តាមប្រភពព័ត៌មាន AFP ផ្សាយកាលពីថ្ងៃទី២ មីនា ថា តុលាការក្រុងឡូសអេនចឺឡេស សហរដ្ឋអាមេរិក បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី២៨ កុម្ភៈ កន្លងមក ដោយដាក់ទោសដល់លោកម៉ៃឃើល ចូសេហ្វ ប៉េប៉េ អតីតទ័ពម៉ារីន ជនជាតិអាមេរិក ឱ្យជាប់ពន្ធនាគាររយៈពេល២១០ឆ្នាំ ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីជនជាតិកម្ពុជា ចំនួន៧នាក់ ដែលមានអាយុចាប់ពី៩ឆ្នាំ ទៅ១៥ឆ្នាំ ខណៈពេលដែលលោកប៉េប៉េ កំពុងបម្រើការជាគ្រូបង្រៀនក្នុងរាជធានីភ្នំពេញ ហើយក្រោយមកត្រូវប៉ូលិសចាប់ខ្លួននៅក្នុងខែមិថុនា ឆ្នាំ២០០៦ ។
លោកម៉ៃឃើល ចូសេហ្វ ប៉េប៉េ បានជាប់ចោទថា បានចំណាយប្រាក់ដល់អ្នករកកម្រៃជើងសាឱ្យរកក្មេងស្រីឱ្យរូបគាត់ ។ ក្រុមចៅក្រមក្នុងក្រុងឡូសអេនចឺឡេស បានសម្រេចថា លោកមានកំហុសពិតតាមបណ្តឹងកាលពីឆ្នាំ២០០៨ ប៉ុន្តែតុលាការទើបកំណត់ដាក់ទោសកាលពីថ្ងៃទី២៨ កុម្ភៈ កន្លងទៅនេះ ព្រោះមានរឿងក្តីដូចគ្នានេះជាច្រើនករណី ពីបទចោទប្រកាន់សេពសន្ថវៈជាមួយក្មេងស្រី តាមរយៈការស៊ើបអង្កេតរបស់មន្ត្រីអាមេរិក និងអ្នកបកប្រែកម្ពុជា ។
លោកដេល ហ្វិចឆ័រ ចៅក្រមក្នុងតុលាការអាមេរិក ជាអ្នកទទួលខុសត្រូវក្នុងរឿងក្តីខាងលើ បានថ្លែងថា លោកបានសម្រេចដាក់ពន្ធនាគារដល់ចុងចោទក្នុងកម្រិតខ្ពស់៣០ឆ្នាំ ទៅតាមច្បាប់ដែលបានកំណត់ទាំង៧ករណី ព្រោះអតីតទាហានម៉ារីនរូបនេះ មិនបានបង្ហាញពីការប្រព្រឹត្តខុសរបស់ខ្លួននោះទេ ។
ស្របពេលជាមួយគ្នានេះដែរ លោកហ្វិចឆ័រ បានបង្គាប់ឱ្យលោកប៉េប៉េ បង់ប្រាក់ចំនួន២៤៧.០០០ដុល្លារ ដល់អង្គភាពជាច្រើននៅកម្ពុជា ដែលបានថែរក្សាដល់ក្មេងស្រីរងគ្រោះ ពីការយកប្រាក់ចូលនិវត្តន៍របស់ចុងចោទ ទៅចំណាយលើករណីនេះ ៕
ចែករំលែកព័តមាននេះ