អភិបាលខេត្តពោធិ៍សាត់ នាំយកស្បៀងអាហារ និងថ្នាំពេទ្យផ្ដល់ជូនកងទ័ពសមរភូមិមុខ ទិសខេត្តព្រះវិហារ ជាលើកទី៣
ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥…
ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥…
ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូមន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុក នាំយកអំណោយទៅផ្ដល់ជូនកងទ័ពសមរភូមិមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ព្រំប្រទល់ ទិសខេត្តព្រះវិហារ ជាលើកទី៣ ។
អំណោយរួមមាន ៖ អំបុក២៣បេ ស្មើនឹង១៥០០កញ្ចប់, សាច់ផាត់៧០០កញ្ចប់, ងៀតត្រីឆ្ដោ២២៨គក្រ, ងៀតត្រីរ៉ស់១០៥គក្រ, ងៀតត្រីប្រា១២៣គក្រ, ប្រហុក៥៥គក្រ, ត្រីស្រស់៤កែស, ទុរ៉េន២៥០គក្រ, ទឹកបរិសុទ្ធ១,០០០កែស ថ្នាំ និងបរិក្ខាពេទ្យ ១,០០០ឃីត ព្រមទាំងស្បៀងអាហារ និងផ្លែឈើមួយចំនួនទៀត ។
លោក ខូយ រីដា មានប្រសាសន៍ថា ការនាំអំណោយមកជូនកងទ័ព នាពេលនេះ គឺជាលើកទី៣ហើយ ហើយអំណោយទាំងអស់នេះបានមកពីសប្បុរសជនពីគ្រប់ទិសទី ពិសេសគឺប្រជាជន និងសមាគមនារីខេត្តពោធិ៍សាត់តែម្ដង ដែលមានទឹកចិត្តចេញពីបេះដូង ក្នុងស្មារតីស្នេហាជាតិ ស្រលាញ់ជាតិ ស្រលាញ់វីរកងទ័ព ដែលកំពុងប្រឈមជាមួយខ្មាំងសត្រូវ នៅសមរភូមិមុខ។ ពួកគាត់រន្ធត់ក្នុងចិត្តណាស់ ដែលម្នាក់ៗលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិ មាតុភូមិ និងប្រជាជនរបស់យើង។ ការនាំយកអំណោយមកជូនកងទ័ព នៅទិសខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យនេះ ដោយសារកងទ័ពជួរមុខ នៅទិសខេត្តពោធិ៍សាត់ យើងគ្រប់គ្រងបានហើយ ។
អភិបាលខេត្ត មានប្រសាសន៍ថា យើងពិតជាមានមោទនភាព ចំពោះវីរកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្ដីស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ដែលពួកគាត់បានយកទ្រូង ពាំងគ្រាប់រំសេវ និងអាវុធគ្រប់ប្រភេទ ប្ដូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងគ្រប់គ្នាអាចសម្រាន្តលក់ ហូបឆ្ងាញ់ និងភាពកក់ក្ដៅជាមួយក្រុមគ្រួសារ ប៉ុន្តែពួកគាត់ហាលក្ដៅ ហាលភ្លៀង និងប្រឈមបញ្ហាគ្រប់បែបយ៉ាង ។
លោក ខូយ រីដា សូមឲ្យបងប្អូនកងទ័ពសមរភូមិមុខទាំងអស់ ចេះជួយគ្នាទៅវិញទៅមក មានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះខ្មាំងសត្រូវ ដែលប៉ុនប៉ងឈ្លានពានទឹកដីរបស់កម្ពុជាយើង។ ជាមួយគ្នានេះ ត្រូវថែរក្សាសុខភាព និងស្ដាប់បទបញ្ជាររបស់មេបញ្ជាការអង្គភាព ហើយត្រូវជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ៕
ចែករំលែកព័តមាននេះ