ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង០០និង៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ អាជីវករជុំវិញផ្សារថ្មីពោធិ៍សាត់ មានការភ្ញាក់ផ្អើល ភ័យស្លន់ស្លោយ៉ាងខ្លាំង ដោយមានករណីអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ឆ្លងពីតូប១ទៅតូប១ រហូតដល់០៦តូប ទំរាំរថយន្ដពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ទាន់។
ក្នុងពេលកំពុងកើតហេតុ គេឃើញកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ, កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយការិយាល័យបង្ការ ពន្លត់ អគ្គិភ័យ ដឹងនាំដោយលោកឧត្តមសេនីយ៍ត្រី ស្វាយ វាសនា ស្នងការរងទទួលបន្ទុកផែន ការងារគ្រប់គ្រងអាវុធជាតិផ្ទុះនិងអគ្គិភ័យ និងលោកវរៈសេនីយ៍ទោ គង់ សង្វាពេជ្រ នាយការិយាល័យ បង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ (ស្តីទី) បានមកជួយអន្តរាគមន៍ទាន់ពេលវេលា ។
ករណីគ្រោះអគ្គីភ័យនេះ ឆេះតូបអស់ចំនួន៦តូប ប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ដ និងបំពង់ពន្លត់អគ្គីភ័យចំនួន៨ ទើបមិនបណ្ដាលឲ្យឆេះរាលដល់តូបផ្សេងៗទៀត បើមិនដូច្នេះទេ នឹងត្រូវឆេះតូបដែលនៅជាប់គ្នាជាច្រើនទៀតជាមិនខាន។
សមត្ថកិច្ចឲ្យដឹងថា ម្ចាស់តូបទី១-ឈ្មោះ វុធ ចាន់ឌីវន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ លក់ប្រហិត ខូចខាតទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណ ៣,០០០ដុល្លា។ ម្ចាស់តូបទី២-ឈ្មោះ ឡៅ ចាន់ធី ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរ លក់បន្លែ នឹងភេសជ្ជៈ ខូចខាតទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណ៣លានរៀល។ ម្ចាស់តូបទី៣-ឈ្មោះ ស្លេះ បូរី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ លក់គ្រឿងក្រអូប ខូចខាតសម្ភារៈមួយចំនួន សរុបជាទឹកប្រាក់ប្រមាណ ៣,០០០ដុល្លា។ ម្ចាស់តូបទី៤-ឈ្មោះ ហែម សុផល ភេទស្រី អាយុ៧៩ឆ្នាំ មុខរបរលក់ចាប់ហួយ ខូចខាតទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណ ១០,០០០ដុល្លា។ ម្ចាស់តូបទី ៥-ឈ្មោះ គី សូលី ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ លក់ប្រហិត ខូចខាតទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណ ៥,០០០ដុល្លារ និងម្ចាស់តូបទី៦-ឈ្មោះ មុត ភារម្យ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ លក់ចាប់ហួយ ខូចខាតទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណ ៥,០០០ដុល្លា។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជំហានដំបូងថា ករណីនេះអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដែលសរុបការខូចខាតទាំង៦តូប គិតជាទឹកប្រាក់ អស់ប្រមាណ២៧,០០០ដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែទោះយ៉ាងណា មិនបណ្ដាលអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ៕






ចែករំលែកព័តមាននេះ