រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ ថោង ពិសិដ្ឋ និងមានការអនុញ្ញាតពីតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៤ និង ៤០នាទី រសៀលថ្ងៃទី២៦ កុម្ភៈ ២០១៤ បានឆ្មក់ចូល និងបង្ក្រាបទីតាំងចែកចាយគ្រឿងញៀនមួយកន្លែង ស្ថិតនៅផ្ទះលេខ១៩”ខ”២ ក្បែរអតីតបារចតុមុខ ផ្លូវជាតិលេខ៥ ខាងជើងស្ពានជ្រោយចង្វា សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនសង្ស័យ ២នាក់ (ប្រុស១ ស្រី១) ព្រមទាំងដកហូតថ្នាំញៀនមួយចំនួនផងដែរ។
ជនសង្ស័យ ទី១ ឈ្មោះ ចាន់ទី ភេទស្រី អាយុ ១៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ លឹម វ៉ា ភេទប្រុស អាយុជាង ៣០ឆ្នាំ។ លោកវរសេនីយ៍ទោ ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀននៅចំណុចខាងលើ គឺយោងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាតាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទើបទទួលបានផ្លែផ្កា ហើយកន្លងមកអាវុធហត្ថខណ្ឌដូនពេញ បានបង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាច្រើនករណី ចំណែកសកម្មភាពឆក់ប្លន់ ក៏បានបង្រា្កបជាបន្តបន្ទាប់ផងដែរ។
មន្ត្រីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា ការចុះបង្រ្កាបទីតាំងជួញដូរថ្នាំញៀននៅចំណុចខាងលើ គឺជាលើកទី២ ហើយ ដែលកាលពីរសៀលថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៤ លោក ប៊ន សំអាត នាយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន បានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាប និងចាប់ខ្លួនបានជនសង្ស័យ ២នាក់ ម្ដាយកូន នៅទីតាំងដដែលនេះ ហើយដកហូតថ្នាំញៀន ៤កញ្ចប់ និងប្រាក់ដុល្លារមួយចំនួន៕
ចែករំលែកព័តមាននេះ