រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាវាយ កូនបាល់ជ្រើសរើសជើងឯកប្រចំាឆ្នាំ២០១៤ ដែលបានចាប់ផ្ដើមធ្វើតាំងពីថ្ងៃទី២១ កុម្ភៈ មកនោះបានធ្វើពិធីបិទបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី២៨ កុម្ភៈ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមការអញ្ជើញចូលរួមជាគណៈអធិបតីបំពាក់មេដាយដល់ជ័យលាភីពីសំណាក់លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់ ,លោកហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា ព្រមទំាងប្រតិភូកីឡាជាច្រើននាក់ទៀត ។
លោក ប៊ូ ជុំសេរីបានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគេ្នយ៍ (SEA Games) នៅឆ្នាំ២០២៣នោះ ក្រសួងអប់រំ យុវជននិងកីឡាបានប្រមូលផ្តុំកីឡាករ-កីឡាការិនីចំនួន២០សហព័ន្ធកីឡាជាតិ ក្នុងនោះក៏មានកីឡាវាយកូនបាល់នេះផងដែរ ។
លោកបន្តថា យើងបានដឹងហើយថាចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៣មានរយៈពេលតែ៩ឆ្នាំប៉ុណ្ណោះ ដូចនេះយើងទំាងអស់គ្នាត្រូវតែខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យវិស័យកីឡាវាយកូនបាល់មានការរីកចម្រើន ទំាងបរិមាណនិងគុណភាពដូចបណ្តាប្រទេសក្នុងតំបន់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាមួយនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត ។
សម្រាប់វិញ្ញាសានៃការប្រកួតមាន៧ឯលទ្ធផលទទួលបាននោះគឺវិញ្ញាសាវាយជាក្រុមបុរស៤នាក់ ចំណាត់ថ្នាក់លេខ១បានទៅក្លិប Devenco ,លេខ២បានទៅសមាគមក្រសួងមហាផ្ទៃ និងលេខ៣បានទៅសមាគមក្រសួងការពារជាតិ ។
វិញ្ញាសាវាយគូបុរស ចំណាត់ថ្នាក់លេខ១បានទៅកីឡាករម៉ម ផល្គុន និងអោ សារិទ្ធ មកពីក្លិប Devenco ,លេខ២បានទៅកីឡាករឯក ចំរើន និងឆាយ បញ្ញាវុធ មកពីសមាគមក្រសួងមហាផ្ទៃ និងលេខ៣បានទៅកីឡាករឡុង សំនៀង និងឌឹម សម្បត្តិ មកពីក្លិប Devenco ។
វិញ្ញាសាវាយគូចម្រុះបុរស-នារីចំណាត់ថ្នាក់លេខ១បានទៅកីឡាករឆាយ បញ្ញាវុធ និងកីឡាការិនីឆេង សេរីវត្តី មកពីសមាគមក្រសួងមហាផ្ទៃ ,លេខ២បានទៅកីឡាករសាក់ កុសល និងកីឡាការិនីយី សុធារី មកពីក្លិប I Can និងលេខ៣បានទៅកីឡាករច័ន្ទ ពីឡុត និងកីឡាការិនីសុខ និមល មកពីសមាគមក្រសួងមហាផ្ទៃ ។
វិញ្ញាសាឯកត្ដជនបុរសម្នាក់ទល់ម្នាក់អង្សរ ខ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករច័ន្ទ ពីឡុត មកពីសមាគមក្រសួងមហាផ្ទៃ ,លេខ២ បានទៅលើកីឡាករឌឹម សម្បត្ដិ មកពីក្លិប Devenco និងលេខ៣បានទៅលើកីឡាករសំរិទ្ធ ប៊ុន ចាន់ដារ៉ាវុធ មកពីក្លិបខេមរា ។
វិញ្ញាសាឯកត្ដជននារីម្នាក់ទល់ម្នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនីចេង សេរីវត្ដី មកពីសមាគមក្រសួងមហាផ្ទៃ ,លេខ២ កីឡាការិនីហួរ ស្រីពៅ មកពីមជ្ឈមណ្ឌលកុមារកំព្រាបឹងខ្យាង និងលេខ៣ កីឡាការិនីយី សុធារី មកពីក្លិប I Can ។
វិញ្ញាសាឯកត្ដជនម្នាក់ទល់ម្នាក់យុវជនអាយុក្រោម១៦ឆ្នាំ លេខ១ កីឡាករចេង រោងរាជ្យ មកពីសមាគមក្រសួងមហាផ្ទៃ ,លេខ២ កីឡាករយី សសារិទ្ធ មកពីសមាគមក្រសួងមហាផ្ទៃ និងលេខ៣ កីឡាករភីម ស៊ីណាត មកពីសមាគមក្រសួងការពារជាតិ ។
វិញ្ញាសាឯកត្ដជនបុរសអក្សរ ក លេខ១ កីឡាករម៉ម ផល្គុន ,លេខ២ កីឡាករឌឹម សំសុជាតិភិរុណ និងលេខ៣ កីឡាករឡុង សំនៀង ទាំង៣នាក់មកពីក្លិប Devenco ជាមួយគ្នា ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតនេះមានអត្ដពលិកចូលរួមសរុប១០៣នាក់ ក្នុងនោះកីឡាករ៨៩នាក់ កីឡាការិនី១៤នាក់ ដែលមកពីក្លិប-សមាគមចំនួន៩ គឺសមាគមក្រសួងមហាផ្ទៃ ,ក្រសួងការពារជាតិ ,ក្លិបខេមរា-ភូមិកុមារអរុណរះ ,មណ្ឌលកុមារកំព្រាបឹងខ្យាង ,ក្លិប Devenco ,ក្លិប I Can ,មណ្ឌលកុមារកំព្រាកោះក្របី និងអង្គការភាពញញឹមនៃកុមារ ៕
ចែករំលែកព័តមាននេះ