ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​​​ធ​រ​​ទប់​​ស្កាត់​​ពល​​រដ្ឋ​​​​សម្រុក​​​​សង់​​​លំនៅ​ឋាន​​​​​លើ​​ដី​ទំនាស់​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ អាជ្ញា​ធរ​ខេត្ត​ បាន​ដឹក​នាំ​កង​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ជា​ច្រើន​នាក់​ ចុះ​ទៅ​ហាម​ឃាត់​មិន​ឱ្យ​ប្រជា​ពល​រដ្ឋ​បន្ត​សាង​សង់​លំនៅ​ឋាន​នៅ​លើ​ដី​ទំនាស់​មួយ​កន្លែង​ ។​ ប្រតិបត្តិ​ការ​នេះ​ ពុំ​បាន​បង្ក​ទៅ​ជា​ហិ.ង្សា​អ្វី​រវាង​គ្នា​នឹង​គ្នា​ទេ​ ដោយ​អាជ្ញា​ធរ​បាន​កោះ​ហៅ​តំណាង​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​មក​ជួប​ចរចា​គ្នា​ នៅ​កន្លែង​ដី​ទំនាស់​ ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​នីតិ​វិធី​ច្បាប់​ ហើយ​សន្យា​ដោះ​ស្រាយ​

ខេត្ត​ប៉ៃលិន​ ៖ អាជ្ញា​ធរ​ខេត្ត​ បាន​ដឹក​នាំ​កង​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ជា​ច្រើន​នាក់​ ចុះ​ទៅ​ហាម​ឃាត់​មិន​ឱ្យ​ប្រជា​ពល​រដ្ឋ​បន្ត​សាង​សង់​លំនៅ​ឋាន​នៅ​លើ​ដី​ទំនាស់​មួយ​កន្លែង​ ។​ ប្រតិបត្តិ​ការ​នេះ​ ពុំ​បាន​បង្ក​ទៅ​ជា​ហិង្សា​អ្វី​រវាង​គ្នា​នឹង​គ្នា​ទេ​ ដោយ​អាជ្ញា​ធរ​បាន​កោះ​ហៅ​តំណាង​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​មក​ជួប​ចរចា​គ្នា​ នៅ​កន្លែង​ដី​ទំនាស់​ ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​នីតិ​វិធី​ច្បាប់​ ហើយ​សន្យា​ដោះ​ស្រាយ​គ្នា​នៅ​ថ្ងៃ​ទី​១៥​ មីនា​ ខាង​មុខ​ ។​ ការ​ចុះ​ទៅ​ហាម​ឃាត់​នេះ​ បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១​ មីនា​ នៅ​ចំណុច​ដី​ព្រលាន​ក្នុង​ភូមិ​ភ្នំ​ក្រិញ​ ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ​ រហូត​មក​ដល់​ថ្ងៃ​ទី​២​ មីនា​ គេ​សង្កេត​ឃើញ​មាន​សមត្ថ​កិច្ច​មួយ​ចំនួន​នៅ​ឈរ​ជើង​ចាំ​ឃ្លាំ​មើល​មិន​ឱ្យ​ប្រជា​ពល​រដ្ឋ​សង់​ផ្ទះ​បន្ត​ទៀត​ ។​

ប្រភព​ព័ត៌​មាន​ពី​ប្រជា​ពល​រដ្ឋ​ដែល​សង់​ផ្ទះ​នៅ​លើ​ដី​ទំនាស់​នេះ​ និយាយ​ថា​ ដី​លំនៅ​ឋាន​ និង​ដី​ចម្ការ​ទំហំ​៩៥​ហិកតា​នេះ​ ត្រូវ​បាន​អាជ្ញា​ធរ​ភូមិ​-ឃុំ​ បែង​ចែក​ឱ្យ​ពួក​គាត់​កាន់​កាប់​តាំង​ពី​នៅ​ជា​ព្រៃ​ស្តុក​ នា​ឆ្នាំ​២០០០​មក​ម៉្លេះ​ ហើយ​រហូត​មក​ដល់​ឆ្នាំ​២០០៦​ ទើប​មាន​ទំនាស់​កើត​ឡើង​រវាង​ពួក​គាត់​ និង​អាជ្ញា​ធរ​ ។​ នៅ​ក្នុង​ឆ្នាំ​២០០៦​ អាជ្ញា​ធរ​ខេត្ត​ បាន​សម្រេច​ដក​ហូត​យក​ដី​ទំហំ​ជាង​២ពាន់​ហិកតា​ ដែល​ប៉ះ​ពាល់​ចំនួន​៤​ភូមិ​ ក្នុង​នោះ​មាន​ភូមិ​ទំនប់​ ភូមិ​អូរ​គន្ធា​វ៉ា​ ភូមិ​អន្លង់​រក្សា​ និង​ភូមិ​ភ្នំ​ក្រិញ​ ស្ថិត​ក្នុង​ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ​ ដោយ​ដាក់​ជា​សម្បត្តិ​របស់​រដ្ឋ​ (តំបន់​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ពិសេស​)​ ។​

ប្រភព​ព័ត៌​មាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​នោះ​ ខាង​អាជ្ញា​ធរ​ បាន​ឱ្យ​ប្រជា​ពល​រដ្ឋ​ទទួល​យក​ដី​ទំហំ​២០​ម៉ែត្រ​ គុណ​៥០​ម៉ែត្រ​ ក្នុង​មួយ​គ្រួសារ​ ។​ រីឯ​ក្រុម​ប្រជា​ពល​រដ្ឋ​ទាំង​១៩​គ្រួសារ​​ បាន​ទាម​ទារ​យក​ដី​ចម្ការ​ក្នុង​មួយ​គ្រួសារ​ចំនួន​៥​ហិកតា​ ដែល​ពួក​គាត់​ធ្លាប់​កាន់​កាប់​ និង​បង្ក​បង្កើន​ផល​តាំង​ពី​ឆ្នាំ​២០០០​រហូត​មក​ ។​ ទាក់​ទិន​នឹង​បញ្ហា​ចម្រូង​ចម្រាស​រវាង​ប្រជា​ពល​រដ្ឋ​ និង​អាជ្ញា​ធរ​នេះ​ ដោយ​សារ​មាន​ការ​តាន​តឹង​ក្នុង​ការ​ចរចា​គ្នា​ ទើប​អាជ្ញា​ធរ​បាន​ពន្យារ​ពេល​រហូត​ទៅ​ដល់​ថ្ងៃ​ទី​១៥​ មីនា​ ទើប​ដោះ​ស្រាយ​បន្ត​ទៀត​ ។​

ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ទៀត​ថា​ អាជ្ញា​ធរ​ខេត្ត​ បាន​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ មាន​មន្ត្រី​នគរ​បាល​ កង​រាជ​អាវុធ​ហត្ថ​ និង​ទាហាន​ជា​ច្រើន​នាក់​ ក្នុង​គោល​បំណង​ទៅ​រុះ​រើ​លំនៅ​ឋាន​របស់​ពួក​គាត់​ដែល​សាង​សង់​រួច​ប្រហែល​៥​ខ្នង​ ចេញ​ពី​ដី​មាន​ទំនាស់​ ។ ប៉ុន្តែ​ក្រុម​ប្រជា​ពល​រដ្ឋ​ជា​ម្ចាស់​ផ្ទះ​ បាន​នាំ​គ្នា​ចូល​កាន់​កាប់​ក្នុង​លំនៅ​ឋាន​នោះ​រៀងៗ​ខ្លួន​ ហើយ​ពួក​គាត់​បាន​ប្រើ​ពាក្យ​ថា​ បើ​ចង់​ចាប់​ ឬ​បាញ់​សម្លាប់​ ត្រូវ​មក​ចាប់​ទាំង​អស់​គ្នា​ទៅ​ ពួក​គាត់​សុខ​ចិត្ត​ស្លាប់​ និង​សុខ​ចិត្ត​ជាប់​ពន្ធនា​គារ​ ។​

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២​ មីនា​ កោះ​សន្តិ​ភាព​ បាន​ទាក់​ទង​ទៅ​ប្រជា​ពល​រដ្ឋ​នៅ​កន្លែង​ដី​មាន​ទំនាស់​នោះ​គឺ​ មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​បន្ត​ទៀត​ទេ​ គ្រាន់​តែ​មាន​សមត្ថ​កិច្ច​មួយ​ចំនួន​ឈរ​ចាំ​យាម​ដើម្បី​មិន​ឱ្យ​ប្រជា​ពល​រដ្ឋ​បន្ត​សាង​សង់​លំនៅ​ឋាន​បន្ថែម​ទៀត​ ហើយ​ប្រជា​ពល​រដ្ឋ​ក៏​ទ្រឹង​​រង់​ចាំ​ដំណោះ​ស្រាយ​ពី​ខាង​អាជ្ញា​ធរ​ឃុំ​ ស្រុក​ និង​ខេត្ត​ នា​ពេល​ខាង​មុខ​នេះ​ដែរ​ ។​

លោក​ អ៊ុន​ ប៊ុន​លី​ អភិបាល​ស្តីទី​ស្រុក​សាលា​ក្រៅ​ ឱ្យ​ដឹង​តាម​ទូរ​ស័ព្ទ​ថា​ នៅ​ថ្ងៃ​ទី​១​ មីនា​ ដែល​សមត្ថ​កិច្ច​ចុះ​ទៅ​បង្ក្រាប​នោះ​ ខាង​លោក​មិន​បាន​ទៅ​ចូល​រួម​ទេ​ ប៉ុន្តែ​លោក​បាន​ដឹង​ថា​ ដី​ដែល​មាន​ទំនាស់​ជា​ដី​ដែល​អាជ្ញា​ធរ​ខេត្ត​ប្រកាស​ជា​ដី​របស់​រដ្ឋ​ តាំង​ពី​ឆ្នាំ​២០០០​មក​ម៉្លេះ​ ។ ដី​នោះ​មាន​ចំនួន​ជាង​២ពាន់​ហិកតា​ ហើយ​អាជ្ញា​ធរ​ក៏​បាន​ប្រាប់​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ទីនោះ​ទាំង​អស់​ហើយ​ដែរ​ សូម​កុំទៅ​លូក​លាន់​ ឬ​រស់​នៅ​លើ​ដី​នោះ​បន្ត​ទៀត​ ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​នៅ​តែ​ទៅ​រស់​នៅ​លើ​ដី​នោះ​ជា​បន្ត​បន្ទាប់​ ទើប​មាន​រឿង​រ៉ាវ​ចម្រូង​ចម្រាស​កើត​ឡើង​ជា​ញឹក​ញាប់​ ។​

ជាក់​ស្តែង​នៅ​ថ្ងៃ​កើត​ហេតុ​ លោក​ដឹង​ថា​ មាន​កង​កម្លាំង​ចម្រុះ​ចុះ​ទៅ​កាន់​ដី​មាន​ទំនាស់​ជា​ច្រើន​នាក់​ តែ​មិន​មាន​ការ​ប្រើ​អំពើ​ហិង្សាដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ​ ដោយ​អាជ្ញា​ធរ​ហៅ​ប្រជា​ពល​រដ្ឋ​មក​ជួប​ចរចា​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕​