ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌដង្កោ បញ្ជូន​ជនសង្ស័យ​៤​នាក់ ទៅ​តុលាការ ករណី​លួច ឆក់ និង​ប្លន់

1 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ជនសង្ស័យ​ចំនួន​៤​នាក់ ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ ចំនួន​៣​ករណី​ផ្សេង​គ្នា ​ត្រូវ​បាន​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ និង​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក​ ជឹ​ម ស៊ី​ថា…

រាជធានីភ្នំពេញ ​៖ ជនសង្ស័យ​ចំនួន​៤​នាក់ ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ ចំនួន​៣​ករណី​ផ្សេង​គ្នា ​ត្រូវ​បាន​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ និង​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក​ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ។

ក្នុង​នោះ​ រួម​មាន ​ទី​១.​អំពើ​ធាក់​ផ្ដួល​ម៉ូតូ​រួច​យក​កាំបិត​ភ្ជង់​ប្លន់​យក​ម៉ូតូ ​និង​ខ្សែ​ក​ ពី​ស្ត្រី​អាជីវករ​ម្នាក់​បាន​សម្រេច ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ម្នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់ ។ ទី​២.​អំពើ​ឆក់​កាបូប ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​២​នាក់ និង​ទី​៣.អំពើ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ម្នាក់ ។

រហូត​មក​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ក្រោយ​ពេល​បង្ក្រាប​ចាប់ខ្លួន​បាន ធ្វើការ​សាកសួរ ​និង​កសាង​សំណុំរឿង​រួចរាល់ ហើយ​នោះ​នគរបាល​ខណ្ឌដង្កោ​ បាន​បញ្ជូន​ជន​ទាំង​៤​នាក់​នោះ ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ ។

បើ​តាម​នគរបាល​ខណ្ឌដង្កោ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា បទល្មើស​ទី​១ ៖ ​សកម្មភាព​ធាក់​ផ្ដួល​ម៉ូតូ រួច​យក​កាំបិត​ភ្ជង់​ប្លន់​យក​ម៉ូតូ​ និង​ខ្សែ​ក​ប្លា​ទី​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច កើតឡើង​នា​វេលា​ម៉ោង​០៤​និង​៤០​នាទី​ជិត​ភ្លឺ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ បង្ក​ឡើង​ដោយ​ជនសង្ស័យ​៣​នាក់ ហើយ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ ជា ម៉ា​ប់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​បក្ខពួក​២​នាក់​ទៀត ​ឈ្មោះ បូ​រិ​ទ្ធី ហៅ ហុ​ក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ឈ្មោះ ជៀម វិសាល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មិន​ស្គាល់​ទីកន្លែង​ស្នាក់​នៅ​កំពុង​រត​គេចខ្លួន ។

នគរបាល​ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​នគរបាល​ដកហូត​បាន​ម៉ូតូ​ ១​គ្រឿង ​ម៉ាក​HONDA BEAT ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1LQ-5358 និង​កាំបិត​កែ​ច្ន​ប្រវែង​៤៦​សង់ទីម៉ែត្រ​ ០១​ដើម​ ដែល​ជា​មធ្យោបាយ​របស់​ជនសង្ស័យ​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្លន់ ។

ដោយឡែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ​គៀង ចែ​ម អាយុ​៦៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​១៥៦ ផ្លូវ​បេតុង ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ គាត់​បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក​HONDA DREAM C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FN-7692 និង​ខ្សែ​ក​ប្លា​ទី​ន ១​ខ្សែ​ទម្ងន់​៥​ជី ។

នគរបាល​ខាងលើ ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​បើក​តូប​រៀបចំ​កន្លែង​លក់ដូរ​នៅ​ផ្សារ​សា​រឿ​ន យ៉ា​នី ស្ថិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ លុះ​ក្រោយ​ពេល​បើកទ្វារ​តូប​រៀបចំ​រួចរាល់ ក៏​បាន​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​វិញ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​ចំនួន​០៣​នាក់​ខាងលើ ជិះ​ម៉ូតូ​០១​គ្រឿង​ មិន​ចាំ​ម៉ាក​ធ្វើ​សកម្មភាព​ធាក់​ដៃចង្កូត​ម៉ូតូ​របស់​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ដួល ។ បន្ទាប់​មក​ជនសង្ស័យ​ចំនួន​០២​នាក់ ​ក៏​បាន​ចុះ​ពីលើ​ម៉ូតូ​យក​កាំបិត​កែ​ច្នៃ​ភ្ជង់​គំរាម​ជន​រង​គ្រោះ​កុំ​ឲ្យ​ស្រែក​ឆោឡោ ប្លន់​យក​ម៉ូតូ​ម៉ាក​ខាងលើ និង​ខ្សែ​ក​ប្លា​ទី​ន ទម្ងន់​៥​ជី ​ពី​ជន​រង​គ្រោះ​រួច​គេចខ្លួន​បាត់​ស្រមោល ។

នគរបាល​ដដែល​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ហើយ​លោក​វរសេនីយ៍ឯក​ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​បញ្ជា​កម្លាំង​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៨​និង​០០​នាទី​ល្ងាច ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់ ឈ្មោះ ជា ម៉ា​ប់ នៅ​តាម​ផ្លូវលំ ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រួម​និង​វត្ថុ​តាង​ខាងលើ រួច​នាំ​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ។

ក្រោយ​ពេល​សួរនាំ​ជនសង្ស័យ​ឈ្មោះ​ ជា ម៉ា​ប់ បាន​សារភាព​ថា ខ្លួន ​និង​បក្ខពួក​ចំនួន​០២​នាក់​ទៀត​ គឺ​ឈ្មោះ បូ​រិ​ទ្ធី ហៅ ហុ​ក និង​ឈ្មោះ ជៀម វិសាល ពិតជា​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ និង​ខ្សែ​ក​ប្លា​ទី​ន របស់​ជន​រង​គ្រោះ​ពិតមែន ។ បន្ទាប់​មក​បក្ខពួក​ឈ្មោះ ជៀម វិសាល ជា​អ្នក​យក​ម៉ូតូ និង​ខ្សែ​ក​ប្លា​ទី​ន​ដែល​ប្លន់​បាន​ទៅ​លក់ ប៉ុន្តែ​មិនដឹង​ថា​ លក់​ឲ្យ​នរណា​ឡើយ រួច​ឈ្មោះ ជៀម វិសាល បាន​ឲ្យ​លុយ​ឲ្យ​ខ្លួន​ចំនួន​៩០,០០០​រៀល ហើយ​ខ្លួន​បាន​យក​សុ​ី​ចាយ និង​ទិញ​ថ្នាំ​ញៀន​ជក់​អស់ហើយ ។

នគរបាល​បា​និយាយ​ផង​ដែរ​ថា ដោយឡែក​បទល្មើស​ទី​២ ៖ សកម្មភាព​ឆក់​កាបូប​នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ ហើយ​នគរបាល​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ។ រីឯ​បទល្មើស​ទី​៣ ៖ ករណី​គាស់​បង្អួច​លួច​ទួ​រ​ស័ព្ទ​ដៃ​កើតឡើង​កាលពី​ថ្ងៃ​ទី​១២ ខែ កញ្ញា ឆ្នាំ​២០២៥ កម្លាំង​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ហើយ​តុលាការ​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជនសង្ស័យ​រូប​នោះ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ