ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​កា.ប់​ប្ល.ន់​លើក​ទី​១​បាន​សម្រេច ញ៉ាម​ចេញ​ប្ល.ន់​​​ម្តងទៀត​​ត្រូវ​អស់លក្ខណ៍

8 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​កាប់​ប្លន់​យក​ម៉ូតូ​ចំនួន​០៥​នាក់ ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ស្រុក​ភ្នំស្រួច សហការ​បង្ក្រាប​បាន ខណៈ​ដែល​ធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​អស់លក្ខណ៍​ត្រូវ​នគរបាល​ក្របួច​ជាប់ ​។ ការ​តាម​បង្ក្រាប​ក្រុម​ជនសង្ស័យ​ស្ទាក់​កាប់​ប្លន់​ម៉ូតូ​បាន​ កាលពី​រំលង​អ​ធ្រា​ត្រ​ថ្ងៃ​ទី​៧…

ខេត្តកំពង់ស្ពឺ ​៖ ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​កាប់​ប្លន់​យក​ម៉ូតូ​ចំនួន​០៥​នាក់ ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ស្រុក​ភ្នំស្រួច សហការ​បង្ក្រាប​បាន ខណៈ​ដែល​ធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​អស់លក្ខណ៍​ត្រូវ​នគរបាល​ក្របួច​ជាប់ ​។ ការ​តាម​បង្ក្រាប​ក្រុម​ជនសង្ស័យ​ស្ទាក់​កាប់​ប្លន់​ម៉ូតូ​បាន​ កាលពី​រំលង​អ​ធ្រា​ត្រ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​លើ​ផ្លូវ​ក្រាល​​កៅស៊ូ​មួយ​ខ្សែ ​(​ចំណុច​ត្រពាំង​ឱប ទៅ​ឃុំ​ព្រៃ​ក្មេង​) ​ក្នុងភូមិ​ប្រាសាទ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា​ ម៉ូតូ​ដែល​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​បាន​សម្រេច ​ហើយ​ព្យាយាម​ជិះ​គេចខ្លួន​នោះ ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្ដាល 1AE.7272 ម្ចាស់​មានឈ្មោះ សាត រស់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ពង្រ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ថា ​ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ទី​១~ ឈ្មោះ យ៊ាំ​ង សុ​ភ័ស ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​២~ ឈ្មោះ យ៊ាំ​ង ភា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ទី​៣~ ឈ្មោះ ឆិល មក​រា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ទាំង​៣​នាក់​ខាងលើ រស់នៅ​ក្នុងភូមិ​ទឹកថ្លា ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ទី​៤~ ឈ្មោះ អ៊ុ ចាន់​ដេ​ត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ និង​ទី​៥~ ឈ្មោះ ទឿ​ង វាសនា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ទាំង​០២​នាក់ រស់នៅ​ក្នុងភូមិ​ត្រាច ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ថែម​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ និង​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់​ខាងលើ គឺ​នៅ​វេលា​ម៉ោង​៨​និង​២០​យប់ ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៥ ឈ្មោះ សាត រស់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ពង្រ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​កណ្ដាល 1AE.7272 ចេញពី​លេង​ផ្ទះ​ឈ្មោះ គី​ម ស្រី​ខួច ភេទ​ស្រី អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ពោធិ៍ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៥៦ ទៅ​លេខ​៥៧ ស្ថិត​នៅ​ក្នុងភូមិ​ពង្រ​ធំ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​៥​នាក់​ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ តាម​មក​ពីក្រោយ ហើយ​ក៏​បាន​យក​កាំបិត​ខ្វេ​វ​ដង​ដែក​គំរាម​កាប់​មក​លើ​រូបគេ ពេល​​នោះ​ខ្លួន​ក៏​បាន​ផ្ដួល​ម៉ូតូ​ចោល ហើយ​បាន​រត់គេច​ខ្លួន រីឯ​ម៉ូតូ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​លើក​
យក​ម៉ូតូ​ជិះ​គេចខ្លួន​ទៅ​ទិស​ខាងកើត​បាត់​។ ម្ចាស់​ម៉ូតូ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ឱ្យ​នគរបាល​ស្រុក​ភ្នំស្រួច​ជួយ​អន្តរាគមន៍ ស្វែងរក​ក្រុម​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​នោះ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ​ឃុំ​កា​ហែង នគរបាល​ប៉ុស្តិ​ឃុំ​ធម្មតា​អរ នឹង​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ធ្វើការ​អន្តរាគមន៍ ដេញ​ប៉ផាប់​ចាប់​ប៉​ផី​ង ដល់​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ ចំណុច​ភូមិ​ប្រាសាទ ឃុំ​មហា​សាំង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏​បង្ក្រាប​បាន​មុខសញ្ញា​ក្រុម​ជនសង្ស័យ​ចំនួន​០៥​នាក់​តែ​ម្តង​។

ក្រោយ​ឃាត់​សួរនាំ​ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ពួក​គេ​ពិតជា​បាន ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន​។ កន្លង​ទៅ​ក្រុម​ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​០១​គ្រឿង កាល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៥ ផ្លូវជាតិ​លេខ​៤ បង្គោលគីឡូម៉ែត្រ​លេខ​៦៧ ទៅ​លេខ​៦៨​ចំណុច​ភូមិ​ត្រពាំង​អត់​ទឹក​ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​សម្រេច​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​បង្ក្រាប​បាន​ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់ នគរបាល​ដកហូត បាន​ម៉ូតូ​ចំនួន​០៣​គ្រឿង ជា​របស់​ជន​រង​គ្រោះ​០១​គ្រឿង កាំបិត​ខ្វេ​វ​ដង​ដែក​០១ នឹង​ទូរស័ព្ទ​ចំនួន​០២​គ្រឿង ផង​ដែរ​។

បច្ចុប្បន្ន​ ក្រុម​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង នគរបាល​ស្រុក​ភ្នំ​សំរោង​ទង​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ