ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើងចំនួន៧នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនបាន ខណៈដែលក្រុមក្មេងទំនើងបានធ្វើសកម្មភាព ជិះម៉ូតូដេញវាយគ្នា ខ្លះមានដំបង ដុំឥដ្ឋ និងគប់រថយន្ត ម៉ូតូរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ និងបង្ករភាពអនាធិបតេយ្យតាមទីសាធារណៈ។
ការបង្ក្រាបក្រុមក្មេងទំនើងបានធ្វើឡើងកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅក្នុងឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា÷ ក្រោមការចង្អុលបង្ហាញ និងដឹកនាំបញ្ជាដោយផ្ទាល់របស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នា៧នាក់ ប្រដាប់ដោយដុំឥដ្ឋបានធ្វើសកម្មភាព គប់រថយន្ត គប់ម៉ូតូ ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ និងជិះម៉ូតូដេញវាយគ្នា បង្កភាពអនាធិបតេយ្យ តាមទីសាធារណៈ បញ្ជូនមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺហើយ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបន្តថា កាលពីនៅវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥កន្លងទៅនេះ ក្រោយពីមានការរាយការណ៍បន្ទាន់ពីប្រជាពលរដ្ឋ តាមរយះលេខអន្គរាគមន៍សង្គ្រោះបន្ទាន់(Hote Line)លេខ ១២៩២ ដែលទើបនិងដាក់ដំណើរការប្រើប្រាស់ ថាមានក្មេងទំនើងមួយក្រុមប្រដាប់ដោយដុំឥដ្ឋបានធ្វើសកម្មភាព គប់រថយន្ត គប់ម៉ូតូ ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ និងជិះម៉ូតូដេញវាយគ្នាបង្កភាពអនាធិបតេយ្យតាមទីសាធារណៈនោះ ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការចុះបង្ក្រាបក្មេងទំនើងទាំងនោះបានភ្លាមៗតែម្តង ដែលស្ថិតនៅក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបញ្ជាក់ថា÷ ក្រុមក្មេងទំនើងដែលឃាត់បានចំនួន៧នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ ជុប សុខថេង អាយុ២១ឆ្នាំ ភេទប្រុស រស់នៅបច្ចុប្បន្នក្នុងភូមិក្រាំងចេក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
ទី២-ឈ្មោះ ប៊ុនធឿន សុខឌឿន អាយុ១៦ឆ្នាំ ភេទប្រុស ទីលំនៅភូមិកន្តក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
ទី៣-ឈ្មោះឡេង តាំងលី អាយុ ២២ឆ្នាំ រស់នៅភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
ទី៤-ឈ្មោះ ចំណាប់ ចំរើន អាយុ១៧ឆ្នាំ ភេទប្រុស រស់នៅភូមិកណ្តក់ ឃុំព្រៃក្រសាំងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
ទី៥-ឈ្មោះរីម បញ្ញា អាយុ១៨ ភេទប្រុស រស់នៅភូមិកណ្តក់ព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
ទី៦-ឈ្មោះធឿន សុខគា អាយុ១៧ឆ្នាំ ភេទប្រុស រស់នៅភូមិស្វាយជួរ ឃុំក្រាំងចេកស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
និងទី៧.ឈ្មោះ ប្រាង ភក្រា្ត អាយុ១៥ឆ្នាំ ភេទប្រុស រស់នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ កម្លាំងកងរាជអាវុធហត្ថដក
ហូតវត្ថុតាងបានរួមមាន៖ម៉ូតូចំនួន០៣ គ្រឿង,ដុំឥដ្ឋ០២ដុំ,ដុំថ្ម ០១ដុំ,ដំបងឈើ ០១ដើម.ទូរស័ព្ទចំនួន០៤គ្រឿង,នាឡិកា ០១គ្រឿង និងកាបូលុយចំនួន០១ទៀតផងដែរ។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង៧នាក់ រួមជាមួយនិងវត្ថុតាងត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្តស្រុកសាមគ្គីមុនីជ័យ បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ