រាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋមួយគ្រឿង បានចុះពីស្ពានខ្សែកាបឬស្សីកែវ ដាច់ហ្វ្រាំងបុករះរថយន្តចំនួន២គ្រឿង បណ្ដាលអោយរងការខូចខាតធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងណា នេះចាត់ទុកជាសំណាង ពុំបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់ឡើយ ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង០១និង២០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដែលស្ថិតនៅចំណុចផ្លូវចុះពីលើស្ពាន ដែលតែងតែកើតមានគ្រោះថ្នាក់ជាបន្តបន្តាប់ ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមនគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់ជារថយន្តដឹកឥដ្ឋ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-1686 ។
បើតាមសាក្សី បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-1686 ដឹកឥដ្ឋ មួយគ្រឿងខាងលើបានធ្វើដំណើរក្នុងទិសដៅពីកើតមកលិច ចុះពីលើស្ពានហើយបុករះរថយន្តជាបន្តបន្ទាប់ចំនួន ២គ្រឿង ក្នុងនោះ ម៉ាក Masda CX5 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD- 8628 មួយគ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយបានរុញទៅបុករថយន្តដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ស្លាក ភ្នំពេញ 2AF-6521 បណ្ដាលឲ្យរងការខូចខាតតែសំណាងល្អមិនបានបណ្តាលឲ្យមនុស្សរងរបួសឡើយ ។
តាមអ្នកបើកបររថយន្តដឹកឥដ្ឋ បានអោយដឹងថា ការកើតមានគ្រោះថ្នាក់ បណ្តាលមកពីរថយន្តដាច់ហ្វ្រាំងជាន់មិនស៊ី។ ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានក៍បានចុះទៅសម្រួលចរាចរណ៍ រួចរាយការណ៍ទៅកាន់នគរបាលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះទាំង២គ្រឿងខាងលើទៅរក្សាទុក ដើម្បីដោះស្រាយ ។
គួរបញ្ជាក់ថា នៅចំណុចកើតហេតុ តែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ ជាបន្តបន្ទាប់ និងជាកន្លែង ដែលមន្ត្រីគយបុករះយានយន្តជាច្រើនគ្រឿង បណ្តាយស្លាប់ និងរបួសជាច្រើននាក់ផងដែរ ៕




ចែករំលែកព័តមាននេះ