ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ោយ សុធន​ បាក់​មុខ​ ចំណែក​ឯម ខ្លឹម​ខ្មៅ​ សម្រេច​ការ​ប្រដៅ​គូ​សង​សឹក​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ទី​បំផុត​ ការ​កាត់​ក្តី​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ​ ក្នុង​រយៈ​ពេល​២ថ្ងៃ​បន្ត​បន្ទាប់​គ្នា​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ កីឡាករ​ឯម ខ្លឹម​ខ្មៅ​ មក​ពី​ក្លិប​ឫទ្ធិពោធិ​សែន​ជ័យ​ ដែល​បាន​ប្រកាស​យក​ឈ្នះ​ឱ្យ​ខាង​តែ​បាន​លើ​ សូយ​ យក្សតឿ​ មក​ពី​ក្លិប​ពោធិ​ជ័យ​កីឡា​ បាន​ក្លាយ​ជា​ការ​ពិត ។​ ប៉ុន្តែ​សម្រាប់​កីឡាករ​វ៉ោយ​ សុធន​ មក​ពី​ក្លិប​រាជ​សីហ៍​ខេត្ត​បន្ទាយ​មាន​

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ទី​បំផុត​ ការ​កាត់​ក្តី​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ​ ក្នុង​រយៈ​ពេល​២ថ្ងៃ​បន្ត​បន្ទាប់​គ្នា​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ កីឡាករ​ឯម ខ្លឹម​ខ្មៅ​ មក​ពី​ក្លិប​ឫទ្ធិពោធិ​សែន​ជ័យ​ ដែល​បាន​ប្រកាស​យក​ឈ្នះ​ឱ្យ​ខាង​តែ​បាន​លើ​ សូយ​ យក្សតឿ​ មក​ពី​ក្លិប​ពោធិ​ជ័យ​កីឡា​ បាន​ក្លាយ​ជា​ការ​ពិត ។​ ប៉ុន្តែ​សម្រាប់​កីឡាករ​វ៉ោយ​ សុធន​ មក​ពី​ក្លិប​រាជ​សីហ៍​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែលបាន​ប្រកាស​យក​ឈ្នះ​ដូចគ្នា​ទៅ​លើ ឌុន រដ្ឋា​ មក​ពី​ក្លិប​អេភូ​ថេង​កីឡា​នោះ​ បាន​ខាត​ដើម​ខាត​ចុង​ឡើង​ធ្ងន់​ក​តែម្តង​ ។​

ការប្រកួត​កាល​ពី​ថ្ងៃ​សុក្រ​ ទី​២៨ កុម្ភៈ​ នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​ស្ទឹង​មាន​ជ័យ​ កីឡាករ​វ៉ោយ សុធន​ បាន​សន្លប់​នៅ​លើ​រេញ​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ ក្រោម​ដៃ​របស់​កីឡាករ​ឌុន រដ្ឋា​ ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​ មាន​កម្រិត​ប្រកួត​ស្ទើរ​ជាង​ និង​មានប្រវត្តិ​ប្រកួត​តិច​តួច​ជាង​នៅ​ក្នុង​ពិភព​ប្រដាល់ ។​ ក្នុងទឹក​ទី​១ កីឡាករ​បង្គោល​ខៀវ វ៉ោយ​ សុធន​ មានសន្ទុះ​ឈ្នះ​ប្រៀប​ទៅ​លើ​កីឡាករ​ឌុន រដ្ឋា​ បង្គោល​ក្រហម ។​ សន្ទុះ​ជោគ​ជ័យ​ដែល​គេ​សម្រេច​នា​ពេល​នោះ​មាន​ការ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា ឌុន រដ្ឋា​ មិន​អាច​សង​សឹក​ដូចការចង់​បាន​ឡើយ​ បើ​ទោះ​ជា​គេ​បង្ហាញ​នូវ​អំនួត​ថា​ត្រូវ​តែ​ឈ្នះ​ក្តី ។ ក្នុង​ទឹក​ទី​២​ បង្គោល​ខៀវ​ដែល​ជា​ជើង​ចាស់​នៅតែ​នាំ​មុខ​ក្នុងការវាយ​កែង​ ទាត់​​ផុត​ក្បាល​ និង​ម៉ាត់​ចំ​កណ្តាល​មុខ​ទៅ​លើ​កីឡាករ​ឌុន រដ្ឋា​ ។ ទោះ​យ៉ាងណា​ អ្វីដែល​អ្នកទស្សនា​​រំពឹង​ទុក​ និង​ការ​ជឿ​ជាក់​របស់​កីឡា​ករ​វ៉ោយ សុធន​ បាន​ជា​រឿង​មិន​គួរ​កើត បន្ទាប់​ពី​ចុង​ទឹក​ទី​២​ កីឡាករ​ដែល​មានប្រៀប​​នៅខាង​ដើម​ទី​ បែរ​ជា​មក​ទទួល​មេរៀន​ និងត្រូវ​គូ​ភាគី​ម្ខាង​ទៀត​វាយតប​ត​យ៉ាង​ចាស់​ដៃ​ ដែល​ប៊ិះ​នឹង​ធ្វើ​ឱ្យ​គេអស់​ផ្លូវ ។​ បើ​កុំ​តែ​ពេល​នោះស្នូរ​ជួង​បន្លឺ​ឱ្យ​សម្រាក​ទាន់ កុំ​អី​ប្រហែល​ជា​ វ៉ោយ សុធន​ បង្គោល​ខៀវ​រង​ការ​​អាម៉ាស់​បាត់​ទៅ​ហើយ​​នៅ​ក្នុង​ទឹក​នោះ ។​ ក្រុម​អ្នកទស្សនា​ និង​អ្នក​គាំទ្រ​មាន​ការ​រំភើប​ចិត្ត​ជា​ខ្លាំង​ក្នុង​ពេល​ដែល​ វ៉ោយ​ សុធន​ ដែល​ត្រូវ​ពេញ​ដោយ​កណ្តាប់​ដៃ​ និង​រន្ទះ​​កែង​ពី ឌុន រដ្ឋា​ ស្រាប់តែ​ទប់​ជំហរ​ ហើយ​មិន​សន្លប់​ត្រូវ​ចំ​ម៉ោង​ឱ្យ​ទឹក ។​ ឈាន​ដល់​ទឹក​ទី​៣​ មាន​ការរំពឹង​យ៉ាង​ខ្លាំង​ថា កីឡាករ​វ៉ោយ​ សុធន​ ដែល​ទន់ដៃ​ទន់​ជើង​ក្នុង​ទឹក​ទី​២​ នឹង​មាន​ថាម​ពល​មួយ​ផ្នែក​មក​វិញ​បន្ទាប់​ពីបាន​កម្លាំងពី​អ្នក​ឱ្យ​ទឹក។​ ប៉ុន្តែ​គ្រាន់តែ​ស្នូរ​ជួង​បន្លឺ​ភ្លាម​ ឌុន រដ្ឋា​ ស្ទុះ​ចូល​ភ្លាម​តែ​ម្តង​ដើម្បីសង​សឹក​ ដោយ​ស្ទើរតែ​ធ្វើ​ឱ្យ វ៉ោយ​ សុធន​ បង្គោល​ខៀវ​ត្រៀម​ខ្លួន​មិន​ទាន់។​ នៅ​ទីបំផុត​ កណ្តាប់​ដៃ​ និង​ឱកាស​វាយ​លុក​របស់​ ឌុន រដ្ឋា​ បានបំបែក​ភាព​ខ្លាំង​របស់​គូ​ប្រកួត​បាន​ដូចការចង់​បាន​ ដោយ​អាច​ធ្វើ​ឱ្យ​បង្គោល​ខៀវ​ វ៉ោយ​ សុធន​ ដួល​ខ្ពោក​​នៅ​លើ​រេញ​ ហើយ​ត្រឡប់​មក​កាន់​ភាព​តតាំង​ដូច​ដើម​មិន​បាន​នៅ​ទឹក​ទី​៣ ។​

លទ្ធ​ផល​សន្លប់​របស់​ វ៉ោយ​ សុធន​ បាន​ក្លាយ​ជា​រឿង​ដ៏​អាម៉ាស់​ ផ្ទុយ​ពី​អ្វីដែល​គេជឿ​ជាក់​ ហើយ​ក៏​មាន​ន័យ​ថា ឌុន រដ្ឋា​ មាន​ការ​រីក​ចម្រើន​ជាង​មុន​នោះដែរ​ ទើបអាច​បំបាក់​មុខ​សិស្ស​ច្បងឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ នេះ​បាន ។​ នៅ​ក្នុងសង្វៀន​នោះ​ កីឡាករ​រឿង ប៊ុន​រ៉ា​ មក​ពី​ក្លិប​សំរោង​កោង​ខេត្ត​បាត់​ដំបង បាន​វាយ​ឈ្នះ​កីឡាករ​កែវ​ ប៊ុន​ឈឿន​ មក​ពីក្លិប​​ដំបង​គ្រញូង​កីឡា​ខេត្ត​បាត់​ដំបង​ដោយ​ពិន្ទុ ។​
កីឡាការិនី​អេ​ យ៉ានុត​ ដែល​ប្តូរទៅ​មជ្ឈ​មណ្ឌល​កីឡា​ខេមរ​ភូមិន្ទ​ បាន​វាយ​ឈ្នះ​កីឡា​ការិនី​ វី ស្រី​ឆាយ មក​ពី​ក្លិប​នាគ​មាន​ជ័យ​ដោយ​ពិន្ទុ។​​ កីឡាករ​វីវ៉ា​ សាមីត​ មក​ពី​ក្លិប​​មហិទ្ធិឫទ្ធិ​តា​ដំបង​ដែក​ បានវាយ​កីឡាករ​សូយ​ សែន​ខ្មៅ​ មក​ពី​ក្លិប​ពោធិ​ជ័យ​កីឡា​ឱ្យ​សន្លប់​ក្នុងទឹក​ទី​៣​ និង​កីឡាករ​ស៊ឹម​ ប៊ុន​ឆៃ​ មក​ពី​ក្លិប​ព្រៃ​ទទឹង​បង្ក្រាប​គ្រឿង​ញៀន​ខេត្ត​បាត់​ដំបង​ វាយ​ឈ្នះ​កីឡាករ​ឯម​ សាវឿន​ មក​ពីក្លិប​ឫទ្ធិ​ពោធិ​សែន​ជ័យ​ដោយ​ពិន្ទុ ។​

ងាក​មក​កាន់​សង្វៀន​ស្ទឹង​មាន​ជ័យ​ដដែល​ ​តែ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១ មីនា​ បន្ទាប់​គ្នា​នោះ​វិញ កីឡាករ​ឯម ខ្លឹម​ខ្មៅ​ ដែល​បាន​ប្រកាស​ថា​ មិន​ឱ្យ​កីឡាករ​សូយ​ យក្ស​តឿ​ សង​សឹក​បាន​សម្រេច​បាន​ក្លាយ​ជា​ការពិត ។​ តាំង​ពីទឹក​ទី១​ រហូត​ដល់​ទឹក​ទី​៤​ កីឡាករ​ទាំង​ពីរ​ត្រូវ​គេ​មើល​ឃើញ​ថា មាន​សន្ទុះ​វាយ​លុកបាន​ល្អ​ម្យ៉ាង​ម្នាក់​ ខណៈ​ដែល​ក្នុងទឹក​ខ្លះ​កីឡាករ​បង្គោល​ខៀវ ឯម ខ្លឹម​ខ្មៅ​ ត្រូវ​កីឡាករ​បង្គោល​ក្រហម​ សូយ យក្ស​តឿ​ វាយ​ឡើង​ចង់​ទ្រម​ខ្លួន​ផង​ក៏​មាន​ ពិសេស​ក្នុង​ពេល​ដែល​ សូយ យក្ស​តឿ​ ស្ទុះ​វាយ​សម្រុក​ដោយ​កំរោល​ដោយ​មិន​ចុះ​ញ៉ម ។​ រហូត​ដល់​ទឹក​ទី​៤​ ទើប​គេឃើញ​កីឡាករ​ឯម ខ្លឹម​ខ្មៅ​ ចាប់​ផ្តើម​មាន​សន្ទុះ​ ហើយ​លេច​ចេញ​នូវ​ឱកាស​វាយ​ឈ្នះ​ទៅ​លើ​គូ​ប្រកួត​ ខណៈ​ដែល​លទ្ថផល​មួយ​នេះ​គឺ​មាន​លំនាំ​ស្ទើរស្រដៀងគ្នា​នឹង​ការ​ប្រកួត​របស់​ពួកគេ​កាល​ពី​លើក​ទី​១​ ដូច្នោះដែរ ។​ រំលឹក​ដល់​ការ​ប៉ះគ្នា​កាល​ពី​លើកដំបូង​ ឯម ខ្លឹម​ខ្មៅ​ ប៊ិះ​មិន​មាន​សំណាង​ឈ្នះ​ពិន្ទុ​ទៅ​លើ សូយ យក្សតឿ​ ដោយសារតែ​អំឡុង​៤​ទឹក​បើក​ឆាក​ គឺ​ពួកគេ​មាន​សន្ទុះ​វាយ​លុក​ស៊ី​គ្នា​២​ទឹក​ម្នាក់​ៗ បែង​ចែក​មិនដាច់​ថា​ អ្នក​ណា​ជាជើង​ខ្លាំង ។​ ពោល​គឺ​រហូត​ដល់​ទឹក​ចុង​ក្រោយ​ដូចគ្នានេះ ទើប​គេ​ឃើញ​កីឡាករ​ឯម ខ្លឹម​ខ្មៅ​ បាន​ទទួល​ជោគ​ជ័យ​ និង​ឈ្នះ​ពិន្ទុ​ទៅ​លើ សូយ យក្ស​តឿ​ ។ ជ័យ​ជម្នះ​ដោយ​ពិន្ទុ​ជា​លើក​ទី២​ របស់ ឯម ខ្លឹម​ខ្មៅ​ ត្រូវ​គេ​មើល​ឃើញ​ថា មាន​ភាព​ប្រផិតប្រផើយ​ដូច​មុន​ បើ​ធៀប​នឹង​ការប៉ះគ្នា​ពីរ​លើក​របស់​គូ​នេះ​ ។ ប៉ុន្តែ​ក៏​មាន​ន័យ​ថា​ គេ​នៅ​រក្សា​ក្រេ​ឌីត​យក​ឈ្នះ សូយ យក្សតឿ​ និង​មិន​ទាន់​របូត​ឱកាស​ឱ្យ​កីឡា​ករ​សូយ យក្សតឿ​ អាច​សង​សឹក​បាន​នោះដែរ ។​

នៅ​លើ​សង្វៀន​ដដែល​នោះ កីឡាករ​ឡៅ ផានាថ​ មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា​ វាយចាញ់​កីឡា​ករ​អ៊ុំ ចំរើន​ មក​ពីក្លិប​តាឡី​ដំរី​មាន​ឫទ្ធិ​​ ដែល​មកប្រកួត​​ជំនួស​កីឡាករ​កន ចន្ថា​ មក​ពីក្លិប​ក្រសួង​ការពារ​ជាតិ​ដោយ​ពិន្ទុ ។​ កីឡាករ​តូច​ ទូ មក​ពី​ក្លិប​មជ្ឈ​មណ្ឌល​កីឡា​ខេមរ​ភូមិន្ទ​ វាយ​ឱ្យ​កីឡាករ​ចក់ ចាន់ មក​ពី​ក្លិប​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន​ខេត្ត​រតន​គិរី​ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ និង​កីឡាករ​ឯម ស៊ី​ថុង មក​ពី​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​ វាយ​ឈ្នះ​កីឡាករ​ហេង វាសនា​ មក​ពី​ក្លិប​ព្រៃ​ទទឹង​ខេត្ត​បាត់​ដំបង​ដោយ​ពិន្ទុ ៕​