ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរងខេត្តតាកែវ ជំរុញឱ្យគ្រប់មន្ទីរ-អង្គភាព ពន្លឿនការធ្វើបណ្ណកម្មសិទ្ធិលើអចលនទ្រព្យរដ្ឋ

35 នាទី មុន

ខេត្តតាកែវ ៖ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ លោក ម៉​ម កាយ អភិបាលរង​ខេត្តតាកែវ…

ខេត្តតាកែវ ៖ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ លោក ម៉​ម កាយ អភិបាលរង​ខេត្តតាកែវ បាន​ជំរុញ​ឱ្យ​គ្រប់​មន្ទីរ អង្គភាព រដ្ឋបាល​ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ព​ន្លឿ​ន​ការ​ធ្វើ​បណ្ណ​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​របស់​រដ្ឋ​ដែល​ខ្លួន​កំពុង​គ្រប់គ្រង ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា ។

ការ​ថ្លែង​ជំរុញ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ពិនិត្យ និង​វាយតម្លៃ​លើ​ការ​គ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រចាំឆ្នាំ​២០២៤ ដែល​ប្រារព្ធ​ធ្វើ​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​លោក យូ​ទី អគ្គនាយករង​វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​មន្ត្រី​ពាក់ព័ន្ធ​សរុប​ជាង ៥០០​នាក់ ។
លោក​អភិបាលរង​ខេត្ត បាន​កត់​សម្គាល់ថា មន្ទីរ​-​អង្គភាព និង​រដ្ឋបាល​មូលដ្ឋាន​មួយ​ចំនួន​នៅ​មាន​បញ្ហា​ប្រឈម ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​អចលនទ្រព្យ​រដ្ឋ ដែល​បណ្តាល​ឱ្យ​លទ្ធផល​នៃ​ការងារ​ចុះបញ្ជី​នៅ​មិន​ទាន់​បាន​ល្អ​ប្រសើរ​នៅឡើយ ។ បញ្ហា​នេះ​រួម​មាន ដី​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ និង​ដី​ខ្លះ​ទៀត​បាន​ចុះបញ្ជី​ហើយ តែ​មិន​ទាន់​បាន​ស្នើ​សុំ​ធ្វើ​បណ្ណ​កម្មសិទ្ធិ​។

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ លោក ម៉​ម កាយ បាន​ស្នើ​ឱ្យ​មន្ទីរ​-​អង្គភាព និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់ សហការ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី និង​ធ្វើ​បណ្ណ​កម្មសិទ្ធិ​លើ​ដី​រដ្ឋ​ដែល​ខ្លួន​កាន់កាប់ ទៅ​កាន់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ។

ជាមួយ​គ្នា​នេះ ក៏​ត្រូវ​ធ្វើការ​ជម្រះបញ្ជី ឬ​កែតម្រូវ​ឯកសារ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល ១០០% ទាំង​ការងារ​បញ្ជី​សារពើ​ភណ្ឌ និង​ការ​ចុះបញ្ជី​ធ្វើ​បណ្ណ​កម្មសិទ្ធិ​ក្នុង​ឆ្នាំ ២០២៥ នេះ ។
លោក​ក៏​បាន​បន្ថែម​ថា គ្រប់​មន្ទីរ​-​អង្គភាព និង​រដ្ឋបាល​ពាក់ព័ន្ធ​ត្រូវធ្វើ​របាយការណ៍​បច្ចុប្បន្នភាព​ស្តី​ពី​ការ​ចុះបញ្ជី​ដីធ្លី​របស់​ខ្លួន​ទៅ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត ដើម្បី​ឱ្យ​មន្ទីរ​មាន​មូលដ្ឋាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ