ខេត្តពោធិសាត់ ៖ សេចក្តីរាយការបានឲ្យដឹងថា សមត្តកិច្ចនគរ បាលខេត្តពោសាត់ បានបំបែកសំណុំរឿងឃាតកម្មមួយ ករណីប្តីសម្លាប់ប្រពន្ធរួចយកសាកសពទៅដុតចោលក្នុងព្រៃសហគមន៍ សល់តែគ្រោងឆ្អឹង ជាគោលបំបាត់ភស្តុតាងដើម្បីកុំឲ្យក្រុមគ្រួសារដឹងពីទង្វើនោះ តែគេចមិនផុតឈាមស្រែកស្បែកហៅ រយៈពេលជិត១ខែ ប្តីជាឃាតករត្រូវបានចាប់ខ្លួន។
សេចក្តីរាយការបន្តថា ៖ កាលពីវេលារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ បានទទួលព័ត៌មានពីឈ្មោះ រស់ សាវុធ អនុប្រធានភូមិអន្លង់មាន ថាមានប្រជាពល រដ្ឋបានដើរកាត់ទំពាំងឬស្សីព្រិច ប្រទះឃើញសាកសពមនុស្ស ម្នាក់ស្លាប់សល់តែឆ្អឹង នៅក្នុងព្រៃសហគមន៍ខាងក្រោយសាលាបណ្ដុះបណ្ដាលវិជ្ជាជីវរលាំង ស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្រោយពីទទួលបានព័ត៌មាននោះលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ និងកម្លាំងផ្នែកជំនាញស្រុកបាកាន ដឹកនាំដោយលោកវរសេនីយទោ សុង គឹមសែ
អធិការស្តីទី សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងលោកគ្រូ ពេទ្យកោសល្យវិច្ច័យរបស់មន្ទីរពេទ្យខេត្តពោធិ៍សាត់ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យសាកសព ដែលនៅសល់តែគ្រោងឆ្អឹង។
បន្ទាប់មកសមត្តកិច្ចបានសាកសួរសាក្សីជំវិញករណីឃាតកម្មនេះ បើតាមការបំភ្លឺពីឈ្មោះ ណយ នាង ភេទប្រុស អាយុ៤៧ ឆ្នាំ រស់នៅភូមិអណ្ដូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលត្រូវជាឪពុកជនរងគ្រោះបានបញ្ជាក់ថា ខ្លួនបានបាត់កូនស្រីបង្កើតឈ្មោះ នាង ណាក ហៅចាន់ណា អាយុ២៤ ឆ្នាំ ប្ដីឈ្មោះ វិសាល ធ្វើការងារជាបុគ្គលិកក្រុមហ៊ុន ទីតាំង១០ហិកតា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍ សាត់ កាលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ មុនពេលបាត់ខ្លួនកូនស្រីខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្ដី រឿងប្ដីប្រច័ណ្ឌ។
តាមការមើលក្នុងឃ្លីបវីដេអូរបង្ហោះតាមហ្វេសបុក កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នារីឈ្មោះ នាង ណាក ហៅចាន់ណា ពាក់ស្បែកជើងស៊កពណ៌ស មានបូតុក្កតា ពណ៌រាងក្រហម ស្លៀកខោខៅប៊យជើងវែងពណ៌ក្រហម អាវក្រៅដៃវែង។
តាមការពិនិត្យកន្លែងកើតហេតុ នឹងធ្វើកោសលវិច្ច័យលើសាក សព ដែលនៅតែគ្រោងឆ្អឹង សំលៀកបំពាក់ខោអាវនិងស្បែកជើង មានភិនភាគដូចក្នុងឃ្លីបវីដេអូខាងលើ អាចបញ្ជាក់យ៉ាងច្បាស់ថា ជនរងគ្រោះពិតជាស្លាប់ដោយអំពើឃាតកម្ម។
ភ្លាមនោះសមត្តកិច្ចជំនាញបានធ្វើការកំណត់មុខសញ្ញាជនសង្ស័យជាឃាតករគឺឈ្មោះ វិសាល ដែលត្រូវជាប្ដីជនរងគ្រោះ ។ ទើបនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៨និង ១៥ នាទីព្រឹក កម្លាំងសមត្តកិច្ចជំនាញបានចុះទៅនាំឈ្មោះ សុខ វិសាល ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនចិន ១០ហិតា នៅស្រុកវាលវែង ភូមិតាម៉ោលី ឃុំស្រែស្តុកស្រុកកណ្តៀង យកមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីសួរនាំ។
នៅចំពោះមុខសមត្តកិច្ចជនសង្ស័យឈ្មោះ សុខ វិសាល បានសារភាពថា ខ្លួនពិជាបានធ្វើសកម្មភាពយកខ្សែរឌុយសាកទូរស័ព្ទរឹតកប្រពន្ធរបស់ខ្លួនឈ្មោះ នាង ណាក ហៅចាន់ណា នៅព្រែព្រិចស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ កាលថ្ងៃទី១៧ ខែសី ហា ឆ្នាំ២០២៥ នាវេលាម៉ោង១៣និង៣០នាទីរសៀលពិតប្រាក ដមែន។ មូលហេតុ ភ្លើងប្រច័ណ្ឌប្រពន្ធ។
ដោយយោងតាមការបំភ្លឺពីសាក្សី និងចម្លើយសារភាពរបស់ជន សង្ស័យជាឃាតករ ប្តីសម្លាប់ប្រពន្ធរួចដុតសាកសពសល់តែគ្រោងឆ្អឹង សមត្តកិច្ចបាននិងកំពុងកសាងសំណុំរឿងជនដៃដល់ទៅសាលាដំបូងខេត្តពោធិសាត់តាមនីតិវិធី៕


ចែករំលែកព័តមាននេះ