រាជធានីភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្តីពី ការចោទប្រកាន់ជនសង្ស័យពាក់ពន្ធនឹងគ្រឿងញៀនប្រមាណ ២គីឡូក្រាម ដែលឈ្មួញ០២នាក់ ដឹកជញ្ជូននាំយកទៅជួញដូរ ឬចែកចាយបន្ត នៅក្នុងមូលដ្ឋានខណ្ឌសែនសុខរាជធានីភ្នំពេញ ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបសាធារណជនមេត្តាជ្រាបថា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង២១និង៣០នាទី កម្លាំងជំនាញការិយាល័យស៊ើបការណ៍ខាងក្រៅ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជាលទ្ធផលសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ម្នាក់ឈ្មោះ ដួង វិរៈសត្យា ហៅសិដ្ឋ ភេទប្រុស កើតឆ្នាំ១៩៩១ និងម្នាក់ឈ្មោះ គង់ និមិត្ត ហៅអាស្និក ភេទប្រុស កើតឆ្នាំ១៩៩១ ដកហូតវត្ថុតាងជាសារធាតុញៀនប្រភេទ MDMA ទម្ងន់ ៨០៧,២៨ក្រាម ប្រភេទកេតតាមីន ទម្ងន់ ៣៨២,២៤ក្រាម និងប្រភេទ មេតំហ្វេតាមីន ទម្ងន់ ៥៧៩,៦ក្រាម។ ក្រោមបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង០២ នាក់ខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីបាន និងទទួលពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យទាំង០២នាក់ខាងលើ ពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ បទល្មើស ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៤០ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ក្រោយពីចោទប្រកាន់ជាផ្លូវការ សំណុំរឿងឈ្មួញគ្រឿងញៀនទាំង០២នាក់ ត្រូវបានតំណាងអយ្យការចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕
ចែករំលែកព័តមាននេះ