រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កជាហិង្សា ខណ:ប្រជាពលរដ្ឋខឹងសម្បារនិងម្ចាស់រថយន្ត បន្ទាប់ពីបើករថយន្តមួយគ្រឿង បុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ ហើយបោះពាក្យសម្ដីថា «បុកស្លាប់សងប៉ុន្មាន និងបង់២ម៉ឺនចប់រឿងហើយ» ។ ភ្លាមៗនោះប្រជាពលរដ្ឋបានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧១១ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បានបើករថយន្តម៉ាក FORTHING ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពណ៌ខ្មៅលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1J-4604 បើកបរដោយក្មេងប្រុសម្នាក់វ័យ១៣ទៅ១៤ឆ្នាំ នៅចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យខ្ទាតក្មេងប្រុសរូបនោះរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ។ ចំណែករថយន្តបានបើកគេច ដោយអូសទាំងម៉ូតូជិត១០០ម៉ែត្រ ទើបពលរដ្ឋនៅក្នុងភូមិដែលឃើញហេតុការណ៍ នាំគ្នាជួយឃាត់ និងប្រគល់ជូនសមត្ថកិច្ច ។
តាមប្រភពដដែលបន្តទៀតថា លុះពេលបុកម៉ូតូរួចហើយ បុរសជាអ្នកបើករថយន្តស្ថិតក្នុងស្ថានភាពស្រវឹង បានបោះពាក្យសម្ដីថា «បុកស្លាប់សងប៉ុន្មាន និងបង់២ម៉ឺនចប់រឿងហើយ» ធ្វើឲ្យពលរដ្ឋខឹងសម្បាថា មើលងាយជីវិតមនុស្ស ដោយមិនព្រមអោយសមត្ថកិច្ចយកអ្នកបើកបររថយន្តនោះទៅណានោះទេ និងបានប្រើហិង្សាវាយទៅលើបុរសជាអ្នកបើករថយន្តនោះម្នាក់មួយដៃមួយជើងថែមទៀត ទំរាំតែសមត្ថកិច្ចប្រើកម្លាំងទប់ស្កាត់ ហើយគ្រួសារក្មេងរងគ្រោះមកដល់ ទើបដឹកយកអ្នកបើកបរទៅសួរនាំនៅប៉ុស្តិ៍ និងប្រគល់អោយផ្នែកជំនាញចរាចរណ៍បន្តទៀត ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះមកដល់ទីតាំងខាងលើ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូរួមទាំងអ្នកបើកបរខាងលើទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕





ចែករំលែកព័តមាននេះ