ខេត្តប៉ៃលិន ៖ ខុសគ្នាតែកន្លះម៉ោងសោះមានករណីចោរឆក់កាបូបប្រាក់ ចំនួន ២ករណី ក្នុងនោះ ចោរស្រីម្នាក់ ត្រូវស្រ្តីរងគ្រោះចាប់ដៃជាប់ប្តឹងសមត្ថកិច្ចប្រចាំការនៅផ្សារធ្វើការឃាត់ខ្លួនបាន។ ចំណែកចោរប្រុសម្នាក់ទៀតបានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបលុយដែរ តែបានជិះម៉ូតូគេចខ្លួនបាត់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ ២០១៤ ក្នុងក្រុងប៉ៃលិន។
ករណី ទី១. ចោរស្រីវ័យក្មេងជើងឆើតម្នាក់ទើបតែចេញពីគុកខេត្តបាត់ដំបង ថ្មីៗ បានមកធ្វើសកម្មភាពឆក់កាបូបលុយអ្នកលក់បន្លែនៅផ្សារប៉ៃលិន ត្រូវអស់លក្ខណ៍ដោយម្ចាស់ឃើញទាន់ចាប់ដៃជាប់ប្តឹងសមត្ថកិច្ចប្រចាំការនៅផ្សារឲ្យចាប់ឃាត់ខ្លួនបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្ត។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី២៧ កុម្ភៈ ២០១៤ ស្ថិតនៅខាងជើងផ្សារសាមគ្គី ហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ចោរស្រីវ័យក្មេង ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនឈ្មោះ ខន សុខួច ហៅមុំ អាយុ ២៣ឆ្នាំ មានស្រុកកំណើតរស់នៅភូមិអន្លង់ល្វា ឃុំអូរដំបងពីរ ស្រុកសង្កែ ខេត្តបាត់ដំបង ទើបតែចេញពីពន្ធនាគារបាត់ដំបងថ្មីៗ មកខេត្តប៉ៃលិន បានរយៈពេល ១ថ្ងៃ ក៏ធ្វើសកម្មភាពឆក់កាបូបត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
លោកវរសេនីយ៍ត្រី មាស សុផុន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្ត បានឲ្យដឹងថា ក្រោយឃាត់ខ្លួន ចោរស្រីវ័យក្មេងបានសារភាពថា នាងមកខេត្តប៉ៃលិន ជាមួយនិងក្រុមចោរផ្សេងទៀតមានគ្នាចំនួន ១រថយន្ត មានប្រុសស្រីជាច្រើននាក់ ហើយក៏មានមេការចាត់ចែងបញ្ជាច្បាស់លាស់ផងដែរ តែនាងអត់ស្គាល់ឈ្មោះពួកគេទេ។ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករទាំងអស់ត្រូវតែប្រុងប្រយ័ត្នជានិច្ច កុំធ្វេសប្រហែសឲ្យសោះ។ ចោរស្រីខាងលើត្រូវសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៨ កុម្ភៈ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ករណីទី២ ស្រ្តីរងគ្រោះម្នាក់បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ អត់ស្លាកលេខ ដោយដឹកឥវ៉ាន់មកពីផ្សារ ខណៈមកជិតដល់ផ្ទះទៅហើយ ស្រាប់តែមានចោរប្រុសម្នាក់អាយុជាង ៣០ឆ្នាំ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមខ្មៅ មិនស្គាល់ស្លាកលេខ មកកៀរម៉ូតូ រួចឆក់កាបូបបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១ ព្រឹកថ្ងៃដដែល ស្ថិតនៅក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ស្រ្តីរងគ្រោះឈ្មោះ រិទ្ធ ហេង អាយុ ៤៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ត្រូវចោរកៀរម៉ូតូឆក់យកកាបូបប្រាក់អស់ចំនួនជាង ៤ពាន់បាត និងខ្សែក.ប្លាកទីន ១ខែ្ស មានទំងន់ ៥ជី ដោយក្រោយកើតហេតុភ្លាមៗ ស្រ្តីរងគ្រោះបានចូលមកប្តឹងសមត្ថកិច្ចស្នងការឲ្យតាមរកតែរកឃើញ ព្រោះចោរនោះ បានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល៕
ចែករំលែកព័តមាននេះ