វីវរហើយ! សន្តិសុខច្រឡំជាន់ហ្គែរស្មាន​តែ​ហ្វ្រាំង ខ្ទេចអស់ស៊េរីទំនើប​៤គ្រឿង


រាជធានីភ្នំពេញ ៖ បុរស​ជា​សន្តិសុខនៅ​​ភោ​ជនី​យ​ដ្ឋា​ន​សាច់​អាំង​ជប៉ុន​ម្នាក់​ មិន​ទាន់​ចេះ​បើករថយន្ត​ស្ទាត់​ផង​ បាន​ឡើង​បើករថយន្ត​ស៊េរី​ទំនើប​របស់​ភ្ញៀវ​មួយ​គ្រឿង​ដែល​ចូល​មក​ញុំ​ា​អាហារ​នៅ​ភោជនីយដ្ឋាន​ដែល​គាត់​​យាម​នោះ ហើយ​ឡើង​បើករថយន្ត​នោះ​យក​មក​ចត​នៅ​ចំណត​ហាង ស្រាប់តែ​គាត់​ច្រឡំ​ជាន់​ហ្គែ​រ​រថយន្ដ​ស្មាន​តែ​ជា​ហ្វ្រាំង ក៏​ជ្រុល​ទៅ​បុក​រះ​រថយន្ដ​ចំនួន​៣គ្រឿង​ទៀត​ បណ្ដាល​ឲ្យ​រថយន្ត​ចំនួន​៣គ្រឿង​​រង​ការ​ខូចខាត​យ៉ាងដំណំ​ ចំណែករថយន្តបង្ក​ក៏រងការ​ខូចខាតផងដែរ​។

ហេតុការណ៍​ខាងលើ​នេះបង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​២០​ខែសីហា​ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ភោ​ជនី​យដ្ឋា​ន​សាច់​អាំង​ជប៉ុន យីហោ «យូ​បតី​» ​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​៣៦០ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​។

បុរសជា​សន្តិសុខម្នាក់​ដែលបម្រើការ​ងារ​ក្នុង​​ភោជនីយដ្ឋាន​សាច់អាំង​ជប៉ុន​​​ខាងលើនោះ​ មិនស្គាល់​អត្ត​សញ្ញាណនោះទេ ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡង់គ្រីស្ស័រ ព​ណ៌ស ពាក់​ស្លាក​លេខ ​ភ្នំពេញ ២AU-២២៦៨ ដែល​ជា​រថយន្ត​របស់​ភ្ញៀវ​ជិះ​ជា​លក្ខ​ណៈគ្រួសារ មក​ឈប់​នៅ​ចំហៀង​ផ្លូវ​ម្ខាង​ទៀត​មុខ​ហាង​កើតហេតុ​ខាងលើ​ ហើយ​ភ្ញៀវ​ក៏​បាន​នាំ​គ្នា​ដើរ​ចូល​ទៅ​ក្នុង​ហាង និង​អោយ​សន្តិសុខ​ដែល​​យាម​នៅ​ហាង​នោះ​ឡើង​បើករថយន្ត​របស់​ខ្លួន​ចូល​ចំណត ។

តាមប្រភពដដែលបានបន្ត​ថា ពេលនោះគេ​មិនដឹងថា​​បុរស​ជា​សន្តិសុខ​នោះ​​បើក​​រថយន្ត​យ៉ាងម៉េច​​ទេ ស្រាប់តែ​រថយន្ត​​ម៉ាកឡង់គ្រីស្ស័រនោះ​ស្ទុះ​ទៅ​មុខ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ផ្ទប់​រថយន្ត​​មួយគ្រឿង​ម៉ាក​កាម​រី​ហា​យ​ប្រ៊ីត ព​ណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ២A-៨៩៩៧ ដែល​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៣៦០​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បញ្ច្រាស​ទិស​គ្នា បណ្តាល​អោយ​រង​ការ​ខូចខាត​មួយ​កំណាត់​មុខ ។

តាមប្រភពដដែលបាន​បន្ត​ថា ភ្លាម​នោះ​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​នៅឡើយ​ទេ​ក៏​បន្ត​ទៅ​បុក​របង​ថ្ម​ហាង​ដួល​បាក់បែក​រង​ការ​ខូចខាត និង​បន្ត​ទៅបុក​​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ ព​ណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២AU-៨០០៥ ដែល​ចត​នៅ​ក្នុង​ចំណត​មុខ​ហាង រួច​រុញ​ទៅ​បុក​រថយន្ត​ម៉ាកឡិច​ស៊ី​ស ព​ណ៌​ស ​ខ្ទាត​ទៅ​​ផ្ទប់​នឹង​ជញ្ជាំង​ហាង ​បណ្តាល​អោយ​ជញ្ជាំងហាង​រង​ការ​ខូចខាត​បាក់បែក និ​ង​បណ្ដាល​អោយ​រថយន្ត​ម៉ាក​កា​មរី​បា​ឡែ​ន និ​ង​រថយន្តម៉ាក​ឡិចស៊ីស​ ព​ណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២AW-៥៣១៨ រង​ការ​ខូចខាត​ទាំង​ផ្នែក​ខាង​មុខ នឹង​ផ្នែក​ខាងក្រោយ​នៃ​រថយន្តទាំង​២គ្រឿង​យ៉ា​ងធ្ងន់ធ្ងរ ចំណែក​រថយន្តបង្កម៉ាក​ឡង់គ្រីស្ស័រ​ រង​ការ​ខូចខាត​មួយ​កំណាត់ តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ​ដែរ​មិន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​ឡើយ គឺ​ខូចខាត​តែ​រថយន្ត​ចំនួន​៤គ្រឿង​ប៉ុណ្ណោះ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​សន្តិសុខ​ដែល​បង្ក​គ្រោះថ្នាក់​នោះ​បាន​និយាយ​ថា គាត់​មិនសូវ​​ចេះ​​បើករថយន្ត​ស៊េរី​ទំនើបនោះ​​ទេ ស្រាប់តែ​ភ្ញៀវ​អោយ​ឡើង​បើករថយន្ត​ម្តង​ក៏​ច្រឡំ​ជាន់​ហ្គែរថា​ជា​ហ្វ្រាំង ទើប​បង្ក​គ្រោះថ្នាក់​បែប​នេះ​កើតឡើង​តែ​ម្តង ។

ក្រោយពេល​​កើតហេតុ ភាគី​រថយន្ត​រង​គ្រោះ​ទាំង​៤​គ្រឿង​ខាងលើ​​ត្រូវ​បាន​ថៅកែ​ហាង​ជា​ជនជាតិ​ជប៉ុនព្រម​ទទួលខុសត្រូវ​ចំពោះ​កំហុសឆ្គង​របស់​បុគ្គលិក​ខ្លួន និង​បាន​ធ្វើ​កិច្ចសន្យា ហើយ​យក​រថយន្ត​ទាំង​៤គ្រឿង​នោះ​ទៅ​ជួសជុល​សង​ម្ចាស់​គេ​វិញ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ