ខេត្តស្ទឹងត្រែង ៖ ក្រុមហ៊ុនឯកជនដ៏ធំមួយ ដែលមានឈ្មោះ Hybrid Travel Agency បានសន្យាថា នឹងជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ខេត្តស្ទឹងត្រែងទៅកាន់ពិភពលោក ជាពិសេស គឺក្រុងឌូបៃ។ តាមរយៈការផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍នេះ គេរំពឹងថា ខេត្តស្ទឹងត្រែងនឹងស្រូបទាញកំណើនអ្នកទេសចរបរទេសជុំវិញពិភពលោក នៅពេលដែលសម្រស់ធម្មជាតិពិតៗខុសពីអគារខ្ពស់ៗ បានហោះហើរលើបណ្ដាញផ្សព្វផ្សាយដ៏ល្បីៗ ។
ប្រធានក្រុមហ៊ុនមកពីឌូបៃ លោក Alexis Tomfaya (CEO) និងលោកស្រី Sopheap Phan (GM) នៃក្រុមហ៊ុន Hybrid Travel Agency នៅឌូបៃ បានលើកឡើងថា មូលហេតុ ដែលក្រុមហ៊ុនចង់ផ្សព្វផ្សាយពីកម្ពុជា គឺដោយសារមានការចាប់អារម្មណ៍ពីសម្បត្តិវប្បធម៌ ប្រពៃណី និងធនធានធម្មជាតិខេត្តស្ទឹងត្រែង ពីព្រោះសក្ដានុពលធម្មជាតិទាំងនោះ វាខុសពីនៅឌូបៃ ដែលមានតែអគារខ្ពស់ៗ ។
លោកបានបន្ថែមថា ចាប់តាំងពីរាជរដ្ឋាភិបាល ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការព្រលានយន្តហោះអន្តរជាតិតេជោថ្មី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នោះមក ក្រុមហ៊ុនមានការជឿទុកចិត្ត និងចាប់អារម្មណ៍ចង់ស្វែងរកដៃគូទាក់ទាញភ្ញៀវមកប្រទេសកម្ពុជា និងខេត្តស្ទឹងត្រែងតែម្តង។
ប្រធានក្រុមហ៊ុននេះ បាននិយាយជំរុញទៅដល់ពលរដ្ឋ និងមន្ត្រីរាជការ យុវជន និងភ្នាក់ងារទេសចរណ៍ ដែលកំពុងបម្រើក្នុងវិស័យសេវាកម្មទេសចរណ៍ក្នុងខេត្ត ឲ្យសិក្សាឈ្វេងយល់ពីការប្រើប្រាស់ប្រព័ន្ធ AI Digital System បែបទំនើប តាមបណ្តាញសង្គម ដើម្បីទទួលបានចំណេះដឹងនិងប្រាក់ចំណូល ។
ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន បានមានប្រសាសន៍រំពឹងយ៉ាងមុតមាំថា ទឹកដីខេត្តស្ទឹងត្រែង សំបូរទៅដោយធម្មជាតិ និងមានទន្លេលក្ខណៈពិសេសខុសពីកន្លែងដទៃទៀត ទើបធ្វើឲ្យមានការចាប់អារម្មណ៍ពីក្រុមហ៊ុនធំៗ ចូលរួមសហការជួយផ្សព្វផ្សាយ ។
លោកបានបន្ថែមថា ពេលនេះក្រុមហ៊ុនឯកជន មកពីប្រទេសអារ៉ាប់រួម ក្រុងឌូបៃ មួយហើយ ដែលចង់ផ្សព្វផ្សាយទៅកាន់ពិភពលោក ដើម្បីនាំភ្ញៀវមកកម្សាន្ត ។ លោកថ្លែងបែបនេះ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីទេសចរណ៍វៃឆ្លាតឌីជីថល ។
លោក ហួត វុទ្ធារ៉ា ជាការីទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង ធ្លាប់មានបទពិសោធន៍ដឹកភ្ញៀវច្រើនឆ្នាំ (Tour Guide) មកហើយនោះ យល់ឃើញថា ការប្រើប្រាស់បណ្តាញអ៊ីនធឺណិត ដើម្បីធ្វើការផ្សព្វផ្សាយពីទេសចរណ៍ទៅកាន់មនុស្សជុំវិញពិភពលោក គឺជាការប្រសើរបំផុត។ លោកយល់ឃើញថា យើងមានផលិតផលហើយ ប៉ុន្តែមិនទាន់មានលទ្ធភាព ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅកាន់ពិភពលោក ។
លោក វុទ្ធារ៉ា រំពឹងថា ក្រុមហ៊ុនវេបសាយល្បីមួយនេះ នឹងជួយផ្សព្វផ្សាយពីសក្ដានុពលធម្មជាតិខេត្តស្ទឹងត្រែង នាំភ្ញៀវពីប្រទេសអ្នកមានមកលេងកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងខេត្តស្ទឹងត្រែងផងដែរ ។
លោកក៏បានរំពឹងយ៉ាងមុតមាំដែរថា ក្រោយសក្ដានុពលសម្រស់នៃធម្មជាតិនោះហោះហើរលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយល្បីៗ នឹងធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍ ហើយខេត្តស្ទឹងត្រែងនឹងអាចស្រូបទាញអ្នកទេសចរបរទេសមកកាន់តែច្រើនផងដែរ ៕




ចែករំលែកព័តមាននេះ