្រទះ​ឃើញ​ពួក​គេ​ប្រហែល​ជាង​៣០​នាក់​កំពុង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ ។​ លោក​​បន្ដ​ថា​ គ្រា​នោះ​កង​កម្លាំង​របស់​លោក​ ខ្លះ​ក្នុង​ឯក​សណ្ឋាន​ និង​ខ្លះ​ស្លៀក​ពាក់​ស៊ីវិល​ បាន​សម្រុក​ចូល​ទៅ​ចាប់​មាន់​ក្នុង​សង្វៀន​ និង​ក្របួច​បាន​អ្នក​លេង​៥​នាក់​ ខណៈ​ជិត​៣០​នាក់​ទៀត​រត់​ប្រសាច​ពេញ​ភូមិ​ ។ លោក​ កង​ សុផាន់​ណា​ ប​ញ្ជាក់​ថា​ ក្រុម​នេះ​ជា​ក្រុម​បញ្ជល់​មាន់​ចល័ត​មិន​បង្កើត​ទី​តាំង​មួយ​កន្លែង​ទេ​ ហើយ​ក៏​មិន​បញ្ជល់​យូរ​ដែរ​ ។​ ពួក​គេបញ្ជល់​មាន់​ភ្នាល់​ដាក់​លុយ​ប្រហែល​១​គូ​ ឬ​២​គូ​ក៏​បែក​ហ្វូង​គ្នា​ភ្លាម​ ព្រោះ​ខ្លាច​សមត្ថកិច្ច​ទៅ​ទាន់​ ។​

ក្រោយ​ពេល​ឃាត់​ខ្លួន​នាំ​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ដ​ ក្រុម​អ្នក​លេង​ទាំង​នោះ​និយាយ​ប្រាប់​សមត្ថកិច្ច​ថា​ ពួក​គេ​មិន​បាន​បញ្ជល់​មាន់​ភ្នាល់​ដាក់​លុយ​ទេ​ គឺ​គ្រាន់​តែ​​ណាត់​គ្នា​យក​មាន់​ទៅ​បញ្ជល់​លេង​ប៉ុណ្ណោះ​ ។​ ប៉ុន្ដែ​អ្នក​ភូមិ​បាន​បញ្ជាក់​ថា​ ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ព័ទ្ធ​ចាប់​នោះ​ គឺ​ពួក​គេ​ទើប​បាន​បញ្ចប់​ការ​ស៊ីសង​លុយ​គ្នា​គូ​ទី​១​ ។​ លុះ​ចាប់​ផ្ដើម​បញ្ជល់​គូ​ទី​២​ មិន​ទាន់​បាន​កន្លះ​ទឹក​ផង​ ក៏​ត្រូវ​កម្លាំង​សម​ត្ថកិច្ច​ទៅ​ដល់​ចូល​ចាប់​មាន់​ក្នុង​សង្វៀន​ផ្អើល​រត់​ប្រសាច​ពេញ​ភូមិ​តែ​ម្ដង​​។​

លោក​ ម៉េង​ លៀង​ នាយ​រង​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ដ​បញ្ជាក់​ថា​ កម្លាំង​ជំនាញ​កំពុង​សួរ​នាំ​ក្រុម​អ្នក​បញ្ជល់​មាន់​ចល័ត​ទាំង​នោះ​ហើយ​ ប៉ុន្ដែ​ចំណាត់​ការ​បន្ដ​យ៉ាង​ណា​នោះ​មិន​ទាន់​ដឹង​ទេ​ ព្រោះ​លោកកំពុង​រង់​ចាំ​បទ​បញ្ជា​ពី​លោក​ស្នង​ការ​នគរ​បាល​ខេត្ដ​ តើ​ត្រូវ​ធ្វើ​ការ​អប់​រំ​​ ឬ​​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ៕​

ខេត្ត​ស្វាយ​រៀង​ ៖ មាន​មនុស្ស​៨​នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាលឃុំ​កំពង់​ចម្លង ចាប់​ខ្លួន​ពី​បទ​បើក​សង្វៀន​បញ្ជល់​មាន់​ ក្នុង​នោះ​មានគ្រូ​ពេទ្យ​មណ្ឌល​សុខភាព​កំពង់​ចម្លង​១​រូបផង​ ។​ ក្នុង​ការបង្ក្រាប​នេះ​ដែរ​ ម៉ូតូ​៨​គ្រឿង​ អាគក​២​ក្បាល​ និង​ស៊ុម​មាន់​២​ ត្រូវ​បាន​ឃាត់​ទុក ។​

ការ​បង្ក្រាប​សង្វៀន​បញ្ជល់​មាន់​​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២ មីនា​ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​​ នៅ​ផ្ទះ​របស់​ឈ្មោះ​ សាង​ សុធារី​ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​ នៅ​ភូមិ​តា​ស្អាង ឃុំ​កំពង់​ចម្លង​ ស្រុក​ស្វាយ​ជ្រំ ។​

បើ​តាម​មន្ដ្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចម្លង​ឱ្យ​ដឹង​ថា​ ផ្ទះ​ខាង​លើ​បើក​សង្វៀន​បញ្ជល់​មាន់​ជិត​១​ខែ​មក​ហើយ​ តាម​រូបភាព​យក​មាន់​ជល់​១​គូ​ ឬ​២​គូ​មក​ផ្គូ​ផ្គង​​បញ្ជល់​ភ្នាល់​ដាក់​ប្រាក់​ ដែល​មាន​អ្នក​មក​លេង​ភ្នាល់​ចាប់​ពី​១០​នាក់​ទៅ​២០​នាក់​ គឺ​គ្រាន់​តែ​បញ្ជល់តាម​ម្លប់​ឈើ ឬ​ក្រោម​ផ្ទះ ។​ ពេល​ណា​ដឹង​ថា​ សមត្ថ​កិច្ច​ចុះ​បង្ក្រាប​ ពួកគេ​ក្រុង​មាន់​ទុក​ក្រោម​ផ្ទះ​ ហើយ​នាំ​​គ្នា​ជិះ​ម៉ូតូចេញ​ ឬ​នាំគ្នា​អង្គុយ​​ផឹក​ស៊ី​ដូច​គ្មាន​អ្វី​កើត​ឡើង​ ។​

មន្ត្រី​នគរ​បាល​ឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​​បាន​រាយ​ការណ៍​ពេល​រៀបចំ​បញ្ជល់​មាន់​ ទើប​សមត្ថ​កិច្ច​ចុះ​ទៅបង្ក្រាប​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ​ ចាត់​ការ​តាម​នីតិវិធី ។​ លោក​គ្រូ​ពេទ្យ​ម្នាក់​មាន​ប្រសាសន៍​ថា​ រូបគាត់​ត្រូវ​​មិត្ត​ភក្តិ​ទូរស័ព្ទ​ហៅ​ឱ្យ​ទៅ​ពិនិត្យ​ជំងឺ​ប្រពន្ធ​ឈឺ​នៅ​ជិត​ចំណុច​ខាង​លើ​ ហើយ​ឃើញ​គេ​នៅ​ជុំៗ​ ស្រាប់​តែ​រត់​ប្រសេច​ប្រសាច​ ក៏​ឈប់​ម៉ូតូ​មើល​ ស្រាប់តែត្រូវ​សមត្ថ​កិច្ច​ហៅ​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ រួច​​នាំ​ខ្លួន​ទៅ​កាន់​អធិការ​ដ្ឋាន​ស្រុក​ស្វាយ​ជ្រំ​ទៀត​ ។ ការ​ពិត​គាត់​ពុំ​បាន​ទៅ​លេង​នោះទេ​ រី​ឯ​អ្នក​បញ្ជល់​មាន់​ពិត​ប្រាកដ​នាំ​គ្នា​រត់​គេច​ខ្លួន​បាត់​អស់​ហើយ គឺចាប់​បាន​តែ​អ្នក​ទៅ​ឈ​រមើល​ ។​

ស្ត្រី​ម្នាក់​ជា​ម្ចាស់​ផ្ទះ​ឈ្មោះ​ សាង សុធារី​ អាយុ​៤៣​ឆ្នាំ​ និយាយ​ថា​ រូបគាត់​២​នាក់​ប្តី​ប្រពន្ធ​មិនបាន​នៅ​ផ្ទះ​ទេ​ គឺ​ឌុបគ្នាទៅ​ផ្សារ​ស្វាយ​រៀង​ ដើម្បី​ទិញ​ម្ហូប​ ស្រាប់​តែ​អ្នក​ជិត​ខាង​ទូរ​ស័ព្ទ​ប្រាប់​ថា​ នគរ​បាល​ចូល​ចាប់​យក​មាន់​ទៅ​ប៉ុស្តិ៍​ ក៏​ទៅ​តាម​សាក​សួរ​ ។​ ប៉ុន្តែ​អ្នក​ជិត​ខាង​កន្លែង​កើត​ហេតុ​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ប្រាប់​ថា កន្លង​ម​ក​ផ្ទះ​នេះ​ធ្លាប់​យក​មាន់​មក​ផ្គូ​ផ្គង​ និង​ឡាំ​(បញ្ជល់​មាន់​)​រួច​គេ​យក​មាន់​ជល់​នេះ​ទៅ​បញ្ជល់នៅ​កាស៊ីណូ​ឯ​ព្រំ​ដែន​ គឺ​ជា​កន្លែង​លក់​ទិញ​មាន់​ជល់​ ។​ ពេល​សមត្ថ​កិច្ច​ចុះ​មក​បង្ក្រាប​នេះ ពុំ​ទាន់​បាន​បញ្ជល់​ ឬ​ឡាំ​ទេ គឺទើប​នឹង​ផ្គូ​ផ្គង​ហើយ​ម្ចាស់​ផ្ទះ​ក៏​អត់​នៅ​ដែរ​ ។​​ ពេល​ផ្គូ​ផ្គង​មាន​់​មាន​អ្នក​មក​ឈរ​មើល​ប្រមាណ​ជា​២០​នាក់​ ដែលមាន​ទាំង​ប៉េ​អឹម​ និង​នគរ​បាល​​មក​ឈរ​មើល​ដែរ​ ក៏​ប៉ុន្តែ​ពេល​បង្ក្រាប​ ​ចាប់​តែ​ប្រជា​ពល​រដ្ឋ​ ឯប៉េអឹម​​ និង​នគរ​បាល​ដូច​គ្នា​​បែរ​ជា​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​តាម​សម្រួល​ ។

ទាក់​ទិន​នឹង​ករណី​ខាង​លើ​ លោក​អនុ​សេនីយ៍​ទោ​ ម៉ៅ សុខុន​ អធិ​ការ​រង​នគរ​បាល​ស្រុក​ស្វាយ​ជ្រំ​ មាន​ប្រសាសន៍​ថា​ អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​គ្រាន់​តែ​អប់​រំ​ និង​ធ្វើ​កិច្ច​សន្យា​រួច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​​ហើយ​ ៕

រាជធានីភ្នំពេញ ៖ ទីតាំង​បញ្ជល់​មាន់​លួច​លាក់​​មួយ​កន្លែង​​​ ត្រូវ​បាន​នគរ​បាល​ខណ្ឌ​ឫស្សី​កែវ​ ចុះ​បង្ក្រាប​​ និង​ឃាត់​ខ្លួន​ក្រុម​អ្នក​ញៀន​ភ្នាល់​បញ្ជល់​មាន់​បាន​​ចំនួន​៤​នាក់​ ដក​ហូត​ម៉ូតូ​៧​គ្រឿង​​​ និង​រថយន្ត​ម៉ាក​ទីកូ​១​គ្រឿង​​​ ព្រម​ទាំង​អាគក​​​ចំនួន​៧​ក្បាល​ និង​ខ្នាយ​ត​ចំនួន​៣ ។ ការ​បង្ក្រាប​សង្វៀន​បញ្ជល់​មាន់​នេះ​ ធ្វើ​ឡើង​កាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១ មីនា នៅ​ក្នុង​ព្រៃ​កណ្តាល​ដីឡូត៍​មួយ​កន្លែង​​​ ខាង​ត្បូង​​ផ្លូវ​ចូល​ហ្គ្រេន​ភ្នំពេញ​ ស្ថិត​ក្នុង​​សង្កាត់​ច្រាំង​ចំរេះ​​ទី១ ខណ្ឌ​​ឫស្សី​កែវ​ ។

​ក្រុម​​អ្នក​​​​ដែល​ត្រូវ​ឃាត់​ខ្លួន​មាន​ ១-​ឈ្មោះ បាន​ ឡី ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជា​កម្ម​ករ​​រោង​ចក្រ​ ស្នាក់នៅ​​​ផ្ទះ​ជួល​ ក្នុង​សង្កាត់​​​បឹង​កក់​​ទី​១ ខណ្ឌ​ទួល​គោក​​​ ២-​ឈ្មោះ វ៉ាន់​ អឿង​ អាយុ​៣០​ឆ្នាំ​ ជា​ជាង​ម៉ូតូ​ មាន​ទី​លំនៅ​​ផ្ទះ​លេខ​៣៣​ ផ្លូវ​លេខ​២០២​ សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក​​ ៣-​ឈ្មោះ ជឿង យ៉ាំងតាយ អាយុ​៤២​ឆ្នាំ ស្នាក់​នៅ​​ផ្ទះ​ជួល​ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​​ ខណ្ឌ​មាន​ជ័យ​ និង​៤-​ឈ្មោះ តាម៉េវ​ ហៅតាបាវ​ អាយុ​៥៤​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​កៀន​ឃ្លាំង​ សង្កាត់​ព្រែក​លៀប ខណ្ឌ​ឫស្សី​កែវ​ ។

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា​​ ទីតាំង​បញ្ជល់​មាន់​នេះ​​បាន​បើក​លេង​លួច​លាក់​នៅ​ក្នុង​ព្រៃ​ដី​ឡូត៍​ទុក​ចោល​ខាង​លើ​​ជាយូរ​មក​ហើយ​​​ ហើយ​មាន​​ឧត្តម​សេនីយ៍​យោធា​​ដែល​ចូល​​ចិត្ត​លេង​មាន់​ម្នាក់​នៅ​កាង​ ។ ក្រៅ​ពី​នោះ​​ ក៏​មាន​កង​កម្លាំង​សមត្ថ​កិច្ច​​មួយ​ចំនួន​នាំ​គ្នា​ចូល​ទៅ​លេង​យ៉ាង​សប្បាយ​ផង​ដែរ ។

​​តាម​ព័ត៌​មាន​បន្ត​ទៀត​ថា នៅ​​មុន​ពេល​ចុះ​បង្ក្រាប​ មាន​ក្រុម​អ្នក​ញៀន​ល្បែង​ប្រមាណ​៥០​នាក់​នាំ​គ្នា​យក​មាន់​ទៅ​​បញ្ជល់​ដែល​មាន​ម៉ូតូ ​និង​រថយន្ត​ត្រៀប​ត្រា ។ ខណៈ​នោះ​​នគរ​បាល​ខណ្ឌ​ឫស្សី​​កែវ​​ មាន​គ្នា​ប្រមាណ​១៣​នាក់​ គិត​​ទាំង​កម្លាំង​បង្កប់​ផង​​បាន​​ឆ្មក់​ចូល​បង្ក្រាប​ ធ្វើ​ឱ្យ​ក្រុម​អ្នក​បញ្ជល់​មាន់​រត់​ប្រសាច​​​ និង​ចាប់​បាន​តែ​៤​នាក់​ ។ ទោះបី​​ជាយ៉ាង​ណា​ មាន​ការ​រិះ​គន់​ថា នេះសមត្ថ​កិច្ច​គ្រាន់តែបង្អើល​ប៉ុណ្ណោះ​ ព្រោះ​បើ​​មាន​ចេតនា​បង្ក្រាប​​ គឺ​អាច​បាន​ច្រើន​ជាង​នេះ​​​​ យ៉ាង​ហោច​ណាស់​សមត្ថ​កិច្ច​ម្នាក់​ ក៏ចាប់​បាន​ម្នាក់​ដែរ​ ។ អ្វី​ដែល​​គួរ​​ឱ្យ​ចាប់​​អារម្មណ៍​​​នោះ គឺ​​ពេល​ដក​ហូត​​មាន់​ជល់​ទាំង​៧​ក្បាល​​​​​យក​ទៅ​​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​​ ត្រូវបាន​គេ​ដូរ​យក​មាន់​ជល់​ថ្លៃៗ​ទៅ​បាត់​អស់​ ទុក​មាន់​សម្ល​ជំនួស​វិញ​​​ ហើយ​ត្រូវ​នគរ​បាល​យក​​ស្ងោរ​ជ្រក់​អស់​១​ក្បាល ។ ចំណែក​អ្នក​បញ្ជល់​មាន់​​ ត្រូវ​នគរ​បាល​ដោះ​លែង​ម្នាក់​ នៅ​សល់​៣​នាក់​ប៉ុណ្ណោះ ៕

ខេត្ត​កំពង់​ចាម​ ៖ សង្វៀន​បញ្ជល់​មាន់​លួច​លាក់​មួយ​នៅ​ខាង​ក្រោយ​ផ្ទះ​បុរស​ឈ្មោះ​ សែម​ ខេង​ អាយុ​៤៧​ឆ្នាំ​ នៅ​ក្នុង​ភូមិ​ពោធិ​ឥន្ទ​ទី​១​ ឃុំ​កោង​កាង​ ស្រុក​ពញា​ក្រែក​ ត្រូវ​បាន​សមត្ថ​កិច្ច​ឆ្មក់​បង្ក្រាប​ កាល​ពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៧​ កុម្ភៈ​ ។ នៅ​ក្នុង​ការ​បង្ក្រាប​នេះ​ សមត្ថ​កិច្ច​រឹប​អូស​ម៉ូតូ​ចំនួន​៦​គ្រឿង​ ក្នុង​នោះ​ម៉ូតូ​វ៉េវ​៤​គ្រឿង​ និង​ម៉ូតូ​សេដេ​ ២​គ្រឿង​ រីឯ​អ្នក​ញៀន​ល្បែង​បញ្ជល់​មាន់​នាំ​គ្នា​រត់​គេច​ខ្លួន​អស់​ ។​

លោក​វរសេនីយ៍​ត្រី​ ប្រាក់​ ប៊ុន​ណុន​ អធិ​ការ​នគរ​បាល​ស្រុក​ពញា​ក្រែក​ ឱ្យ​ដឹង​ថា​ អ្នក​ដែល​ញៀន​នឹង​ល្បែង​បញ្ជល់​មាន់​ ពី​មុន​ធ្លាប់​នាំ​គ្នា​ទៅ​លេង​នៅ​តាម​កាស៊ីណួ​ នៅ​ច្រក​ទ្វារ​ត្រពាំង​ផ្លុង​ ជាប់​ព្រំ​ដែន​ប្រទេស​វៀត​ណាម​ តែ​ដោយ​សារ​ចាញ់​ខ្លាំង​ពេក​ មិន​មាន​លុយ​លេង​ធំៗ​ ក៏​បែក​គំនិត​ណាត់​គ្នា​លេង​ម្តង​ត្រង់​នេះ​ ម្តង​ត្រង់​នោះ​ នៅ​ក្នុង​ឃុំ​កោង​កាង​ ស្រុក​ពញា​ក្រែក​ ។​

លោក​អធិការ​ឱ្យ​ដឹង​ទៀត​ថា​ មុន​នឹង​បញ្ជល់​មាន់​ គឺ​ក្រុម​អ្នក​លេង​បាន​ណាត់​ជួប​គ្នា​នៅ​តាម​ហាង​កាហ្វេ​ជាមុន​សិន​ រួច​បន្ទាប់​មក​យក​មាន់​គក​ដាក់​ក្នុង​កន្ត្រក​ម៉ូតូ​ម្នាក់​១ក្បាល​ យក​ទៅ​លេង​នៅ​ក្នុង​ព្រៃ​ចម្ការ​របស់​ប្រជា​ពល​រដ្ឋ​ ។​ សកម្ម​ភាព​លេង​ល្បែង​បញ្ជល់​មាន់​នេះ​ កើត​មាន​ជា​ច្រើន​ខែ​មក​ហើយ​ ហើយ​ពេល​ស្រាវ​ជ្រាវ​ដឹង​ រូប​លោក​បាន​សុំ​គោល​ការណ៍​ពី​លោក​ឧត្តម​សេនីយ៍​ត្រី​ បែន​ រ័ត្ន​ ស្នង​ការ​នគរ​បាល​ខេត្ត​ ដើម្បី​ចុះ​បង្ក្រាប​ជា​បន្ទាន់​ នា​ព្រឹក​ថ្ងៃ​ទី​២៧​   កុម្ភៈ ។​ ពេល​ដែល​កង​កម្លាំង​ជា​ច្រើន​នាក់​ទៅ​ពី​ចម្ងាយ​ ប្រជា​ពល​រដ្ឋ​ រួម​នឹង​អ្នក​ញៀន​ល្បែង​ឃើញ ដែល​មាន​រហូត​ដល់​រាប់​សិប​នាក់​ ក៏​នាំ​គ្នា​រត់​ប្រសេច​ប្រសាច​ គេច​ខ្លួន​បាត់​អស់​ ។​ អ្នក​ខ្លះ​បាន​ឱប​មាន់​រត់​យក​ទៅ​ជាមួយ​ថែម​ទៀត​ និង​បន្សល់​ទុក​តែ​ម៉ូតូ​ចំនួន​៦​គ្រឿង​ប៉ុណ្ណោះ​ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ ។​

លោក​វរសេនីយ៍​ត្រី​ ប្រាក់​ ប៊ុន​ណុន​ ឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ កុម្ភៈ​ រូប​លោក​កោះ​ហៅ​ម្ចាស់​ផ្ទះ​ឈ្មោះ​ សែម​ ខេង​ មក​ធ្វើ​កិច្ច​សន្យា​មិន​អនុញ្ញាត​ឱ្យ​លេង​បន្ត​ទៀត​ទេ​ ប្រសិន​ណា​នៅ​តែ​ផ្គើន​នោះ​ នឹង​ចាត់​វិធាន​ការ​ទៅ​តាម​ច្បាប់​ ។​ ក្នុង​គោល​នយោ​បាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិ​ភាព​ ត្រូវ​តែ​លុប​បំបាត់​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ ព្រោះ​វា​ជា​ប្រភព​បង្កើត​ឱ្យ​មាន​អំពើ​ចោរ​កម្ម​ លួច​ ប្លន់​ ៕