ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀងបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាង​រាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទន៍

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥​កន្លង​ទៅ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥​កន្លង​ទៅ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម អាត់​សា​ផាង​ថុ​ង ស៊ី​ផា​ដុន អភិបាល​រដ្ឋធានី​វៀងចន្ទន៍ បាន​ជួប​សម្តែង​ការ​គួរសម និង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​ចំណងសម្ព័ន្ធមេត្រីភាព​រវាង​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​រដ្ឋធានី​វៀងចន្ទន៍ នៃ​សា​ធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

ពិធី​ចុះហត្ថលេខា​នេះ ប្រារព្ធ​ធ្វើ​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង ទីក្រុង​នៃ​ប្រទេស​ទាំង​២ កម្ពុជា និង​ឡាវ កាន់តែ​មាន​ភាពរឹងមាំ​ល្អ​ប្រសើរ​មួយ​កម្រិត​ថែម​ទៀត ជា​ពិសេស​ជំរុញ​ដល់​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​ផ្លាស់​ប្តូរ​ការ​អប់រំ និង​វប្បធម៌ ព្រមទាំង​វិស័យ​ផ្សេង​ៗទៀត សម្រាប់​ផលប្រយោជន៍​របស់​ភាគី​ទាំង​ពីរ ។ឯកឧត្ដម ឃួ​ង ស្រេង នៅ​ក្នុង​ឱកាស​នោះ បាន​លើក​ឡើង​ពី​ភាព​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ក៏​ដូច​ជា​រាជធានី​ភ្នំពេញ ដែល​នៅ​ពេល​ចុង​ក្រោយ​នេះ កម្ពុជា​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ក្នុង​នោះ​មាន​ដូច​ជា ការ​ស្ថាបនា​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ការ​កសាង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ការ​ស្តារ​ទន្លេ ការ​កសាង​អាកាស​យានដ្ឋាន​អន្តរជាតិ​តេ​ជោ ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ជាដើម ។

កឧត្ដម ឃួ​ង ស្រេង បាន​បញ្ជាក់​ថា រាជធានី​ភ្នំពេញ​បាន​ទទួលភ្ញៀវ​ទេសចរ​ប្រមាណ​១០​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០២៤ ដែល​នេះ​ពិតជា​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​កើនឡើង​ភ្ញៀវ​ទេសចរ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០២៣ ។ដើម្បី​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​កាន់តែ​មានការ​កើនឡើង​ថែម​ទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ បានបង្កើត​ឱ្យ​មាន​ផ្លូវ​ថ្មើរជើង​ចតុមុខ ។ ផ្លូវ​ថ្មើរជើង​ថ្មី​នេះ បាន​ទទួលភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ក្នុង​មួយ​ថ្ងៃ​ប្រមាណ​៨​មុ​ឺ​ន​ទៅ​១០​ម៉ឺន​នាក់សម្រាប់​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ រហូត​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​ជាប់​ចំណាត់ថ្នាក់​លេខ​២​លើ​ពិភពលោក ឈ្មោះ​ថា​ជាទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​នៅ​ពេល​រាត្រី ។

ឯកឧត្តម អាត់​សា​ផាង​ថុ​ង ស៊ី​ផា​ដុន អភិបាល​រដ្ឋធានី​វៀងចន្ទន៍ បាន​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​ការ​រីក​ចម្រើន​របស់​រាជធានី​ភ្នំពេញ ដោយ​ឯកឧត្តម​បាន​លើក​ឡើង​ថា រាជធានី​ភ្នំពេញ មានការ​រីក​ចម្រើន​ល្អ​ណាស់ ហើយ​នៅ​តាម​បណ្ដា​ខេត្ត​ក៏​មានការ​រីក​ចម្រើន​ព្រម​ៗ​គ្នា​ដែរ ។ ឯកឧត្តម​បន្ត​ថា ទំនាក់ទំនង​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​រវាង​កម្ពុជា​និង​ឡាវ គឺ​កាន់តែ​មាន​ភាពល្អ​ប្រសើរ ដោយ​ថ្មី​ៗ​នេះ ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​កម្ពុជា បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ហើយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​ប្រទេស​ឡាវ ក៏​បាន​មក​បំពេញ​ទស្សនៈកិច្ច​នៅ​ប្រទេស​កម្ពុជា​ដែរ ។ នេះ​ជា​ការ​ពូន​ជ្រំ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ និង​កាន់តែ​មាន​ភាពរឹងមាំ​បន្ថែម​ទៀត ។ក្នុង​ឱកាស​នោះ ឯកឧត្តម អាត់​សា​ផាង​ថុ​ង ស៊ី​ផា​ដុន ក៏​បាន​អញ្ជើញ​ឯកឧត្ដម ឃួ​ង ស្រេង ដឹកនាំ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​វៀងចន្ទន៍​ផង​ដែរ ។


ជា​ការ​ឆ្លើយ​តប ឯកឧត្ដម ឃួ​ង ស្រេង បាន​បញ្ជាក់​ថា តប​តាម​ការ​អញ្ជើញ​នេះ ឯកឧត្ដម នឹង​ពិនិត្យ​លទ្ធភាព​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​វៀងចន្ទន៍ នៅ​ពេលវេលា​ណាមួយ​សម​ស្របខាង​មុខ​នេះ ។ សូម​ជម្រាប​ថា រាជធានី​ភ្នំពេញ និង​រដ្ឋធានី​វៀងចន្ទន៍ ធ្លាប់​បាន​ចុះហត្ថលេខា​ចងសម្ព័ន្ធ​មេត្រី​ភាព​ជាមួយ​គ្នា​ម្តង​រួច​ហេ​ី​យ កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៤ កន្លង​មក ។ ការ​ចុះ​កិច្ច​ព្រមព្រៀង​ចងសម្ព័ន្ធ​មេត្រីភាព​ឡើង​វិញ​នៅ​ថ្ងៃនេះធ្វើ​ឡើង​ក្រោយ​ពី​ទទួល​បាន​គោលការណ៍​ឯកភាព​ពី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ពេល​ថ្មី​ៗ​នេះ តាម​រយៈ​ការ​ស្នើ​សុំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដេ​ី​ម្បី​ឆ្លើយ​តប​នឹង​ភាព​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​របស់​រាជធានី​ភ្នំពេញ និង​ទីក្រុង​វៀងចន្ទន៍ នា​ពេល​បច្ចុប្បន្ន​នេះ ។


អ្វី​ដែល​ត្រូវ​កត់សម្គាល់​រួម​មាន ៖១-​កិច្ចព្រមព្រៀង​កន្លង​មក គឺ​ដេ​ី​ម្បី​ផ្លាស់​ប្ដូរ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​ភាគី​ទាំង​២ តែ​ពេល​នេះ ការ​ផ្លាស់​ប្តូរ​គណៈប្រតិភូ​នឹង​ធ្វើ​ឡើង​គ្រប់​កម្រិត ទាំង​គណៈប្រតិភូ​ជាន់ខ្ពស់ មន្ដ្រី​ជំនាញ និង​ប្រតិភូ​គ្រប់​វិស័យ ។ ២-​ភាគី​ទាំង​ពីរ​នឹង​សហការ​គ្នា លើ​ការ​ផ្លាស់​ប្ដូរ​ប្រជាជន​និង​ប្រជាជន ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន ដូច​ជា ទីក្រុង​វៃឆ្លាត ចំណេះដឹង​ឌី​ជី​ថ​ល និង​កិច្ចប្រជុំ​បណ្តាញ​នានា ។ ៣-​ភាគី​ទាំង​ពីរ នឹង​ផ្តល់​ការ​គាំទ្រ និង​សម្របសម្រួល​ដល់​មន្ទីរ អង្គភាព​ពាក់ព័ន្ធ នៃ​រដ្ឋធានី​វៀងចន្ទន៍ និង​រាជធានី​ភ្នំពេញ ព្រមទាំង​ជំរុញ​ដល់​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​ផ្លាស់​ប្តូរ​ការ​អប់រំ និង​វប្បធម៌ ព្រមទាំង​វិស័យ​ផ្សេង​ៗ​ទៀត សម្រាប់​ផលប្រយោជន៍​របស់​ភាគី​ទាំង​ពីរ ។ ៤-​ប្រសិនបើ​មាន​ភាព​ខុស​គ្នា​កើតឡើង ក្នុង​ការ​បកស្រាយ ឬ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ត្រូវ​ដោះស្រាយ​ដោយ​មិត្តភាព តាម​រយៈ​ការពិគ្រោះ​យោបល់​រវាង​ភាគី​ទាំង​ពីរ ។ ៥-​រាល់​អត្ថបទ​ទាំងឡាយ​ណា​ដែល​មាន​ខ្លឹមសារ​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​នេះ ត្រូវ​ទុកជា​និរាករណ៍ ដោយ​ស្ថិត​ក្រោម​ច្បាប់​គ្រប់គ្រង និង​បទ​ប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ