ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ប្រកាស​ពី​ការ​កើនឡើង​នៃ​ជំងឺ​ពងបែក ដៃ ជើង និង​មាត់​លើ​កុមារ អំពាវនាវ​ឲ្យ​ឪពុក​ម្តាយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់

46 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​រក​ឃើញ​ការ​កើនឡើង នៃ​ជំងឺ​ពងបែក ដៃ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​រក​ឃើញ​ការ​កើនឡើង នៃ​ជំងឺ​ពងបែក ដៃ ជើង និង​មាត់ នៅ​លើ​កុមារ ជា​ពិសេស​កុមារ​មាន​អាយុ​ក្រោម​៥​ឆ្នាំ ដែល​តម្រូវ​ឱ្យ​មានការ​ពិនិត្យ​ព្យាបាល សម​ស្រប​តាម​មូលដ្ឋាន​សុខាភិបាល ។

ជំងឺ​ពងបែក​ដៃ ជើង និង​មាត់ គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ បង្ក​ដោយ​ពពួក​អង់​តេ​រ៉ូ​វីរុស (enteroviruses) ជា​ញឹកញាប់ គឺ​ពួក​វីរុស​កុក​សា​គី (coxsackievirus) ភាគច្រើន​កើត​លើ ទារក និង​កុមារ ប៉ុន្តែ​ក៏​អាច​កើត​លើ​មនុស្ស​ពេញវ័យ​ផង​ដែរ ។

របៀប​ចម្លង ៖
ជំងឺ​នេះ​ក៏​ជា​ជំងឺ​មួយ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ផង​ដែរ តាម​រយៈ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយនឹង​វត្ថុ​រាវ នៃ​ផ្លូវដង្ហើម (​ទឹកមាត់ កំហាក និង​សំបោរ​) ទឹករងៃ ដែល​ចេញពី​ពងបែក​លាមក​អ្នកជំងឺ​។ អ្នកជំងឺ​អាច​ចម្លង​ខ្លាំង​បំផុត​ក្នុង​ស​ប្ដា​ហ៍​ទី​មួយ​។ ជំងឺ​ពងបែក ដៃ ជើង និង​មាត់ មិន​ឆ្លង​ពី​មនុស្ស​ទៅ​សត្វ ឬ​ពី​សត្វ​មក​មនុស្ស​ឡើយ ។

រោគ​សញ្ញា ៖
-​មាន​គ្រុនក្តៅ មាន​ដំបៅ​ឈឺ​ក្នុង​មាត់ និង មាន​ពង​កន្ទួល លើ​បាតដៃ បាតជើង និង​កំ​ប៉ះ​គូទ​។
-​ជំងឺ​ពងបែក ដៃជើង និង​មាត់ ភាគច្រើន​មាន​ស្ថានភាព​ស្រាល អ្នកជំងឺ​ស្ទើរតែ​ទាំងអស់​ជា​សះស្បើយ​ក្នុង​រយៈពេល​ពី ៧​ថ្ងៃ ទៅ​១០​ថ្ងៃ ហើយ​កម្រ​មាន​ផលវិបាក​ណាស់ (​អ្នកជំងឺ​អាច​ត្រូវការ​ថ្នាំ​បញ្ចុះ​កំ​ដៅ ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដែល​បណ្ដាល​មក​ពី​ពងបែក​ក្នុង​មាត់ តែ​មិន​ត្រូវ​ប្រើ​ថ្នាំ អាស្ពីរីន (aspirin) ដើម្បី​បញ្ចុះ​កំ​ដៅ​ឡើយ​)​។
-​ជា​កម្រ ជំងឺ​ពងបែក ដៃ ជើង និង​មាត់ អាច​បង្ក​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​មួយ​ចំនួន រួម​មាន រោគ​សញ្ញា​ប្រព័ន្ធ​ប្រសាទ (​សន្លឹម ប្រកាច់ ឬ កន្ត្រាក់​ដៃជើង​) និង​រោគ​សញ្ញា​ផ្លូវដង្ហើម (​ពិបាក​ដកដង្ហើម ហត់​)​។

សូម​បញ្ជាក់ អ្នកជំងឺ ដែល​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ខាងលើ​នេះ ត្រូវ​ប្រញាប់​បញ្ជូន​ជា​បន្ទាន់ ទៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត ចៀសវាង​ការ​ពន្យារពេល ធ្វើ​ឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ ។

របៀប​បង្ការ ៖
-​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់ ជាមួយ​សាប៊ូ និង​ទឹក​។
-​លាងដៃ​កុមារ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​ទឹក​និង​សាប៊ូ ឬ​ជាមួយ​អាល់កុល ដែល​ជា​ពិសេស​ក្រោយ​ប៉ះ​ពងបែក ឬ​ដំបៅ មុន​ពេល​រៀបចំ​អាហារ មុន​ពេល​បរិភោគ មុន​បញ្ចុក​ចំណី​ដល់​ទារក ឬ កុមារ ក្រោយ​ប្រើប្រាស់​បង្គន់​អនាម័យ និង​ក្រោយ​ប្តូរ​ទ្រនាប់​គូទ​ទារក ឬ​ជូត​សម្អាត​រាង​កាយ​កុមារ​។
-​លាង​សម្អាត​ផ្ទៃ​និង​របស់ ដែល​ប្រលាក់​ដោយ​ទឹក​និង​សាប៊ូ​។
-​ចៀសវាង​ការ​ប៉ះពាល់​ស្និទ្ធស្នាល (​ថើប អោប ប្រើប្រាស់​សម្ភារ​សម្រាប់​បរិភោគ​រួម​គ្នា​។​ល​។​) ជាមួយ​កុមារ​ដែល​មាន​ជំងឺ​ពងបែក ដៃ ជើង និង​មាត់​។
-​ប្រើ​ស្លាបព្រា និង​ចាន ដាច់​ដោយឡែក​សម្រាប់​កុមារ​ម្នាក់​ៗ​។
-​សូម​ឱ្យ​កុមារ​នៅផ្ទះ​នៅ​ពេល​មាន​ជំងឺ កុំទៅ​សាលារៀន ឬ​មណ្ឌល​ទារកដ្ឋាន​។
-​ឪពុក​ម្តាយ និង​អ្នក​ថែទាំ​កុមារ ត្រូវ​រក្សា​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺ ដើម្បី​រក​ឱ្យ​ឃើញ​ទាន់​ពេល ស្វែងរក​ការពិគ្រោះ​យោបល់ និង​ការ​ពិនិត្យ​ព្យាបាល នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ជា​បន្ទាន់ ចៀសវាង​ការ​ពន្យារពេល​ធ្វើ​ឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ នៃ​ផលវិបាក​ជំងឺ​។
-​ផ្តល់​អាហារ​ដែល​មាន​ជីវជាតិ​ច្រើន និង​ទឹក​ឱ្យ​បាន​ច្រើន​ដល់​កុមារ​។
-​សូម​កុំទៅ​ជួបជុំ ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន នៅ​ពេល​មាន​ជំងឺ​ពងបែក​ដៃ ជើង និង​មាត់​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់​ក្រសួងសុខាភិបាល លេខ​១១៥ ដោយ​ឥត​គិតថ្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ