ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ ធ្វើការដេញប៉ផាប់ចាប់ពភីង ខណៈដែលចោរខាងលើធ្វើសកម្មភាពលួចម៉ូតូពីមុខផ្ទះរបស់ជនរងគ្រោះ ដែលទុកម៉ូតូភ្លេចដកកូនសោចេញ ត្រូវចោរឃើញទំនងក៏លួចតែម្តង ។

ការឃាត់ខ្លួនចោរលួចម៉ូតូបាន កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិចារ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា ចោរដែលឃាត់ខ្លួនឈ្មោះ អីុម ណុប ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ចំណែកម៉ូតូដែលចោរធ្វើសកម្មភាពលួចនេះម៉ាក ហុងដាវ៉េវ(HON DA Wave) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១V៥៣២៤ ដែលមានម្ចាស់ឈ្មោះ ថៃ វិច្ឆិកា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិចារ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ គឺម្ចាស់ម៉ូតូបានទុកម៉ូតូរបស់ខ្លួននៅក្រោមផ្ទះ ហើយសោនៅជាប់នឹងម៉ូតូ រួចហើយក៏បានឡើងទៅលើផ្ទះបាត់ មួយសន្ទុះក្រោយមក ក៏ចុះពីលើផ្ទះទើបភ្ញាក់ផ្អើលថា ម៉ូតូរបស់ខ្លួនត្រូវចោរលួច ក៏នាំគ្នាដើររក និងរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ។
ដោយមានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានដឹកនាំកម្លាំងចុះសហការស្រាវជ្រាវករណីបាត់ម៉ូតូម៉ាក ហុងដាវ៉េវ(HON DA Wave) ពណ៌ខ្មៅមួយគ្រឿង ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១V-៥៣២៤ ដែលចោរបានធ្វើសកម្មភាពលួចយកពីក្រោមផ្ទះ ជនរងគ្រោះដែលមានឈ្មោះ ថៃ វិច្ឆិកា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិចារ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថៃ្ងទី២៦ ខែសីហា ឆ្នាំ២០២៥ ។
នៅក្នុងប្រតិបត្ដិការណ៍ភ្លាមៗនោះ កម្លាំងនគរបាលបានកំណត់អត្ដសញ្ញាណចោរបាន រួចធ្វេីការដេញតាមប៉ផាប់ចាប់ពភីង រហូតឃាត់ខ្លួនចោរម្នាក់ រួមជាមួយម៉ូតូម៉ាកHONDA WAVE ពណ៌ខ្មៅ បានពីឈ្មោះ អ៊ីម ណុប ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្រែមាន់ ឃុំស្រង់ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ ។ ក្រោយឃាត់ខ្លួនចោរបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូខាងលើប្រាកដមែន មកពីតែម៉ូតូនេះទុកចោលនៅមុខផ្ទះគ្មានម្ចាស់ថែរក្សា និងមានសោនៅជាប់នឹងម៉ូតូទៀត ជាឱកាសល្អ ងាយស្រួលលួចយកដោយគ្មានត្រូវប្រើមធ្យោបាយអ្វីផ្សេងឡេីយ ។
ក្រោយប្រតិបត្ដិការរយៈពេល២ម៉ោង កម្លាំងនគរបាលបានដកហូតម៉ូតូប្រគល់ឱ្យម្ចាស់វិញ ។ រីឯជនសង្ស័យជាចោរ បានយកមកសាកសួរបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ កសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ