ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​មីន ចាត់​ទុក​ជំនួយ​របស់​ចិន មិនមែន​គ្រាន់តែ​ជា​ឧបករណ៍​បោសសម្អាត​មីន​ប៉ុណ្ណោះ​ទេ តែ​ជា​ឧបករណ៍​សម្រាប់​ការពារ ផ្តល់​ក្តី​សង្ឃឹម និង​ផ្លាស់​ប្តូរជីវិត​មនុស្ស

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៦ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៦ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និងឯកឧត្តម វ៉ាង វិ​ន​ពី​ន ឯកអគ្គរដ្ឋទូត ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​សម្ភារដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្រាប់​កិច្ច​ប្រតិបត្តិការ​ការងារ​មនុស្សធម៌​ក្នុង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​។ សម្ភារ​ទាំងនោះ រួម​មាន​ឧបករណ៍​រាវរក​លោហៈ ឧបករណ៍​ និង​សម្ភារ​ចាំបាច់ និង​រថយន្ត ​។

ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​ចាត់​ទុក​ជំនួយ​របស់​ចិន មិនមែន​គ្រាន់តែ​ជា​ឧបករណ៍​សម្រាប់​ប្រតិបត្តិការ​ប៉ុណ្ណោះ​ទេ តែ​ជា​ឧបករណ៍​សម្រាប់​ការពារ ផ្តល់​ក្តី​សង្ឃឹម និង​ផ្លាស់​ប្តូរជីវិត​មនុស្ស​។ ឧបករណ៍​ទាំងនេះ នឹង​ធានា​នូវ​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​អ្នក​បោសសម្អាត​មីន ខណៈ​ដែល​ពួក​គេ​បន្ត​ភារកិច្ច​ដ៏​ថ្លៃថ្លា ក្នុង​ការ​រំដោះ​ផ្ទៃដី​កម្ពុជា ឱ្យ​រួច​ផុត​ពី​កេរ្តិ៍​ដំណែល​នៃ​សង្គ្រាម​ ។

តាង​នាម​ឱ្យ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ប្រទេស​ចិន ដែល​បាន​និង​កំពុង​បន្ត​គាំទ្រ​ដល់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ទាំង​ឧបករណ៍​សម្ភារ ថវិកា ជំនាញ​បច្ចេកទេស ការ​អភិវឌ្ឍ​សមត្ថភាព ការ​អប់រំ​កាត់​បន្ថយ​គ្រោះថ្នាក់ និង​កិច្ចសង្គ្រោះ​ជន​រង​គ្រោះ​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ តាម​រយៈ​ការ​គាំទ្រ​នេះ ជីវិត​មនុស្ស​រាប់​មិន​អស់​ត្រូវ​បានការ​ពារ សហគមន៍​ត្រូវ​បាន​ស្តារ​ឡើង​វិញ ហើយ​អ្នក​រស់រាន​មានជីវិត ត្រូវ​បាន​ផ្តល់​នូវ​អំណាច​ដើម្បី​កសាង​អនាគត​ឡើង​វិញ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ​ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ការ​រួមចំណែក​ដ៏​សំខាន់​ នៃគម្រោង​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ ក្នុង​សកម្មភាព​មីន ដែល​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង របស់​រដ្ឋាភិបាល​ចិន ដែល​គំនិត​ផ្តួចផ្តើម​នេះ បាន​បង្ហាញ​ពី​ចក្ខុវិស័យ​របស់​ចិន​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់ ដោយ​ផ្អែក​លើ​ការ​ទទួលខុសត្រូវ​រួម ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​រក្សា​សន្តិសុខ​រួម​គ្នា​។

ក្នុង​ឱកាស​នោះ​ផង​ដែរ តាង​នាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ចិន ដែល​បាន​ដើរតួ​នាទី​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ជំរុញ​ការ​អនុ​វត្តបទ​ឈប់​បាញ់ និង​សម្រេច​ឱ្យ​បាន​សន្តិភាព​ចីរកាល​រវាង​កម្ពុជា និង​ថៃ តាម​រយៈ​កិច្ចប្រជុំ​នៅ​បឹង​ហ្វ៊ូ​សៀន (Fuxian Lake) ខេត្ត​យូ​ណា​ន​។ ក្នុង​នោះ​ប្រទេស​ចិន បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​កិច្ច​សហប្រតិបត្តិការ និង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌ ដល់​សហគមន៍​រង​ផល​ប៉ះពាល់​ក្នុង​តំបន់​ព្រំដែន​។ ជាក់ស្តែង​ថ្មី​ៗ​នេះ ចិន បាន​ផ្តល់​នូវ​ជំនួយ​មនុស្សធម៌​ដែល​មាន​តម្លៃ ២០​លាន​យ័ន សម្រាប់​ជួយ​ដល់​ជនភៀសសឹក ដោយសារ​ការ​ឈ្លានពាន​របស់​ថៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ