រាជធានីភ្នំពេញ ៖ ក្មេងទំនើងចំនួន៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថ នៅតាមបណ្ដាខណ្ឌនានា ឃាត់ខ្លួនជាបន្តបន្ទាប់ បន្ទាប់ពីធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះប្លន់យកម៉ូតូម៉ាកនិច មួយគ្រឿង ។
ក្រុមក្មេងទំនើង ដែលឃាត់ខ្លួន ៖
១.ឈ្មោះ លឹម ហេងលាភ ភេទប្រុស
២.ឈ្មោះ ឈ្មោះ ផេង វិច្ឆិកា ភេទប្រុស
៣.ឈ្មោះ សល់ សុវណ្ណ
៤.ឈ្មោះ ចំរើន បញ្ញា
និង៥.ឈ្មោះ ហ៊ុល វណ្ណៈសុផា ហៅ ង៉ោល ភេទប្រុស ។
តាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ០២និង០០នាទី រំលងអធ្រាត្រ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ជនសង្ស័យខាងលើ មានបក្ខពួកប្រមាណ ៦០-៧០នាក់ មធ្យោបាយម៉ូតូប្រមាណ ៥០គ្រឿង ប្រដាប់ដោយដំបងដែកទីប ដងឆ័ត្រ ដំបងឫស្សី កាំបិតប៉័ងតោ និងដុំថ្ម ធ្វើសកម្មភាពកាប់ វាយ និងគប់ ប្លន់យកម៉ូតូ ចំនួន ០១គ្រឿង ម៉ាក Nex ពណ៌ស ឆ្នាំផលិត២០១៧ ស្លាកលេខ ភ្នំពេញ 1GG-9108 ពីជនរងគ្រោះ និងមិត្តភក្តិ មានគ្នា ៦នាក់ ដែលកំពុងអង្គុយនៅតូបលក់អីវ៉ាន់នៅចំណុច ផ្លូវឈ្នះៗ ខាងកើត វិមានឈ្នះៗ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងសកម្មភាពបណ្ដាលឱ្យអ្នកខ្លះរងរបួស និងខូចខាតម៉ូតូមួយចំនួន រួចក៏នាំគ្នាជិះគេចខ្លួនបាត់តែម្តង ។
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា បន្ទាប់ពីមានហេតុការណ៍កើតឡើង កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលប្រចាំការការពារនៅវិមានឈ្នះៗ បានធ្វើអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ លឹម ហេងលាភ ភេទប្រុស ប្រគល់ជូនកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ក្រោយពេលសាកសួរជនសង្ស័យឈ្មោះ លឹម ហេងលាភ រួចមក កម្លាំងជំនាញអាវុធហត្ថខណ្ឌជ្រោយចង្វារ បានសហការជាមួយកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បន្តការស្រាវជ្រាវរហូតកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ឈ្មោះ ផេង វិច្ឆិកា ភេទប្រុស នៅចំណុច បន្ទប់ជួលលេខ៣០ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១២ និង ២០ នាទី និងបានបន្តពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងជំនាញ កម្លាំងជំនាញអាវុធហត្ថ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ភេទប្រុស ចំនួន ០២នាក់ទៀត ឈ្មោះ សល់ សុវណ្ណ និងឈ្មោះ ចំរើន បញ្ញា នៅចំណុចផ្លូវលំ ភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ រហូតដល់វេលាម៉ោងប្រមាណ ១៧ និង ៣០ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចជំនាញបន្តសហការជាមួយនិងកម្លាំងជំនាញអាវុធហត្ថ ខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ឈ្មោះ ហ៊ុល វណ្ណៈសុផា ហៅ ង៉ោល ភេទប្រុស នៅចំណុច ផ្លូវ១០៣កែង១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1JX-8982, បំពង់ទីប ០១ដើម, ដុំថ្ម០៥ដុំ រួមនឹងសម្ភារមួយចំនួនទៀត ។
ជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួក ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ៕









ចែករំលែកព័តមាននេះ