រាជធានីភ្នំពេញ៖ កម្ពុជា និងហុងកុង រួមគ្នាពង្រឹងវិស័យកងកម្លាំងនគរបាលឱ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ដើម្បីជាប្រយោជន៍ទ្វេភាគី។
យោងតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានទទួលជួបលោកស្រី TSUI Sheung-Yee, Sally នាយកស៊ើបអង្កេត នៃនាយកដ្ឋានប្រតិបត្តិការនគរបាលហុងកុង និងប្រតិភូអមដំណើរ មានសមាជិកគណៈប្រតិភូកងកម្លាំងនគរបាលហុងកុង (HKPF) និងគណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយ (ICAC) មកបំពេញទស្សនកិច្ចការងារ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ការអញ្ជើញមកបំពេញទស្សនកិច្ចការងារមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅពេលនេះ គឺជាការបង្កើននូវទំនាក់ទំនងកាន់តែជិតស្និទ្ធិរវាងនគរបាលជាតិម្ពុជា និងកងកម្លាំងនគរបាលតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ហើយក៏ជាផ្នែកដ៏សំខាន់មួយក្នុងការចូលរួមចំណែកដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធការងារគ្នាទៅវិញទៅមក សំដៅកែលម្អ ពង្រឹងការគ្រប់គ្រងកម្លាំងនគរបាល អភិបាលកិច្ចលើវិស័យកងកម្លាំងនគរបាល ឱ្យកាន់តែមានសមត្ថភាព រឹងមាំបន្ថែមទៀត ក៏ដូចជាការទទួលបានគន្លឹះថ្មីៗ អាចយកជាប្រយោជន៍សម្រាប់ប្រើប្រាស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់នគរបាលឱ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់៕
ចែករំលែកព័តមាននេះ