ខេត្តកណ្តាល ៖ សង្វៀនជល់មាន់១កន្លែងរបស់បុរសល្បីឈ្មោះម្នាក់ ដែលគេហៅជាទូទៅថាបងហេង នៅក្នងភូមិ-ឃុំ ក្រាំងយ៉ូវ កំពុងដំណើរការដោយគ្មានការរំខានដល់សមត្ថកិច្ចស្រុកស្អាងអ្វីទេ។ បង ហេង មានឥទ្ធិពលជាមួយមន្ត្រីនគរបាលស្រុកស្អាងស្អិតរមួតណាស់ ដូច្នេះពួកគេចាប់ផ្ដើមដំណើរការយ៉ាងរីករាយនិងទំនុកចិត្ត ហើយទាក់ទាញការចាប់អារម្មណ៍ពីអ្នកនិយមចូលចិត្តលេងមាន់ជល់មកពីគ្រប់ទិសទី។ ពលរដ្ឋហាក់ដូចជាមានមោទនភាពចំពោះមូលដ្ឋានរបស់ខ្លួន ដែលអាចដំណើរការបានសង្វៀនជល់មាន់ប្រកបដោយភាពរីករាយ។
ប្រភពពីសមត្ថកិច្ចខ្លះស្រុកស្អាងបង្ហើបថា បងហេងមានឥទ្ធិពល និងក៏ជាអ្នកជិតស្និតជាមួយមន្ត្រីនគរបាលនៅ ក្នុងស្រុកស្អាងនោះដែរ ទើបអាចដំណើរការបានដោយរលូន។ ដូច្នេះអ្នកចូលចិត្តលេងល្បែងជល់មាន់អាចទៅ លេងនៅសង្វៀនបងហេងដោយទំនុកចិត្ត គ្មានអ្នកណាហ៊ានចាប់ទេ សូមអញ្ជើញដោយសេរី។
បងប្អូនអ្នកជល់មាន់ទាំងឡាយ ហាក់មិនញញើតចំពោះសមត្ថកិច្ចនោះទេ ទំនងជាមានការទទួលខុសត្រូវប្រកប ដោយសុវត្ថិភាពពីម្ចាស់សង្វៀន ។ គេថាសង្វៀនជល់មាន់ របស់បងហេង កំពុងបោះទីតាំងនៅភូមិ-ឃុំក្រាំងយ៉ូវ ដែលមានប្រជាប្រិយភាពក្នុងស្រុកស្អាង ដោយលេងជិតដុះស្លែ ហើយអាជ្ញាធរមើលទៅក៏មានមោទនភាពខ្លាំងណាស់ដែរ ។
ប្រភពព័ត៌មានឲ្យបានឲ្យដឹងថា សង្វៀនជល់មាន់ខាង លើនេះ មិនមែន លោករស់ ចន្ថាអធិការនគរបាលស្រុកស្អាងមិនដឹងនោះទេ។ ក៏ប៉ុន្តែវាកើតឡើងបាន ដោយការ សម្របសម្រួល រវាងម្ចាស់ទីតាំងឬម្ចាស់សង្វៀនជាមួយសមត្ថកិច្ច ។ បើអាជ្ញាធរចង់ចុះទៅចាប់ក៏មិនបាននោះដែរ។ ជាងនេះទៅទៀត ពេលដែលមានការផ្សព្វផ្សាយរួចហើយនោះ គេពិតជាជឿថា សមត្ថកិច្ចនឹងទាក់ទងទៅបង ហេង ដើម្បីឲ្យផ្អាកសកម្មភាព ហើយសមត្ថកិច្ចនឹងចុះត្រូវត្រួតពិនិត្យរួចហើយប្រកាសថា គ្មានសង្វៀនជល់មាន់ទេ គឺចុះទៅចាប់ខ្យល់!…ហេ! ហេ! ។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕

ចែករំលែកព័តមាននេះ