ជំងឺមហារីកច្រមុះ (Nasopharyngeal Cancer) គឺជាជំងឺមហារីកដែលកើតឡើងនៅផ្នែកខាងក្រោយច្រមុះ។ ជំងឺនេះច្រើនតែពិបាករកឃើញនៅដំណាក់កាលដំបូង ប៉ុន្តែការយល់ដឹងពីសញ្ញារបស់វានឹងជួយឱ្យអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យទាន់ពេលវេលា។
រោគសញ្ញាគួរប្រុងប្រយ័ត្ន
នៅដំណាក់កាលដំបូង ជំងឺមហារីកច្រមុះមិនបង្ហាញសញ្ញាច្បាស់លាស់ទេ ប៉ុន្តែប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោមនេះ សូមកុំមើលរំលង៖
- មានដុំពកនៅក: ជាពិសេសនៅកន្លែងដែលគេហៅថា «កូនកណ្តុរ»។
- ឈាមច្រមុះ ឬតឹងច្រមុះ: ជាញឹកញាប់កើតឡើងតែម្ខាង។
- ការស្តាប់ធ្លាក់ចុះ ឬហ៊ឹងត្រចៀក: កើតឡើងតែម្ខាង។
- ឈឺក្បាលរ៉ាំរ៉ៃ: ដែលកើតមានជាញឹកញាប់ដោយគ្មានមូលហេតុច្បាស់លាស់។
តើអ្វីជាកត្តាហានិភ័យ?
ទោះបីជាមូលហេតុពិតប្រាកដមិនទាន់ត្រូវបានរកឃើញក៏ដោយ ក៏មានកត្តាមួយចំនួនដែលជំរុញឱ្យកើតមានជំងឺនេះ៖
- កត្តាភូមិសាស្ត្រ: ត្រូវបានរកឃើញច្រើននៅតំបន់អាស៊ីភាគខាងកើត ជាពិសេសប្រទេសចិនភាគខាងត្បូង។
- របបអាហារ: ញ៉ាំអាហារសម្បូរជាតិ Nitrosamine ដូចជាអាហារប្រឡាក់, ហាលស្ងួត និងអាហារអាំង។
- ការងារ: អ្នកដែលធ្វើការទាក់ទងនឹងឈើ ឬជាងឈើ។
- មេរោគ: ការឆ្លងមេរោគ Epstein-Barr Virus។
- ប្រវត្តិគ្រួសារ: មានសមាជិកគ្រួសារដែលធ្លាប់កើតជំងឺនេះ។
តើត្រូវការពារដោយរបៀបណា?
មិនមានវិធីការពារជំងឺមហារីកច្រមុះទាំងស្រុងនោះទេ ប៉ុន្តែអ្នកអាចកាត់បន្ថយហានិភ័យដោយចៀសវាងកត្តាជំរុញដូចបានរៀបរាប់ខាងលើ។
ក្នុងនាមជាគ្រូពេទ្យជំនាញ សូមអំពាវនាវដល់បងប្អូនទាំងអស់ ដែលមានរោគសញ្ញាដូចជា ឈាមច្រមុះ ឬ តឹងច្រមុះជាប្រចាំ សូមប្រញាប់ទៅពិគ្រោះ ពិនិត្យ និងព្យាបាលជាមួយក្រុមគ្រូពេទ្យជំនាញឱ្យបានទាន់ពេលវេលា៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត
ចែករំលែកព័តមាននេះ