ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​លោក​មេ​ប៉ុស្ដិ៍​ភ្នំ​សំពៅ​សម្រួល​បញ្ចប់រឿង​ព្រហ្មទណ្ឌ​មិន​ឆ្លង​យោបល់​ថ្នាក់ដឹកនាំ ឥឡូវ​លោកស្នងការ​បញ្ជា​ឲ្យ​តាម​ចាប់​ជន​បង្ក​បញ្ជូន​ទៅ​តុលាការ

4 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រោយ​ពី​កោះសន្តិភាព​ហែក​ទម្លាយ​នូវ​ភាព​មិន​ប្រក្រតី​របស់​លោក​មេ​ប៉ុស្ដិ៍​ស្ដីទី​ភ្នំ​សំពៅ ដែល​បាន​បង្ខំ​ឲ្យ​ភាគី​ជម្លោះ​ចរចា​បញ្ចប់​សំណុំរឿង​ព្រហ្មទណ្ឌ​ស្ងាត់​ៗ មិន​បាន​ឆ្លង​យោបល់​ថ្នាក់ដឹកនាំ ឬ​តំណាង​អយ្យការ ពេល​នេះ លោកស្នងការ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​នៃ​អធិការ​ស្រុក​បាណ​ន់ ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​ម្នាក់ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩…

ខេត្តបាត់ដំបង ៖ ក្រោយ​ពី​កោះសន្តិភាព​ហែក​ទម្លាយ​នូវ​ភាព​មិន​ប្រក្រតី​របស់​លោក​មេ​ប៉ុស្ដិ៍​ស្ដីទី​ភ្នំ​សំពៅ ដែល​បាន​បង្ខំ​ឲ្យ​ភាគី​ជម្លោះ​ចរចា​បញ្ចប់​សំណុំរឿង​ព្រហ្មទណ្ឌ​ស្ងាត់​ៗ មិន​បាន​ឆ្លង​យោបល់​ថ្នាក់ដឹកនាំ ឬ​តំណាង​អយ្យការ ពេល​នេះ លោកស្នងការ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​នៃ​អធិការ​ស្រុក​បាណ​ន់ ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​ម្នាក់ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ កញ្ញា ។ នេះ​បើ​តាម​មន្ត្រី​ការិយាល័យ​ជំនាញ​បាន​និយាយ ។

មន្ត្រី​ការិយាល័យ​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ជួប វិទូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានមុខ​របរ​ច្រៀង​ភ្លេង​ការ រស់នៅ​ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ។ ជន​នេះ ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​បាណ​ន់​ឃាត់ខ្លួន​បាន កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ កញ្ញា បន្ទាប់​ពី​លោក​មេ​ប៉ុស្ដិ៍​ស្ដីទី ឃុំ​ភ្នំ​សំពៅ ជម្រុញ​ឲ្យ​ភាគី​រង​គ្រោះ ទទួលយក​ការ​សម្រុះសម្រួល​ពី​ភាគី​បង្ក​ក្នុង​សំណុំរឿង «​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​» ដោយ​លោកមេ​ប៉ុស្ដិ៍​រូប​នេះ មិន​បាន​ឆ្លង​យោបល់​ថ្នាក់ដឹកនាំ ឬ​សុំ​យោបល់​ព្រះរាជអាជ្ញា​មួយ​ម៉ាត់ឡើយ ។ ជន​រង​គ្រោះ​ឈ្មោះ ហេង ដា​រ៉ា​វង្ស ភេទ​ប្រុស អាយុ​២០​ឆ្នាំ មានមុខ​របរ​ជាង​ថតរូប រស់នៅ​ភូមិ​ភ្នំ​សំពៅ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ។ ជន​រង​គ្រោះ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​ឈ្មោះ ជួប វិទូ (​ជនសង្ស័យ​) ពួន​ចាំ​ស្ទាក់​វាយ និង​បាញ់​ដោយ​ជំ​ពាម​កៅស៊ូ​នៅ​យប់​ថ្ងៃ​ទី​០៤ កញ្ញា ត្រង់​ចំណុច «​ស្ពាន​បឹង​ច្រមុះ​» ស្ថិត​ក្នុងភូមិ​សំណាញ់ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្ដិ​ឈ្មោះ ខួច ។

ប៉ុន្តែ​អ្នក​ឌុ​ប​ឈ្មោះ ខួច មិនមែន​ជា​គោលដៅ​ដែល​ក្រុម​ជនសង្ស័យ​ត្រូវ​វាយ​ទេ គឺ​ក្រុម​ជនសង្ស័យ​មាន​បំណង​វាយ​តែ​ទៅ​លើ​ឈ្មោះ ដា​រ៉ា​វង្ស តែ​ម្នាក់​ប៉ុណ្ណោះ ព្រោះ​ជនសង្ស័យ​ឈ្មោះ ទូ បាន​ឈ្លោះប្រកែក​ជាមួយ​ឈ្មោះ ដា​រ៉ា​វង្ស មុន​ពេល​កើតហេតុ​មួយ​ថ្ងៃ ។ ជន​រង​គ្រោះ​ឈ្មោះ ហេង ដា​រ៉ា​វង្ស បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ខ្លួន​និង​ឈ្មោះ ទូ (​ជនសង្ស័យ​) បាន​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច​ទេ ។ ជម្លោះ​នេះ បាន​ធ្វើ​ឲ្យ​ឈ្មោះ​ទូ ខឹង​ដោយ​ចោទ​ខ្លួន​ថា «​កេ្ម​ង​សោះ​ហ៊ាន​មើលងាយ​គាត់​» រហូត​ឈ្មោះ​ទូ បាន​បបួល​ខ្លួន​ឡើង​សង្វៀន​ប្រដាល់​វាយ​គ្នា តាម​ពិត​អ្វី​ៗ​ដែល​ខ្លួន​ប្រកែក​ជាមួយ​ឈ្មោះ​ទូ គឺ​ខ្លួន​គ្រាន់តែ​និយាយ​លេង​ជាមួយ​គាត់ ព្រោះ​ធ្លាប់​លេង​បាល់ ផឹកស៊ី​ជាមួយ​គ្នា​ស្ទើរ​រាល់ថ្ងៃ ។

មិនតែប៉ុណ្ណោះ ខ្លួន​និង​ឈ្មោះ​ទូ ក៏​ធ្លាប់​ជួយ​គ្នា​នៅ​តាម​រោងការ​នានា​ទៀត​ផង មិន​នឹក​ស្មានថា «​គាត់​ប្រកាន់​ចងគំនុំ រហូត​នាំ​បក្សពួក​តាម​ពួនស្ទាក់​វាយ​ខ្លួន​ដូច្នេះ​ទេ ។ ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា នៅ​យប់​កើតហេតុ ឈ្មោះ​ទូ បាន​ទូរស័ព្ទ​ប្រាប់​មិត្តភក្ដិ​ខ្លួន​ឈ្មោះ ខួច ឲ្យ​ឌុ​ប​ខ្លួន​ទៅ​កន្លែង​គេ​លេង​ប្រដាល់ ហើយ​ខ្លួន​ក៏​ជិះ​ទៅ​ជាមួយ​មិត្តភក្តិ​ឈ្មោះ​ខួច តែ​មិន​នឹង​ស្មានថា ឈ្មោះ ទូ នាំ​បក្សពួក​មក​ស្ទាក់​ចាំ​វាយ​ខ្លួន​ទេ ។ លុះ​ជិះ​ដល់​ចំណុច​«​បឹង​ច្រមុះ​» ដែល​ជា​កន្លែង​ស្ងាត់ ស្រាប់តែ​ឈ្មោះ ទូ និង​បក្សពួក​ប៉ុន្មាន​នាក់​ទៀត ចេញ​មក​កាក់ រួច​លើក​ដំបង ឬ​កាំបិត ស្ទុះ​មក​រក​វាយ​ខ្លួន តែ​សំណាងល្អ ខ្លួន​លោត​ចុះ​ពី​ម៉ូតូ​រត់​រួច ហើយ​ពេល​នោះ មិត្តភក្ដិ​ខ្លួន​ឈ្មោះ ខួច បាន​ចាប់ដៃ​ឈ្មោះ ទូ ជាប់ តែ​ពេល​ខ្លួន​ស្ទុះ​រត់ ក៏​ត្រូវ​បក្សពួក​ឈ្មោះ ទូ ប្រើ​ជំ​ពា​កៅស៊ូ​បាញ់​មក​លើ​ខ្លួន​ត្រូវ​មួយ​គ្រាប់​ចំ​ខ្នង ហើយ​ខ្លួន​សង្ស័យ​ជា​គ្រាប់​បា​ដាង​កង់ ។

ជន​រង​គ្រោះ​បាន​បន្ថែម​ថា ក្រោយ​កើតហេតុ​ភ្លាម​ៗ ខ្លួន​ក៏​បាន​ទៅ​ប្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល ឃុំ​ភ្នំ​សំពៅ​ទាំង​យប់ ។ ដំបូង​មន្ត្រី​ប៉ុស្ដិ៍​មិន​ចង់​ទទួល​បណ្ដឹង​ទេ លុះ​បន្តិច​ក្រោយមក ទើប​មន្ត្រី​ប៉ុស្ដិ៍​ព្រម​ទទួល​បណ្ដឹង​ខ្លួន ។ លុះ​ព្រឹក​ថ្ងៃ​ទី​០៥ កញ្ញា ក៏​ឲ្យ​ខ្លួន​និង​មិត្តភក្ដិ​ខ្លួន​ទៅ​បំភ្លឺ​ម្ដងទៀត តែ​គេ​មិន​សួរនាំ​អ្វី​ទេ រហូត​ដល់​ថ្ងៃ​ល្ងាច ក៏​បង្ខំ​ឲ្យ​ខ្លួន​ទូរស័ព្ទ​ហៅ​ជន​បង្ក​ឈ្មោះ ទូ​មិន​ចរចា​គ្នា​បញ្ចប់រឿង​ត្រឹម​ប៉ុស្ដិ៍ តែ​ខ្លួន​មិន​ហ៊ាន​ទូរស័ព្ទ​ហៅ​ជន​បង្ក​ទេ ។ ត្រង់​ចំណុច​នេះ ជន​រង​គ្រោះ​រូប​នេះ​បាន​និយាយ​ថា នៅ​ល្ងាច​ថ្ងៃ​ដដែល ស្រាប់តែ​ឃើញ​ឈ្មោះ ទូ មក​ជួប​ខ្លួន​នៅ​ប៉ុស្ដិ៍​នគរបាល ហើយ​មន្ត្រី​ប៉ុស្ដិ៍​បាន​បង្ខំ​ឲ្យ​ខ្លួន​ធ្វើការ​ចរចា​គ្នា​បញ្ចប់រឿង​ដោយ​មន្ត្រី​រូប​នោះ​បាន​ព្រមាន​ខ្លួន​ថា «​បើ​មិន​ព្រម​ចរចា​បញ្ចប់​ត្រឹម​ប៉ុស្ដិ៍​ទេ គាត់​នឹង​ចាប់​បញ្ជូន​ទាំង​០២​ភាគី​ទៅ​ដេក​ហាលខ្យល់​នៅ​អធិការ​ស្រុក ។ ដោយ​ខ្លាច​ដូច​ការគំរាម​ផង ខ្លួន​មិនសូវ​យល់​ដឹង​ពី​ច្បាប់​ផង ទើប​ក្រុម​គ្រួសារ​ខ្លួន​គិត​ថា កុំ​ឲ្យ​វែង​ឆ្ងាយ ក៏​ជឿ​លើ​សំដី​លោក​មេ​ប៉ុស្ដិ៍ ក៏​សម្រេច​ចរចា​បញ្ចប់រឿង​ត្រឹម​ប៉ុស្ដិ៍ ជាមួយនឹង​សំណង​បន្តិចបន្តួច រួច​ធ្វើ​កិច្ចសន្យា​បញ្ឈប់​បង្ករឿង​ជាមួយ​គ្នា​ទៀត នៅ​ត្រឹម​ប៉ុស្ដិ៍​ភ្នំ​សំពៅ​នោះ​ទៅ ។

ងាក​មក​និយាយ​ពី​អ្នក​ច្រៀង​ភ្លេង​ការ ដែល​ជា​ជនសង្ស័យ​ឈ្មោះ​ជួប វិទូ ក្រោយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​សួរនាំ ជន​នេះ​បាន​សារភាព​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ពួនស្ទាក់​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ដា​រ៉ា​វង្ស​មែន ដោយ​ប្រើប្រាស់​ដំបង​ដែក​រលាស់ ។ ប៉ុន្តែ​ជន​នេះ​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​វាយ​ត្រូវ​ជន​រង​គ្រោះ​ទេ ដោយសារ​ជន​រង​គ្រោះ​លោត​ចុះ​ពី​ម៉ូតូ​រត់​រួច ។ ជន​នេះ​បាន​និយាយ​ថា មូលហេតុ​ដែល​ខ្លួន​ស្ទាក់​វាយ​ជន​រង​គ្រោះ ដោយសារ​ខឹង​ជន​រង​គ្រោះ​សម្ដី​ឈ្លើយ​មិន​គោរព​ខ្លួន​ដែល​មាន​អាយុ​ច្រើន​ជាង ទើប​នៅ​យប់​នោះ ខ្លួន​ទូរស័ព្ទ​ប្រាប់​ឈ្មោះ​ខួច ជា​មិត្តភក្ដិ​ជន​រង​គ្រោះ ឲ្យ​ឌុ​ប​ឈ្មោះ​ដា​រ៉ា​វង្ស មក​ជួប​ខ្លួន លុះ​ជិះ​មក​ដល់​ចំណុច​បឹង​ច្រមុះ ខណៈ​ខ្លួន​និង​បក្សពួក​ពួន​ចាំ​នៅ​ទីនោះ ក៏​ស្ទាក់​វាយ​តែ​ម្ដង ។

ជន​នេះ​បញ្ជាក់​ថា ខ្លួន​មិន​បាន​វាយ​ជន​រង​គ្រោះ​ទេ ព្រោះ​រត់​ផុត រីឯ​គ្រាប់​ជំ​ពាម​កៅស៊ូ ដែល​បាញ់​ត្រូវ​ខ្នង​ជន​រង​គ្រោះ ក៏​ខ្លួន​មិន​បាន​បាញ់​ដែរ តែ​អាច​បក្សពួក​ខ្លួន​ជា​អ្នក​បាញ់​។ លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​និយាយ​ថា សំណុំរឿង​នេះ​លោក​មិន​បានដឹង​ទេ ចាប់តាំងពី​ពេល​កើតហេតុ រហូត​ដល់​ថ្ងៃ​ដែល​គេ​ចរចា​គ្នា​បញ្ចប់រឿង​ត្រឹម​ប៉ុស្ដិ៍​រដ្ឋបាល ។ ប៉ុន្តែ​ក្រោយ​ពី​បែកធ្លាយ​រឿង​នេះ លោកស្នងការ​ក៏​បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​សួរនាំ​ជា​ថ្មី និង​ធ្វើការ​ស្រាវជ្រាវ​រហូត​តាម​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ជួប វិទូ ដែល​ជា​សាមីខ្លួន​ក្នុង​ជម្លោះ​ជាមួយ​ជន​រង​គ្រោះ តែ​បក្សពួក​ផ្សេង​ទៀត​បាន​រត់គេច​ខ្លួន​អស់ហើយ ។ លោក​ឈឿ​ង គឹ​ម​សុង​បាន​បញ្ជាក់​ថា ក្រោយ​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ជួប វិទូ បាន​សារភាព​ទទួលស្គាល់់​កំហុស ហើយ​ពេល​នេះ​លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​ជំនាញ​កសាងសំណុំ​រឿង បញ្ជូន​ជន​នេះ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ តែមន្ត្រី​ជំនាញ​កំពុង​តាម​រកមុខ​បក្សពួក​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន​បន្ត​ទៀត ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ