រាជធានីភ្នំពេញ ៖ មានសកម្មភាពគាស់បន្ទប់ជួល លួចយកទ្រព្យសម្បត្តិ ចំនួន៣លើក ខណៈម្ចាស់បន្ទប់ខ្លះមិនបាននៅព្រោះទៅសម្រាកនៅផ្ទះផ្សេង និងម្ចាស់បន្ទប់ខ្លះទៀតជាកម្មករ កម្មការិនីរោងចក្រ រវល់ចេញទៅធ្វើការបាត់ ប៉ុន្តែក្រោយពីទទួលបានពាក្យបណ្ដឹងជនរងគ្រោះរួចមក កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បានធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាជនសង្ស័យបាន រួចក៏ធ្វើការឃាត់ខ្លួនបាន២នាក់ ខណៈជនសង្ស័យកំពុងសម្ងំលាក់ខ្លួននៅក្នុងផ្ទះជួល ។
ការឃាត់ខ្លួនជនសង្ស័យ២នាក់នោះ បានធ្វើឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ឈ្មោះ ឆាំ អំណត់ ហៅគ្រហុប អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃក្រាល ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ និងម្នាក់ទៀតឈ្មោះ យុទ្ធ កុសល អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ។ ជនសង្ស័យ២នាក់នេះ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ។
នគរបាលបានប្រាប់ឲ្យដឹងថា ក្រោយពេលចាប់ខ្លួនធ្វើការសួរនាំទើបដឹងថា ជនសង្ស័យ២នាក់នេះ បានធ្វើសកម្មភាពគាស់បន្ទប់ជួលរបស់កម្មកររោងចក្រ២លើក និងគាស់ផ្ទះលក់បាយ១លើក ហើយលួចទ្រព្យសម្បត្តិមួយចំនួនបានសម្រេចជាបន្តបន្ទាប់។ ក្នុងនោះលើកទី១ ៖ នៅវេលាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ គាស់បន្ទប់ជួលមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ដោយលួចយកកាបូប១ ដាក់ខ្សែកប្លាទីន១ខ្សែ តម្លៃ៩៩ម៉ឺនរៀល, អត្តសញ្ញាណប័ណ្ណ១សន្លឹក ព្រមទាំងគ្រឿងអលង្ការកាឡៃមួយចំនួនទៀត ខណៈពេលនាងរងគ្រោះចេញទៅធ្វើការរោងចក្របាត់ ។
នគរបាលបានប្រាប់ឲ្យដឹងបន្តផងដែរថា ជនរងគ្រោះម្ចាស់បន្ទប់ និងជាម្ចាស់ទ្រព្យសម្បត្តិខាងលើនោះឈ្មោះ វីន ស្រីណឹង អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិជំនុំពាល់ ឃុំចុងម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្រោយពេលលួចបាន ជនសង្ស័យស្មានថា ខ្សែកប្លាទីនតម្លៃ ៩៩ម៉ឺនរៀលនោះ ជាខ្សែកកាឡៃ ដូចគ្រឿងអលង្ការកាឡៃផ្សេងទៀតដែរនោះ ទើបមិនបានយកទៅលក់ឡើយ។ ចំណែកនារីរងគ្រោះ ក្រោយពេលត្រលប់មកពីធ្វើការនៅវេលាល្ងាចថ្ងៃដដែលទើបដឹងថា ចោរគាស់បន្ទប់លួចទ្រព្យសម្បត្តិ ហើយរហូតដល់ថ្ងៃទី១៥ ខែសីហា ទើបទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍ត្រពាំងក្រសាំង ។
នគរបាលដដែល បានបញ្ជាក់ប្រាប់បន្តទៀតថា លើកទី២ ៖ នៅវេលាជិតភ្លឺថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ គាស់ផ្ទះលក់បាយមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយម្ចាស់មិនទាន់អត់ស្គាល់អត្តសញ្ញាណម្ចាស់ផ្ទះនៅឡើយទេ ខណៈនោះលួចបានតែសាច់ជ្រូកប្រឡាក់ ចំនួន៥គីឡូក្រាមប៉ុណ្ណោះ ។ បន្ទាប់មកលើកទី៣ ៖ នៅវេលាព្រឹកថ្ងៃទី២៦ ខែសីហា ដដែលនោះបន្តទៅធ្វើសកម្មភាពគាស់បន្ទប់ជួលមួយកន្លែងទៀត ស្ថិតនៅក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ខណៈម្ចាស់បន្ទប់ចេញទៅធ្វើការបាត់ លួចយកបានសម្ភារមួយចំនួន រួចគេចទៅសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
នគរបាល បានប្រាប់បន្ថែមថា បន្ទាប់ពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះទី១ កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែសីហានេះ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចបន្ទប់ជួលខាងលើ។ ពេលនោះ នគរបាលដកហូតបានខ្សែក ប្លាទីន ១ខ្សែ គ្រឿងអលង្ការកាឡៃមួយចំនួន អត្តសញ្ញាណប័ណ្ណ ប័ណ្ណចាក់វ៉ាក់សាំង ប័ណ្ណបើកបរ ទូរសព្ទ និងកាបូប បន្ទាប់មកបាននាំជនសង្ស័យទាំង២នាក់នោះ ទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕





ចែករំលែកព័តមាននេះ