រាជធានីភ្នំពេញ ៖ រថយន្តដឹកទំនិញធុនធំមួយគ្រឿងបានបើកទាក់ខ្សែភ្លើង បណ្តាលអោយទុស្សេឆេះប្រអប់ភ្លើង និងខ្សែភ្លើងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវ១៩៣កែងនឹងលេខ៣៤៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រែទី១ ខណ្ឌបឹងកេងកង។

តាមប្រភពពីសន្តិសុខដែលយាមនៅម៉ាតជិតកន្លែងកើតហេតុនោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿងមិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៣ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវបណ្តាលអោយដាច់ធ្លាក់ដល់ដី ទុស្សេខ្សែភ្លើងឆេះយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ជាច្រើនបំពង់ទើបអាចគ្រប់គ្រងបាន។ ចំណែករថយន្តបង្កបានបើកគេចបាត់ស្រមោល។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ភ្លើងមិនបានឆេះឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ គឺខូចខាតតែខ្សែភ្លើង និងខ្សែកាប្លិ៍អ៊ុបទិចអស់មួយចំនួនធំតែប៉ុណ្ណោះ ៕ (កែសម្រួលដោយ ៖ ធីតា)





ចែករំលែកព័តមាននេះ