សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ថ្លែងនាថ្ងៃទី៧កញ្ញាថា ត្រៀមដាក់ទណ្ឌកម្មថ្មីៗប្រឆាំងរុស្ស៊ី បន្ទាប់ពីការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំបំផុតរបស់ក្រុងមូស្គូ ពុំធ្លាប់មានពីមុនមកប្រឆាំងអ៊ុយក្រែន ដែលជាលើកដំបូងប៉ះចំអគាររបស់រដ្ឋាភិបាលនៅក្រងគៀវ។ នាយប់នោះរុស្ស៊ីបានប្រើដ្រូនដល់៨១០គ្រឿង និងមីស៊ីល១៣គ្រាប់។ កងទ័ពអាកាសអ៊ុយក្រែននិយាយថា ក្នុងចំណោមដ្រូនទាំងនេះ៧៤៧គ្រឿង ត្រូវបានបាញ់ទម្លាក់ហើយមីស៊ីល៧គ្រាប់ក៏ត្រូវស្ទាក់កម្ទេចដែរ ។

ពេលអ្នកកាសែតម្នាក់សួរលោកនៅសេតវិមានថា តើលោកត្រៀមដាក់ទណ្ឌកម្មដំណាក់កាលថ្មីប្រឆាំងរុស្ស៊ីដែរឬយ៉ាងណា លោកត្រាំតបថា មែនហើយខ្ញុំកំពុងតាមដានមើល។ ខ្ញុំមិនសប្បាយ ចិត្តទេចំពោះសភាពការណ៍ជារួម បន្ទាប់ពីការវាយប្រហារខ្លាំងក្លារបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីមុនព្រឹកថ្ងៃទី៧ កញ្ញា ។
កាលពីយប់ថ្ងៃទី៦ មកទី៧ កញ្ញា តំបន់ជាច្រើនរបស់អ៊ុយក្រែនក្នុងនោះមានទីក្រុងគៀវផង រងការវាយប្រហារខ្លាំងក្លាថ្មីរបស់រុស្ស៊ី ។ សរុបមនុស្ស៥នាក់បានត្រូវស្លាប់ក្នុងនោះ២នាក់នៅក្រុងគៀវ។ ការវាយប្រហារលើក្រុងគៀវ ជាលើកដំបូងត្រូវចំអគាររដ្ឋាភិបាលមួយនាកណ្ដាលរដ្ឋធានី។ ដំបូលនិងបណ្ដាជាន់ខាងលើនៃអគាររដ្ឋាភិបាលនោះរងការខូចខាត។ កងទ័ពរុស្ស៊ីអះអាងថា បានវាយប្រហារបណ្ដាទីតាំងផលិតដ្រូននិងបណ្ដាព្រលានយន្តហោះយោធា នៅភាគខាងកើត ខាងត្បូងនិងភាគកណ្ដាលអ៊ុយក្រែន ព្រមទាំងវាយប្រហារលើសហគ្រាសឧស្សាហកម្ម២ នៅជាយក្រុងគៀវ។
តាមបណ្ដាញសង្គមប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីគូសបញ្ជាក់ថា អ៊ុយក្រែងពឹងលើចម្លើយតបខ្លាំងពីសំណាក់សហរដ្ឋអាមេរិក។ មុននេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រីអ៊ីអ៊ូលីយ៉ាស្វីរីដេនកូនិយាយថា ពិភពលោកត្រូវឆ្លើយតបចំពោះការបំផ្លិចបំផ្លាញនេះរបស់រុស្ស៊ី មិនមែនត្រឹមពាក្យពេចន៍តែតាមរយៈសកម្មភាពជាក់ស្ដែងនានា។ យើងត្រូវពង្រឹងការគាបសង្កត់លើរុស្ស៊ី ពិសេសប្រឆាំងប្រេងនិងឧស្ម័ន។ លោកស្រីក៏ទាមទារផងដែរនូវជំនួយអាវុធ។
តំបន់អ៊ុយក្រែនជាច្រើនរងការប៉ះពាល់ដោយការវាយប្រហាររបស់រុស្ស៊ី ។ នៅតំបន់ក្រុងស៊ូមីជិតព្រំដែន ការវាយប្រហារមួយរបស់រុស្ស៊ី កាលពីយប់ថ្ងៃទី៦កញ្ញា បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងរបួសច្រើននាក់។ តំបន់ក្រុងហ្សាប៉ូរីហ្ស៊ីយ៉ា និងតំបន់ក្រុងគ្រីវវីអុីរីសក៏រងការវាយប្រហាររបស់
រុស្ស៊ី បណ្ដាលឲ្យមនុស្សច្រើននាក់រងរបួស ៕
ចែករំលែកព័តមាននេះ