ក្រុងប៉ោយប៉ែត ៖ នារីម្នាក់ជិះម៉ូតូស្កុបពីស៊េរីឆ្នាំ២០១៤ មួយគ្រឿង ត្រូវបានក្រុមចោរឆក់ជិះម៉ូតូមានគ្នា ២នាក់ ឆក់យកកាបូបស្ពាយចំហៀង ក្នុងនោះ មានលុយមួយចំនួន និងទូរស័ព្ទ ២គ្រឿង បានសម្រេច រួចជិះរត់គេចខ្លួនបាត់ ចំណែកនារីរងគ្រោះបានរងរបួសយ៉ាងដំណំ ត្រូវបានអ្នកនៅទីនោះ ជួយសង្គ្រោះយកមកមន្ទីរពេទ្យឯកជន។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨ និង ៤០នាទី យប់ថ្ងៃទី២៦ កុម្ភៈ ២០១៤ ត្រង់ចំណុចមុខវត្តសូរិយារាម ហៅវត្តថ្មី ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត។
នារីរងគ្រោះមានឈ្មោះ អ៊ីង ដារី ហៅវិន ភេទស្រី អាយុ ២៨ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ដ្រឹមវើល៍ មានលំនៅឋានភូមិក្បាលស្ពាន២ សង្កាត់ និងក្រុងប៉ោយប៉ែត។ តាមនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា ក្រោយពីបានចេញពីកន្លែងមិត្តភ័ក្ដិលក់តុក្កតា និងគ្រឿងអនុស្សារីយ៍ នាងបានជិះម៉ូតូម៉ាកស្គុបពី ស៊េរីឆ្នាំ២០១៤ ពណ៌ក្រហម គ្មានស្លាកលេខ ដើម្បីឆ្ពោះទៅផ្ទះ។
លុះជិះម៉ូតូទៅដល់កន្លែងស្ងាត់បន្តិច ក៏មានចោរឆក់កាបូបស្ពាយចំហៀងពេញទំហឹងបណ្តាលឲ្យដួលម៉ូតូ ហើយនាងបានដួលផ្កាប់មុខ រងរបួសហើមថ្ពាល់ឆ្វេង របួសដៃខាងឆ្វេង និងជង្គង់។ ចំណែកក្រុមចោរឆក់នោះ នាងមិនបានឃើញមុខច្បាស់ទេ ពីព្រោះកន្លែងងងឹត គ្រាន់តែនាងចាំថា ចោរឆក់មានគ្នា ២នាក់ និងជិះម៉ូតូម៉ាកឌ្រីមស៊េរីថ្មី។
សូមបញ្ជាក់ថា ករណីក្រុមចោរធ្វើសកម្មភាពឆក់យកទ្រព្យសម្បតិ្តពីប្រជាពលរដ្ឋ បានកើតមានជាញឹកញាប់ណាស់នាពេលថ្មីៗនេះ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្រុមចោរបានធ្វើសកម្មភាពរួចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ចំណែកសមត្ថកិច្ចហាក់ដូចជាមានភាពកំសោយក្នុងការទប់ស្កាត់ និងអនុវត្តនូវបទល្មើសនេះតែម្តង៕
ចែករំលែកព័តមាននេះ