ខេត្តកណ្តាល ៖ ជនសង្ស័យមួយក្រុមកំពុងអង្គុយផឹកស៊ី ឃើញគេដើរក៏ស្រែកសួរនាំបែបឌឺដងរឿងចោរលួចសម្ភាររបស់ខ្លួន រហូតទាស់ពាក្យសម្តីគ្នាឈានដល់ការដកកាំភ្លើងបាញ់ប្រាវ រួចទាត់គេបន្ថែមទៀត ព្រឹកឡើងត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំង០៣នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦ និង៣០នាទីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខ្លី(បាញ់ដោយគ្មានការអនុញ្ញាត)នេះ មានជនរងគ្រោះចំនួន០៣នាក់ (ដាក់ពាក្យបណ្តឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥)
១-ឈ្មោះ ជួន ដា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិតាគល់ សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ត្រូវបានជនសង្ស័យយកអាវុធខ្លីភ្ជង់ក្បាល និងទាត់ធាក់ និងបាញ់គំរាម០១គ្រាប់) ។ ២-ឈ្មោះ ជួន អូន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នូល ខេត្តកណ្ដាល(ត្រូវបានជនសង្ស័យយកអាវុធខ្លីភ្ជង់ក្បាល)។ ៣-ឈ្មោះ ដា វីរះ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិតាគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញត្រូវបានជនសង្ស័យភ្ជង់អាវុធអោយអង្គុយរួចនោមដាក់ខ្លួន ។ចំណែកម្នាក់ទៀតកំពុងរត់គេចខ្លួន ។

ចំណែកជនសង្ស័យ មានចំនួន០៣នាក់ ៖ ១-ឈ្មោះ ជាង សុផាត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នូល ខេត្តកណ្ដាល (ម្ចាស់ផ្ទះ) ។ ២-ឈ្មោះ កែវ បញ្ញា អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ឋានន្តរសិក្ត័អនុសេនីយ៍ទោ តួនាទីមន្ត្រី (ស្នងដ្ឋានការនគរបាលរាជធានីភ្នំពេញ) មានទីលំនៅបច្ចុប្បន្នភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ម្ចាស់អាវុធ K៥៤ អ្នកបាញ់)។ ៣-ឈ្មោះ ឆាន់ ភី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ មានទីលំនៅបច្ចុប្បន្នភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នូល ខេត្តកណ្ដាល(អ្នកផឹកជាមួយ)។
ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ អាវុធខ្លី០១ដើម ម៉ាកK៥៤ បង់០១ គ្រាប់ចំនួន០៩គ្រាប់ ប័ណ្ណអនុញ្ញតឲ្យប្រើប្រាស់អាវុធខ្លី០១សន្លឹក លេខ២០០២៦២៣៣ (ផុតកំណត់២០.០៧.២០២៦) ម៉ូតូចំនួន ០២គ្រឿង សង់សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1AQ-4045 ម៉ាក អ៊ែរ៉ុក ពណ៌កំបោរ ស្លាកលេខភ្នំពេញ1GQ-5018 ទូរសព្ទដៃចំនួន០៤គ្រឿង។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នាចំនួន០៤នាក់ បានអង្គុយផឹកស៊ីក្នុងផ្ទះរបស់ឈ្មោះជាង សុផាត ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ ជួនពេលនោះជនរងគ្រោះមានគ្នា០៣នាក់ បាននាំគ្នាដើរកាត់ផ្ទះកន្លែងគេផឹក ដើម្បីទៅស្រែរកត្រី ក៏ត្រូវបានក្រុមជនសង្ស័យហៅអោយឈប់ រួចបានសួរនាំថា ដើរទៅណាយប់ហើយកន្លែងនេះបាត់សម្ភារៈច្រើនដងហើយ ។
ភ្លាមនោះ ខាងជនរងគ្រោះបានឆ្លើយថា ចឹងមានតែចោទពួកខ្ញុំជាអ្នកលួច បន្ទាប់មក ក៏បានទាស់ពាក្យសំដីហ្នឹងគ្នា ភ្លាមនោះជនសង្ស័យឈ្មោះ កែវ បញ្ញា បានចេញពីកន្លែងផឹកទៅសួរនាំ ។ ក្រោយមក ជនសង្ស័យទាំង០៤នាក់ បានឲ្យជនរងគ្រោះទាំង០៣នាក់អង្គុយចុះពេលនោះ ជនរងគ្រោះម្នាក់ឈ្មោះ ជួន ដា បានរត់គេច ស្រាប់តែជនសង្ស័យឈ្មោះ កែវ បញ្ញា ដកអាវុធុខ្លីពីចង្កេះបាញ់ឡើងលើចំនួន០១គ្រាប់ និងបានយកអាវុធខ្លីភ្ជង់ក្បាល ហើយជនរងគ្រោះបន្ថែមទៀត ឃើញបែបនេះជនរងគ្រោះគ្រោះឈ្មោះ ដា វីរះ ក៏បានងើបឈទ្បើង ហើយជនសង្ស័យឈ្មោះ កែវ បញ្ញា ស្មានតែគេរត់ក៏ទាត់មួយជើងទៀត ។ ក្រោយមក ក៏មានប្រជាពលរដ្ឋក្បែរនោះផ្អើលឆោឡោទ្បើងហើយភាគីជនរងគ្រោះ និងភាគីជនសង្ស័យក៏បំបែកគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនទៅ ។

លុះដល់ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ ភាគីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ ក្រោយពីទទួលបានបណ្តឹងរួច កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការកំណត់មុខសញ្ញាជនសង្ស័យបានឈានដល់ការនាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ និងបក្សពួកបានឆ្លើយសារភាពថា ខ្លួនបានប្រើហិង្សា ជេរប្រមាថ និងបានយកអាវុធខ្លីភ្ជង់ទៅលើជនរងគ្រោះ ហើយបានបាញ់ទៅលើគំរាមមួយគ្រាប់ផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនគរបាលស្រុកអង្គស្នួល កំពុង
កសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ