ខេត្តពោធិ៍សាត់ ៖ មហាសោកនាដកម្មជាថ្មីទៀតកើតឡើងលើផ្លូវជាតិលេខ៥ ចំនួន៣លើក បង្កឱ្យមានអ្នកស្លាប់៧នាក់ និងផ្លូវជាតិលេខ២១B ក្នុងខេត្តកណ្ដាលមួយលើកស្ត្រីម្នាក់ត្រូវរថយន្តដឹកស៊ីទែនប្រេងកិនខ្ទេចមួយកំណាត់ខ្លួនចុះក្រោមស្លាប់ក្នុងថ្លុកឈាមគួរឱ្យញាក់សាច់ ដែលករណីទី១ អ្នកជិះម៉ូតូឌុបគ្នា៣នាក់ ខ្លះបែកក្បាលធ្លាយខួរ បាក់ក បាក់ដៃ និងបាក់ភ្លៅបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈពេលបុកជាមួយរថយន្តFUSOមួយគ្រឿងដែលបើកបញ្ច្រាសទិសគ្នា ។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន កាលពីថ្ងៃទី១ មីនា វេលាម៉ោង៧យប់ ។
លោក សំ សុផាន់ណា ប្រធានផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកបាកាន ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង៣នាក់១-ឈ្មោះណុប ប៊ុនធឿន ភេទប្រុស អាយុ២៤ឆ្នាំ ២-ឈ្មោះធីម រិទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ ទាំងពីរនាក់រស់នៅភូមិស្រករ ឃុំបឹងខ្នារ និង៣-ឈ្មោះហាក់ ឌុំ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារអណ្ដែត ឃុំត្រពាំងជង ស្រុកបាកាន ។ នៅយប់នោះពួកគេទាំង៣នាក់ ជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅស៊េរី២០១៣ ពាក់ស្លាកលេខពោធិ៍សាត់1D-4393 ធ្វើដំណើរពីលិចទៅកើត ពេលទៅដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តមួយគ្រឿងម៉ាកFUSOពណ៌ខៀវ ពាក់ស្លាកលេខកំពង់ធំ3A-0729 ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាហើយក្នុងល្បឿនលឿនដូចគ្នាទៀតបណ្ដាលឲ្យមនុស្សទាំង៣នាក់និងម៉ូតូប៉ើងធ្លាក់ទៅខាងត្បូងផ្លូវ ខ្លះបែកក្បាលធ្លាយខួរ បាក់ក និងបាក់ដៃជើងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ បន្ទាប់ពីបុកគ្នារួចរថយន្តFUSOបានបើករត់ទៅឈប់នៅលើផ្លូវលំមួយកន្លែងស្ថិតក្នុងឃុំបឹងខ្នារ រួចអ្នកបើកបរមិនស្គាល់ឈ្មោះគេចខ្លួនបាត់ ។
មន្ត្រីនគរបាលចរាចរផ្លូវគោកស្រុកបាកានបានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយសារតែរថយន្តFUSO ឡើងជែងរថយន្តមួយគ្រឿងទៀតរំលោភគំនូសកណ្ដាលចូលទៅចំណែកផ្លូវម្ខាងធ្វើឲ្យអ្នកជិះម៉ូតូឌុបគ្នាទាំង៣នាក់ដែលកំពុងបោះពួយដូចហោះមកពីមុខគេចទៅណាមិនទាន់ក៏បុកយ៉ាងពេញទំហឹងខ្ចាយព្រោងតែម្ដង ។
រថយន្តនិងម៉ូតូយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីដោះស្រាយទៅតាមច្បាប់ ។ រីឯសពទាំង៣នាក់ ក្រុមគ្រួសារបានយកទៅធ្វើបុណ្យនៅតាមគេហដ្ឋានរៀងខ្លួន ។
ខេត្តកំពង់ឆ្នាំង៖ ឧបទ្ទវហេតុដ៏ញាក់សាច់មួយបង្កឱ្យមនុស្ស២នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតបានស្លាប់ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈពួកគាត់ទាំង៣នាក់ជិះម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ កុម្ភៈ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចសួនច្បារនិមិត្តសញ្ញារូបឆ្នាំង ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
មន្ត្រីប៉ូលិសចរាចរក្រុងកំពង់ឆ្នាំងបាននិយាយថា មូលហេតុដែលម៉ូតូទាំង២គ្រឿងបុកគ្នាបណ្ដាលឱ្យមានមនុស្សស្លាប់៣នាក់នេះ គឺមិនបានដឹងច្បាស់នោះទេ គ្រាន់តែដឹងថា ពួកគេជិះម៉ូតូបញ្ច្រាសទិសគ្នា ដែលម៉ូតូមួយគ្រឿងម៉ាកឌ្រីម១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1F-2465 ជិះគ្នា២នាក់ ម្នាក់ឈ្មោះព្រីន ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះផាយ ឆោវ័ន្ត អាយុ២០ឆ្នាំ ។ យុវជនទាំង២នាក់មានលំនៅភូមិល្វា ឃុំរំពារ ស្រុកកំពង់លែង និងមួយគ្រឿងទៀតម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1H-3669 ជិះដោយឈ្មោះហ៊ាន សុផល អាយុ២០ឆ្នាំ ជាសន្ដិសុខរោងចក្រ មានលំនៅភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះដែលជិះម៉ូតូឌ្រីម២០១០មានគ្នា២នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូឌ្រីម២០០៥ ជិះម្នាក់ឯងក្នុងដំណើរបញ្ច្រាសទិសគ្នាយ៉ាងលឿនដូចគ្នាបានរេចង្កូតមកឆ្វេងដៃដែលតាមការសន្និដ្ឋានរបស់ប៉ូលិសសង្ស័យបត់ចូលសួនច្បារក៏បុកគ្នាពេញទំហឹងតែម្ដង ។ ក្នុងហេតុការណ៍សូម្បីតែមួកសុវត្ថិភាពដែលឈ្មោះហ៊ាន សុផល ពាក់ក៏មិនអាចការពារបានដែរ ដោយសារម៉ូតូទាំងពីរគ្រឿងបើកលឿនពេកធ្វើឱ្យគាត់ស្លាប់នៅនឹងកន្លែងរួមជាមួយយុវជនម្នាក់ទៀត ចំណែកយុវជនម្នាក់បានស្លាប់ពេលដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះជនរងគ្រោះទាំង៣នាក់សុទ្ធតែជាអ្នកស្រុកកំពង់លែង និងមានផ្ទះជិតៗគ្នា ហើយជិះម៉ូតូពាក់ស្លាកលេខកណ្ដាលដូចគ្នាទៀត ។ វត្ថុតាងសមត្ថកិច្ចយកទៅកសាងសំណុំរឿងដោះស្រាយតាមច្បាប់ ។
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីចំណាស់ម្នាក់បានបាក់កស្លាប់ភ្លាមៗទាំងអាក្រាតកាយ ដោយសាររថយន្តកូរ៉ូឡាបុកបើុងដូចសី ។ បន្ទាប់មករថយន្តក្រឡាប់បោកខ្លួនផ្ទប់បង្គោលភ្លើងបង្កឱ្យទុស្សេផ្តាច់ចរន្តភ្លើងងងឹត៣ខេត្តអស់រយៈពេលជិត២ម៉ោង ។ ចំណែកអ្នកបើកបររថយន្តនិងអ្នករួមដំណើររងរបួសធ្ងន់-ស្រាលចំនួន៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ ។ គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៨ កុម្ភៈ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ។
លោកវរសេនីយ៍ត្រី ឆេង អីុសុខា អធិការនគរបាលស្រុកអូរជ្រៅ បានឱ្យដឹងនៅព្រឹកថ្ងៃទី១ មីនា ថា ស្ត្រីរងគ្រោះឈ្មោះយន សុខឿន ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិសុរិយា ឃុំកូប ស្រុកអូរជ្រៅ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបររថយន្តឈ្មោះអ៊ូ ទិត្យាភក្តី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី រងរបួសស្រាល បើកបររថយន្តម៉ាកកូរ៉ូឡា ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ២B-០៤៦១ ។ ចំណែកអ្នករួមដំណើរ៣នាក់ -១ឈ្មោះធៀវ គឿ ភេទប្រុស អាយុ៣២ឆ្នាំ របួសធ្ងន់ ២-ឈ្មោះនេត ស៊ីន ភេទប្រុស អាយុ២៨ឆ្នាំ របួសស្រាល ៣-ឈ្មោះឃុន ឆាត ភេទប្រុស អាយុ៤០ឆ្នាំ របួសធ្ងន់ អ្នកទាំង៤មានលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
លោកអធិការនគរបាលស្រុកអូរជ្រៅបញ្ជាក់ថា តាមការបំភ្លឺពីអ្នកបើកបររថយន្តក៏ដូចអ្នករួមដំណើរបាននិយាយថា រថយន្តបើកមកពីលិចទៅកើត ពេលមកដល់ចំណុចខាងលើមានរថយន្ត១គ្រឿងផ្សេងទៀតបើកបរបញ្ច្រាសទិសគ្នា បើកភ្លើងហ្វាឡាស៊ែរ បាញ់សំដៅមកធ្វើឱ្យចាំងភ្នែក មើលអ្វីមិនយល់ ។ ពេលនោះអ្នកបើករថយន្តកូរ៉ូឡាទាញចង្កូតគេចទៅខាងស្តាំ មើលមិនឃើញស្ត្រីជិះកង់ក៏បុកពីក្រោយទាំងកំរោលផ្លោងស្ត្រីនោះទៅលើចិញ្ចើមផ្លូវដួលបាក់កស្លាប់មួយរំពេច។ បន្ទាប់មករថយន្តជ្រុលធ្លាក់ចិញ្ចើមផ្លូវក្រឡាប់ទៅបោកខ្លួនជាប់បង្គោលភ្លើង ដែលតចរន្តអគ្គិសនីចេញពីប្រទេសថៃ បណ្តាលឱ្យទ្រេត ហើយទុស្សេផ្តាច់ចរន្តអគ្គិសនីចំនួន៣ខេត្ត គឺខេត្តបន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង ឱ្យងងឹតសូន្យសុង ។ ប៉ុន្តែការដាច់ចរន្តភ្លើងនេះតែរយៈពេលជិត២ម៉ោងប៉ុណ្ណោះ ត្រូវមន្ត្រីអគ្គិសនីតភ្ជាប់បណ្តាញឱ្យប្រើប្រាស់ដំណើរការធម្មតាឡើងវិញ ។
លោកអធិការបានបញ្ជាក់តាមសម្តីសាក្សីនៅកន្លែងកើតហេតុថា មុនពេលកើតហេតុស្តីរងរងគ្រោះជិះកង់មកពីយកបាយឱ្យប្តីដែលធ្វើផ្ទះថ្មី ពេលជិះកង់ត្រឡប់មកផ្ទះចាស់វិញក៏ជួបរឿងអកុសលគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតគួរឱ្យសង្វេគ ។ ក្រោយពីកើតហេតុរថយន្តនិងកង់ រួមទាំងអ្នកបើកបរសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក រៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ សពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ខេត្តកណ្ដាល ៖ ដោយឡែកមួយករណីទៀត រថយន្តដឹកសីុទែនប្រេងបើកជែងមិនប្រយ័ត្នជ្រុលទៅកៀរស្ត្រី២នាក់ជិះម៉ូតូឌុបគ្នាបណ្ដាលឱ្យខ្ទាតស្ត្រីបើកម៉ូតូចូលក្រោមរថយន្តកិនខ្ទេចខ្លួនត្រឹមចង្កេះចុះក្រោម ឯស្ត្រីជិះក្រោយរួចជីវិតតែរងរបួសធ្ងន់ ។ គ្រោះថ្នាក់ដ៏អាក្រក់នេះកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីថ្ងៃទី២៨ កុម្ភៈ លើកំណាត់ផ្លូវជាតិលេខ២១B ស្ថិតនៅក្នុងភូមិស្វាយតាមេឃ ឃុំកោះធំខ ស្រុកកោះធំ ។
ស្ត្រីរងគ្រោះដល់ជីវិតឈ្មោះសាន់ មួយឡេង អាយុ៤៨ឆ្នាំ និងអ្នករបួសធ្ងន់ឈ្មោះសាន់ មួយលី អាយុ៤២ឆ្នាំ ទាំងពីរនាក់ជាបងប្អូនបង្កើតនឹងគ្នាជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពាក់ស្លាកលេខ1F-3956 ។ ពួកគាត់រស់នៅក្រុងតាខ្មៅ ។ ចំណែកអ្នកបើកបររថយន្តដឹកស៊ីទែនប្រេងឈ្មោះវ៉ា បុល អាយុ៣២ឆ្នាំ ជាអ្នកបើកបររថយន្តដឹកស៊ីទែនប្រេងម៉ាកអីុស៊ុយហ្ស៊ុយ ពាក់ស្លាកលេខភ្នំពេញ3C-1636 ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូនិងរថយន្តបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ដោយរថយន្តបើកបរធ្វើដំណើរលើផ្លូវជាតិលេខ២១B ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ពេលធ្វើដំណើរមកដល់ចំណុចខាងលើរថយន្តដឹកស៊ីទែនប្រេងនោះ បានបើកជែងរថយន្តមួយគ្រឿងផ្សេងទៀតក៏ជ្រុលទៅកៀរម៉ូតូស្មាសវី ជិះដោយស្ត្រី២នាក់ ពេលនោះធ្វើឱ្យស្ត្រីបើកម៉ូតូខ្ទាតចូលក្រោមកង់រថយន្តត្រូវកិនខ្ទេចមួយកំណាត់ខ្លួនចុះក្រោម ស្លាប់ក្នុងថ្លុកឈាមមួយរំពេច ចំណែកស្ត្រីជាប្អូនដែលជិះពីក្រោយរបួសបាក់ជើងបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
បន្ទាប់ពីកិនមនុស្សឱ្យស្លាប់ហើយ រថយន្តមិនបានឈប់ទេ ប្រឹងព្យាយាមបើករត់បានចម្ងាយប្រហែល១គីឡូម៉ែត្រ ទើបសមត្ថកិច្ចតាមក្របួចបានទាំងរថយន្តនិងអ្នកបើកបរបញ្ជូនទៅតុលាការ ៕
ចែករំលែកព័តមាននេះ