ដើមត្នោតនៅអង្គរវត្ត ៖ ទាក់ទាញទាំងសម្រស់ទាក់ភ្នែកភ្ញៀវទេសចរ និងបង្ហាញអត្តសញ្ញាណជាតិ
- សៀមរាប
ខេត្តសៀមរាប ៖ ដើមត្នោតជាច្រើនដើម និងមានអាយុកាលរាប់សិបឆ្នាំ បានឈរបង្អួតសម្រស់យ៉ាងទាក់ទាញ នៅស្របតាមបណ្ដោយផ្លូវ ដែលជួយលម្អសម្រស់ប្រាសាទអង្គរវត្តឱ្យកាន់តែស្រស់ស្អាតលើសដើម ពិសេសក្នុងទិដ្ឋភាពថ្ងៃរះ ។ នេះបើយោងតាមផេកអាជ្ញាធរជាតិអប្សរាបានប្រកាសនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។

ជាងនេះបន្ថែមទៀត ក្រៅពីជាទេសភាពដ៏ទាក់ទាញ និងជាអត្តសញ្ញាណជាតិ ដើមត្នោតក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបរិស្ថាន ដោយជួយទប់ដី និងកាត់បន្ថយការហូរច្រោះនៅតាមជើងទំនប់បុរាណ និងបារាយណ៍ក្នុងតំបន់អង្គរផងដែរ ។

លើសពីនេះទៀត អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ថែរក្សា ដាំដើមត្នោត និងដើមរាំងបន្ថែម ។ ដើមត្នោតជាច្រើនទៀត ដូចជានៅត្រពាំងសេស ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅតំបន់នោះ អាស្រ័យផល ដើម្បីរក្សាតាមប្រពៃណីផងដែរ ។ ត្នោតជារុក្ខជាតិតំណាងជាតិមួយ ដែលផ្តល់អត្ថប្រយោជន៍ច្រើនលើសលុបដល់ពលរដ្ឋខ្មែរ គឺរាប់ចាប់ពីគល់ដល់ចុង ៕














ចែករំលែកព័តមាននេះ