ទីក្រុងម៉ូស្គូ៖ ប្រទេសរុស្ស៊ីបង្ហាញទស្សនៈអវិជ្ជមានចំពោះសំណើរបស់សហភាពអឺរ៉ុបស្ដីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ រុស្ស៊ីថាខ្លួននឹងមិនទទួលយកសំណើណាមួយដែលនិយាយអំពីការបញ្ជូនកងទ័ពណាតូទៅឈរជើងកៀកនឹងរបងផ្ទះរបស់ខ្លួនឡើយ។ នេះបើតាមការថ្លែងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស។ ទន្ទឹមនឹងនោះ លោកក៏ឆ្លៀតនិយាយសរសើរជំហររបស់លោកត្រាំ។
លោកប៉េស្កូសថាលោកត្រាំហត់នឿយបន្តិចហើយនៅក្នុងការខិតខំបញ្ចប់សង្គ្រាមអ៊ុយក្រែន។ សង្ឃឹមថាលោកនឹងនៅតែបន្តកិច្ចខិតខំប្រឹងប្រែងនេះ។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន ក្រុមសម្ព័ន្ធមិត្តនៅអឺរ៉ុបចង់ដាក់បញ្ចូលលក្ខខណ្ឌនៃការធានាសន្តិសុខនៅក្នុងកញ្ចប់នៃកិច្ចព្រមព្រៀងនោះដើម្បីធានាថាគ្មានការឈ្លានពានអ៊ុយក្រែនជាបន្តទៀតទេ។
ប៉ុន្តែលោកប៉េស្កូសថ្លែងថាកងទ័ពអឺរ៉ុប និងណាតូដូចតែគ្នាទេ។ អឺរ៉ុបប្រើពាក្យថាបញ្ជូនកងរក្សាសន្តិភាពទៅឈរជើងនៅអ៊ុយក្រែន។ ប៉ុន្តែរូបភាពជាក់ស្ដែងគឺមិនខុសពីបញ្ជូនកងទ័ពណាតូទៅកៀកនឹងព្រំដែនប្រទេសរុស្ស៊ីនោះទេ។ ដូច្នេះរឿងអីដែលរុស្ស៊ីយល់ព្រម? រុស្ស៊ីបានជំទាស់ត្រង់ចំណុចនេះតាំងពីដំបូងដៃមកម៉្លេះ។លោកប៉េស្កូសថ្លែងថាដោយសារតែការវាតទីរបស់អង្គការណាតូទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងកងទ័ពចូលទឹកដីអ៊ុយក្រែននេះហើយដែលជាឫសគល់នៃការផ្ទុះសង្គ្រាមរហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះ លោកថ្លែងថារុស្ស៊ីមានគំនិតអវិជ្ជមានចំពោះផែនការរបស់អឺរ៉ុប។
ឥឡូវនេះ គ្រប់ភាគីយល់ស្របគ្នាថាត្រូវតែដាក់បញ្ចូលការធានាសន្តិសុខអ៊ុយក្រែននៅក្នុងកិច្ចព្រមព្រៀង។ ប៉ុន្តែចំណុចដែលខ្វែងគំនិតគ្នានៅត្រង់ថាតើត្រូវធានាសន្តិសុខតាមទម្រង់បែបណា។ រុស្ស៊ីថាខ្លួនគួរតែមានចំណែកជាអ្នកធានាសន្តិសុខរបស់អ៊ុយក្រែនដែរ។ ការចរចាគ្នារវាងអ៊ុយក្រែន និងរុស្ស៊ីកាលពីឆ្នាំ២០២២ រុស្ស៊ីចង់យកសំណើនៅពេលនោះមកដាក់នៅលើតុចរចា។ ប៉ុន្តែអ៊ុយក្រែនជំទាស់នឹងគំនិតនេះ។ អ៊ុយក្រែនថាបើធ្វើតាមសំណើនេះ រុស្ស៊ីអាចខ្ទាស់មិនឱ្យដាក់កងទ័ពបរទេសនៅលើទឹកដីអ៊ុយក្រែន។ លោកប៉េស្កូសទទួលស្គាល់បញ្ហាធានាសន្តិសុខអ៊ុយក្រែនជាប្រធានបទសំខាន់ជាទីបំផុត។ ប៉ុន្តែលោកយល់ថាការយកបញ្ហានេះមកជជែកវែកញែកគ្នាជាសាធារណៈមិនអាចជួយដោះស្រាយអ្វីបានឡើយ៕
ចែករំលែកព័តមាននេះ