ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​​ផ្ទុះ​មីន របួស​កងទ័ព​ថៃ និង​បញ្ជាក់​ជា​ថ្មី​ថា មិន​បាន​ប្រើប្រាស់ និង​មិន​បាន​ដាក់​គ្រាប់​មីន​ថ្មី​ឡើយ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​ នៃ​ការ​ផ្ទុះ​គ្រាប់​មីន ​ដែល​បណ្តាល​ឱ្យ​កងទ័ព​ថៃ ​រង​របួស​ និង​បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា ​មិន​បាន​ប្រើប្រាស់ និង​មិន​បាន​ដាក់​គ្រាប់​មីន​ថ្មី​ឡើយ និង​ប្រកាន់ខ្ជាប់​នូវ​ការ​គោរព​អនុសញ្ញា​អូ​តា​វ៉ា​…

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​ នៃ​ការ​ផ្ទុះ​គ្រាប់​មីន ​ដែល​បណ្តាល​ឱ្យ​កងទ័ព​ថៃ ​រង​របួស​ និង​បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា ​មិន​បាន​ប្រើប្រាស់ និង​មិន​បាន​ដាក់​គ្រាប់​មីន​ថ្មី​ឡើយ និង​ប្រកាន់ខ្ជាប់​នូវ​ការ​គោរព​អនុសញ្ញា​អូ​តា​វ៉ា​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ ​ក្រសួងការពារជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ​នៅ​យប់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥​ បាន​លើក​ឡើង​ថា ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​ នៃ​ការ​ផ្ទុះ​គ្រាប់​មីន ​ដែល​បណ្តាល​ឱ្យ​កងទ័ព​ថៃ​រង​របួស។ ក្រសួងការពារជាតិ​សូម​គូសបញ្ជាក់​សា​រជា​ថ្មី​ថា កម្ពុជា​មិន​បាន​ប្រើប្រាស់ និង​មិន​បាន​ដាក់​គ្រាប់​មីន​ថ្មី​ឡើយ និង​ប្រកាន់ខ្ជាប់​នូវ​ការ​គោរព​អនុសញ្ញា​អូ​តា​វ៉ា ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី ​នៃ​អនុសញ្ញា​ហាមប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស​នេះ​ ។

ជាមួយ​គ្នា​នេះ កម្ពុជា​ក៏​ធ្លាប់​បាន​ជម្រាប​ជូន​ភាគី​ថៃ ​និង​សហគមន៍​អន្តរជាតិ​ជា​ច្រើន​ដង ​រួច​មក​ហើយ​ថា នៅ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ទឹកដី​កម្ពុជា គឺ​នៅ​មាន​គ្រាប់​មីន​ ជា​ច្រើន ​ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាមស៊ីវិល​។ កម្ពុជា ​សូម​គូសបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់ និង​ច្បាស់លាស់​បំផុត​ នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ​នូវ​បទ​ឈប់​បាញ់​ដែល​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​គោលការណ៍​ឯកភាព​ទាំង ១៣ចំណុច ​ឯកភាព​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ ​។

កម្ពុជា​ សូម​អំពាវនាវ​ឱ្យ​ភាគី​ថៃ ​គោរព​នូវ​លក្ខខណ្ឌ ​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ព្រមទាំង​ស្មារតី និង​ការ​ឯកភាព​គ្នា នៅ​ក្នុង​កិច្ចប្រជុំ​ វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ (GBC) ដែល​ថា «​ភាគី​ទាំង​ពីរ ​បាន​ព្រមព្រៀង​គ្នា​រក្សា​កម្លាំងយោធា​របស់​ខ្លួន​នៅ​ក្នុង​ទីតាំង​បច្ចុប្បន្ន ដោយ​មិន​អនុញ្ញាត​ឱ្យ​ផ្លាស់​ទី ​ហួស​ពី​ទីតាំង​ ដែល​ខ្លួន​បាន​ឈរជើង​ក្នុង​ពេល​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន​នៅ​ម៉ោង​១២ រំលង​អធ្រាត្រ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ឡើយ​។ ភាគី​ទាំង​ពីរ ​មិន​ត្រូវ​ចល័ត​កងទ័ព​របស់​ខ្លួន រាប់​បញ្ចូល​ទាំង​ការ​ដើរ​ល្បាត​ទៅ​លើ​ទីតាំង​របស់​ភាគី​ម្ខាង​ទៀត​ឡើយ ​។

លើស​ពី​នេះ​ទៀត កម្ពុជា ​បាន​ប្រកាន់ខ្ជាប់​ និង​អនុវត្ត​តាម​ស្មារតី​ដែល​ភាគី​ទាំង​ពីរ ​បាន​ឯកភាព​គ្នា ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) នា​ពេល​កន្លង​មក ជា​ពិសេស​កិច្ចប្រជុំ​វិសាមញ្ញ ថ្នាក់​យោធភូមិ​ភាគ​រវាង​យោធភូមិ​ភាគ​ទី​៤ កម្ពុជា ​និង​បញ្ជាការដ្ឋាន​កងទ័ព​ភូមិភាគ​ទី​២ ថៃ ដែល​ទើបតែ​បញ្ចប់​ទៅ​នៅ​វេលា​ម៉ោង ១១:៥៣ នាទី ក្នុង​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥​នេះ ដោយ​ភាគី​ទាំង​ពីរ​ បាន​ឯកភាព​គ្នា​បង្កើន​ជំនឿ​ទុកចិត្ត​ សំដៅ​កាត់​បន្ថយ​ភាព​តានតឹង និង​រក្សា​សន្តិភាព​នៅ​តាម​បណ្តោយ​ព្រំដែន ដោយ​ប្រើប្រាស់​យន្តការ​ផ្សេង​ៗ ​ដើម្បី​ដោះស្រាយ​ភាព​ខុស​គ្នា​ ដោយ​សន្តិវិធី និង​បញ្ជៀ​សការ​ប៉ះទង្គិច​គ្នា ក្នុង​ស្មារតី​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព ​និង​សាមគ្គីភាព និង​ប្រសិនបើ​មាន​បញ្ហា​អ្វី​ត្រូវ​រួម​គ្នា​ដោះស្រាយ​តាម​យន្តការ​ ដែល​មាន​ស្រាប់​។ ក្នុង​ន័យ​នេះ កម្ពុជា​ស្នើ​សុំ​ឱ្យ​ភាគី​ថៃ​អនុវត្ត​ដូច​គ្នា​នូវ​ស្មារតី​នេះ ​។

កម្ពុជា ​សូម​គូសបញ្ជាក់​សា​ជា​ថ្មី ​នូវ​គោល​ជំហរ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ស្មោះត្រង់ ស្រប​តាម​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ