រាជធានីភ្នំពេញ ៖ ផ្ទះលក់គ្រឿងតុបតែងរថយន្ត (លក់បោះដុំនិងលក់រាយ) ស្ថិតនៅផ្លូវលេខ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២ មីនា បណ្តាលឱ្យឃ្លាំងស្តុករបស់របរ គ្រឿងរថយន្តនៅផ្នែកខាងក្រោយត្រូវភ្លើងឆេះរងការខូចខាតអស់ចំនួន២ខ្នង និងបណ្តាលឱ្យក្មួយប្រុសម្ចាស់ផ្ទះរងរបួសដោយសាររលាកភ្លើងនៅពេលព្យាយាមរត់ទៅយកធុងហ្គាសចេញ ។
គេពុំដឹងពីមូលហេតុពិតដែលនាំឱ្យឆេះនេះឡើយ ទោះបីជាយ៉ាងណាគេមានការសង្ស័យថា បណ្តាលមកពីទុស្សេខ្សែភ្លើងនៅពេលដែលម្ចាស់កំពុងដេកលក់ ។ បើតាមមន្ត្រីនគរបាលខណ្ឌទួលគោកឱ្យដឹងថា នៅយប់កើតហេតុភ្លើងបានឆាបឆេះចេញពីផ្ទះលេខ៣០ យីហោអីុវ ស៊ីវប៊ី ២៧ថ្មី ដែលជាផ្ទះលក់ និងជួសជុលម៉ាញ៉េ លក់កាងរថយន្ត ដេរពូកនិងគ្រឿងតុបតែងរថយន្ត មានម្ចាស់ឈ្មោះអីុវ ស៊ីវប៊ី ភេទស្រី អាយុ៤០ឆ្នាំ ហើយភ្លើងបានឆេះរាលដាលដល់លំនៅឋាននៅក្បែរនោះអស់ផ្នែកខាងក្រោយ ។ បន្ទាប់ពីកើតមានអគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿងបានទៅអន្តរាគមន៍ហើយបាញ់អស់ ទឹកចំនួន១៧រថយន្ត ទប់ស្កាត់បានមិនបណ្តាលឱ្យឆេះរាលដាលទៅលំនៅឋានក្បែរនោះធ្ងន់ធ្ងរឡើយ ។
តាមប្រភពព័ត៌មានឱ្យដឹងទៀតថា នៅយប់នោះនៅពេលដែលអ្នកភូមិកំពុងដេកលង់លក់ក្នុងដំណេក ស្រាប់តែភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីឃ្លាំងផ្នែកខាងផ្ទះលក់គ្រឿងតុបតែងរថយន្តយីហោ អីុ ស៊ីវប៊ី២៧ថ្មី ហើយបានឆេះរាលដាលទៅផ្ទះលក់គ្រឿងតុបតែងរថយន្តយីហោ ហ្វាមីលី ដែលនៅខាងកើតគ្នាយ៉ាងឆាប់រហ័ស ឧបទ្ទវហេតុនេះ ធ្វើឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ហើយម្ចាស់ផ្ទះរួមទាំងអ្នកជិតខាងបាននាំគ្នាជញ្ជូនអីវ៉ាន់ចេញទាំងព្រលឹងចុងសក់ ។ ភ្លាមៗរថយន្តពន្លត់អគ្គិភ័យបានទៅអន្តរាគមន៍បាញ់ទឹកពន្លត់អស់រយៈពេលប្រមាណជាងកន្លះម៉ោងទើបទប់ស្កាត់បាន ។
តាមប្រភពព័ត៌មានចុងក្រោយឱ្យដឹងទៀតថា ផ្ទះចំនួន២ខ្នងផ្នែកខាងក្រោយត្រូវភ្លើងឆេះ និង២ខ្នងទៀតនៅជាប់ឆេះរោលៗ ។ នេះចាត់ទុកជាសំណាងដែរ ដែលបានរថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់ទឹកពន្លត់ទាន់ ។ បើសិនជាឆេះដល់សិប្បកម្មផលិតតុ ទូ ដែលនៅខាងកើតគ្នានោះ អាចបង្កឱ្យមានគ្រោះអន្តរាយធ្ងន់ធ្ងរជាងនេះមិនខាន ៕
ចែករំលែកព័តមាននេះ