ខេត្តប៉ៃលិន៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបានកន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកង់ ម៉ូតូដោយឥតគិតថ្លៃ នៅខេត្តប៉ៃលិន។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តប៉ៃលិន ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងខេត្តប៉ៃលិន នាសម័យប្រឡង នៅថ្ងៃទី២៨-២៩ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានការឧបត្ថម្ភគាំទ្រទាំងស្រុងពី ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងកងកម្លាំងមានសមត្ថកិច្ច បានរៀបចំកន្លែងស្នាក់នៅ អាហារ ៣ពេល និងរថយន្តដឹកជញ្ជូនទៅមណ្ឌលប្រឡង សម្រាប់បេក្ខជន ដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង ព្រមទាំងកន្លែងផ្ញើយានជំនិះកង់-ម៉ូតូ.ដោយឥតគិតថ្លៃ។
ជាមួយគ្នានោះ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានសម្តែងនូវអារម្មណ៍រំភើបសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ដែលបានយកចិត្តទុក្ខដាក់ខ្ពស់ចំពោះពួកគាត់ ដូចជាការរៀនបំប៉នត្រៀមប្រឡង ឧបត្ថម្ភកន្លែងស្នាក់នៅ និងអាហារ ៣ពេល ក្នុង១ថ្ងៃ ព្រមទាំងការផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ ដូច្នេះដើម្បីឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោកទាំង២ ក្មួយៗ ចៅៗ ប្តេជ្ញានឹងខិតខំប្រឡង អោយទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ