ខេត្តបាត់ដំបង ៖ ម៉ូតូម៉ាកស្គូពីមួយគ្រឿងត្រូវលោកចោរចិត្តសឿងម្នាក់ ចូលលួចអូសចេញ បានដោយសុវត្ថិភាពពីខាងមុខគ្លីនិកឯកជនមួយកន្លែងកាលពីវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃទី០៩ កញ្ញា ស្ថិតនៅប៉ែកខាងត្បូងអធិការស្រុកថ្មគោលប្រហែលជាង១០០ម៉ែត្រ ដោយបន្សល់ទុកតែសកម្មភាពលួចរបស់លោកក្នុងកាមេរ៉ាសុវត្ថិភាពប៉ុណ្ណោះ ។

នៅក្នុងកាមេរ៉ាសុវត្ថិភាព គេឃើញជនសង្ស័យពាក់មួក ពាក់ម៉ាស់ ដើរចូលតាមទ្វាររបងខាងមុខយ៉ាងស្រួល ។ ជននេះ ហាក់មិនបានចាប់អារម្មណ៍ម៉ូតូនានា ដែលឈប់តំរៀបគ្នាជាជួរនៅរ៉បរបងខាងមុខទេ បែរជាមកចាប់អារម្មណ៍ម៉ូតូម៉ាកស្គូពី ពណ៌ក្រហមដ៏ស្រស់ឆើតឆាយឈប់នៅខាងក្នុងជាប់នឹងទ្វារចូលគ្លីនិកទៅវិញ ។

បើពិនិត្យលើសកម្មលោកចោរថ្លើមធំនេះដើរចូលក្នុងបរិវេណខាងមុខគ្លីនិកដែលមានយីហោ«មិនដារ៉ា» ហាក់គ្មានការរំខានពីអ្វីបន្តិចឡើយ សូម្បីតែសត្វឆ្កែក៏គ្មានព្រុះផង ដែលជាអំណោយផលយ៉ាងងាយស្រូលដល់លោកចោរទាញអូសម៉ូតូចេញទៅក្រៅជិះគេចខ្លួនដោយសុវត្ថិភាព ។ ម៉ូតូដែលលោកចោរថ្លើមធំចូលលួចទាំងព្រលឹមអុរនេះ ម៉ាកស្គូពីពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង 1AX-8638 ។

លោក សេង លុច អធិការស្រុកថ្មគោលបានប្រាប់ថា ពេលនេះ មន្ត្រីជំនាញមិនទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យនៅឡើយទេ ។ ប៉ុន្តែមន្ត្រីជំនាញកំពុងតាមដានមើលពីសកម្មភាពជនសង្ស័យកាមេរ៉ាសុវត្ថិភាពនានាដែលបំពាក់នៅតាមផ្ទះប្រជាពលរដ្ឋ និង នៅខាងមុខគ្លីនិកកន្លែងកើតហេតុ ៕




ចែករំលែកព័តមាននេះ