រាជធានីភ្នំពេញ ៖ យុវសិស្ស២នាក់បានបោកក្បាលស្លាប់នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកចំក្បាលរថយន្តរបស់មន្ទីរសុខាភិបាលដែលបទឆ្លងផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១២នាទីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ២០១១ មុខមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ១.ឈ្មោះមឿន គឹមហុង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស មានលំនៅផ្ទះលេខ២ ក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង២.ឈ្មោះថាន ថាវវី ភេទប្រុស អាយុ១៦ ឆ្នាំជាសិស្សថ្នាក់ទី៩E វិទ្យាល័យភ្នំពេញថ្មី មានលំនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិលើ ឃុំព្រះ
ឬស្សី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូម៉ាស៊ុយស៊ីនិចមួយគ្រឿង ពណ៌សពាក់ស្លាកលេខ តាកែវ១ R.៦៧៥៣ ដែលស្លាកលេខដោះដាក់នៅក្នុងកែបម៉ូតូ ធ្វើដំណើរតាមផ្លូវលេខ ២០១១ ក្នុងទិសដៅពីត្បូងទៅជើង។
នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ មុខមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានបុកជាមួយរថយន្តម៉ាកហ៊ីដាយ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ១២.២ -០២៥៥របស់ក្រសួងសុខាភិបាលដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង រួចបត់ឆ្លងផ្លូវចូលមន្ទីរសុខាភិបាល ។

តាមសាក្សីបានឱ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះ ម៉ូតូបានបុកចំក្បាលរថយន្តដែលកំពុងបត់ឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យយុវសិស្ស២នាក់បោកក្បាលស្លាប់នៅហ្នឹងកន្លែងភ្លាមៗ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ អ្នកបើកបររថយន្តដែលគេអះអាងថា ជាមន្ត្រីសុខាភិបាលត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ទៅឲ្យសមត្ថកិច្ច ។ ទោះបីជាយ៉ាងណា ភ្លាមៗអ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
បន្ទាប់ពីកើតមានគ្រោះថ្នាក់ នគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុសម្រួលចរាចរណ៍រួចទាក់ទងទៅនគរបាលចរាចរណ៍ ចុះទៅវាស់វែង រួចនាំខ្លួនអ្នកបើកបររថយន្ត និងម៉ូតូបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមច្បាប់ ។ សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕




ចែករំលែកព័តមាននេះ