ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំបង្ហើបឱ្យដឹងថាលោកកំពុងរៀបចំឯកសារប្ដឹងកាសែតញូយ៉កថាមស៍ (New York Times) និងអ្នកសារព័ត៌មានរបស់ស្ថាប័ននេះ៤នាក់ទៀតដើម្បីទារប្រាក់សំណងជំងឺចិត្ត១៥ពាន់លានដុល្លារពីបទបរិហារកេរ្តិ៍។ ពាក្យបណ្ដឹងបានយកទៅដាក់តម្កល់នៅតុលាការសាលាដំបូងប្រចាំរដ្ឋផ្លរីដារួចហើយ ហើយបានរាយឈ្មោះអត្ថបទណាខ្លះដែលចុះផ្សាយនៅលើកាសែតញូយ៉កថាមស៍ដែលលោកត្រាំចោទថាជាការបរិហារកេរ្តិ៍ និងរាយឈ្មោះសៀវភៅមួយក្បាលដែលសរសេរដោយអ្នកសារព័ត៌មានរបស់ញូយ៉កថាមស៍២នាក់ និងដែលបានបោះពុម្ពផ្សាយនៅមុនពេលបោះឆ្នោតឆ្នាំ២០២៤។
ពាក្យបណ្ដឹងនោះរៀបរាប់ថាទាំងនេះជាឯកសារបញ្ជាក់ពីចេតនារបស់ញូយ៉កថាមស៍ក្នុងការបើកយុទ្ធនាការបរិហារកេរ្តិ៍ និងបង្ខូចកេរ្តិ៍របស់លោកត្រាំអស់ជាច្រើនទសវត្សមកហើយ។ ភាគីចុងចោទបានផ្សព្វផ្សាយឯកសារទាំងនេះដោយភាពខ្ជីខ្ជា , ដោយដឹងច្បាស់ថានោះជាឯកសារមិនពិតហើយនៅតែជម្នះផ្សាយ និងដោយភាពខ្ជីខ្ជាមិនព្រមផ្ទៀងផ្ទាត់ឱ្យច្បាស់ថាតើអត្ថបទទាំងនោះមានចំណុចត្រឹមត្រូវ ឬខុសឆ្គងដែរឬទេ។
អ្នកសារព័ត៌មានព្យាយាមទាក់ទងទៅញូយ៉កថាមស៍ដើម្បីស្នើសុំការធ្វើអត្ថាធិប្បាយជុំវិញការចោទប្រកាន់នេះ។ ប៉ុន្តែគ្មានការឆ្លើយតបទេ។ នៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) លោកត្រាំបញ្ជាក់អំពីការដាក់ពាក្យប្ដឹងទៅតុលាការ។ លោកចោទប្រកាន់ថាញូយ៉កថាមស៍ចុះផ្សាយភូតកុហកអំពីគាត់ និងបរិហារកេរ្តិ៍របស់គាត់។ លោកចោទទៀតថាញូយ៉កថាមស៍គ្រាន់តែជាអ្នកឃោសនាឱ្យគណបក្សប្រជាធិបតេយ្យដែលលោកចាត់ទុកថាក្រុមឆ្វេងនិយមជ្រុលតែប៉ុណ្ណោះ។
នេះមិនមែនជាលើកទីមួយទេដែលលោកត្រាំប្ដឹងអ្នកកាសែត ឬស្ថាប័នសារព័ត៌មាន។ កាលពីខែកក្កដា លោកប្ដឹងកាសែតវ៉លស្ទី្រតជើណល (Wall Street Journal) និងចាងហ្វាងកាសែតនេះគឺលោករូផឺត មើឌុច (Rupert Murdoch) ដើម្បីទាមទារប្រាក់សំណងដប់ពាន់លានដុល្លារ។ ពាក្យបណ្ដឹងនេះពាក់ព័ន្ធនឹងការចុះផ្សាយអត្ថបទនិយាយអំពីការមានទំនាក់ទំនងជិតស្និទ្ធរវាងលោកត្រាំ និងលោកចែហ្វហ្វ្រ៊ី អឹបស្តែន (Jeffrey Epstein)។ អឹបស្តែនត្រូវតុលាការកាត់ទោសពីបទបៀតបៀន និងជួញដូរផ្លូវភេទមានខ្សែបណ្ដាញជាអន្តរជាតិ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអេភី និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ