ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស្ទូច​ឆ្លងផ្លូវ​ត្រង់​ចំណុច​ហាម​បត់ ត្រូវម៉ូតូ​ហុងដា​ឌ្រី​មបុក​ពីក្រោយ​ ស្លា.ប់​ម្នាក់ របួសធ្ងន់​ម្នាក់

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច ១​គ្រឿង បាន​បត់​ឆ្វេង​ឆ្លងផ្លូវ នៅ​ត្រង់​ចំណុច​ហាម​មិន​ឲ្យ​បត់ ត្រលប់​ក្រោយ បណ្ដាល​ឲ្យ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង ជិះ​គ្នា​២​នាក់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច ១​គ្រឿង បាន​បត់​ឆ្វេង​ឆ្លងផ្លូវ នៅ​ត្រង់​ចំណុច​ហាម​មិន​ឲ្យ​បត់ ត្រលប់​ក្រោយ បណ្ដាល​ឲ្យ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង ជិះ​គ្នា​២​នាក់ ដែល​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន ទៅ​ដល់​វាក់​គេច​អត់​ទាន់ ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត ដែល​ឆ្លងផ្លូវ​ជិត​ផុត​ទៅ​ហើយ​នោះ ពេញទំហឹង ហើយ​បុរស​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​ភ្លាម​ៗ រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​របួសធ្ងន់ បន្ទាប់​មក រថយន្ត​បង្ក បាន​បើក​រត់គេច​ទៅ​បាត់ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​នៅ​ខាងត្បូង​ផ្សារ​អ៊ី​អន​៣ ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​ដែល​ស្លាប់​ខាងលើ​នោះ មាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ១​សន្លឹក​ជាប់​ខ្លួន ដែល​មានឈ្មោះ ម៉ាក់ រតនា អាយុ ប្រហែល​ជាង​៣០​ឆ្នាំ ប៉ុន្តែ​អត់​ទាន់​ដឹង​ថា ស្នាក់​នៅ​ទីណា​នោះ​ទេ ។ មិនតែប៉ុណ្ណោះ ក៏​មិន​ទាន់​ដឹង​ថា តើ​ប័ណ្ណ​ចាក់​វ៉ាក់សាំង គឺជា​របស់​ជន​រង​គ្រោះ​មែន ឬ​មិនមែន​នោះ​ដែរ ដោយឡែក អ្នក​រួម​ដំណើរ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​ស្ទូច មិន​ចាំ​ម៉ាក ១​គ្រឿង បាន​បើកបរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ដែល​ជា​ចំណុច​ហាម​បត់​ត្រលប់​ក្រោយ ស្រាប់តែ​រថយន្ត​នោះ បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ។ ចំណែក​បុរស​ជន​រង​គ្រោះ​២​នាក់​ខាងលើ បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1LO-4442 តាម​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ស្របគ្នា​ដែរ ហើយ​ពេល​ទៅ​ដល់​បាន​វាក់​គេច​ចេញ​អត់​ទាន់ ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ពេញទំហឹង​តែ​ម្ដង ។

សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ពេល​នោះ​បាន​បណ្ដាល​ឲ្យ​បុរស ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយឡែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក​រថយន្ត​ស្ទូច​ខាងលើ​បាន​បើក​រត់គេច​ទៅ​បាត់ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ខណ្ឌដង្កោ បាន​ហៅ​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ខណ្ឌដង្កោ​ទៅ​ដឹក​យក​អ្នក​របួសធ្ងន់​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ រួច​ស្រាវជ្រាវ​រក​សាច់ញាតិ​ជន​រង​គ្រោះ ដើម្បី​ទៅ​ទទួលយក​សព​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ