ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តកណ្ដាល ជំរុញដល់មន្រ្តី ឃុំ សង្កាត់ រៀបចំឯកសារអត្តសញ្ញាណកម្ម ជូនពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពី​ថៃ

1 ម៉ោង មុន

​ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្ដាល ជំរុញដល់មន្រ្តី ឃុំ សង្កាត់ រៀបចំឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់។ ​យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្ដាល​…



ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្ដាល ជំរុញដល់មន្រ្តី ឃុំ សង្កាត់ រៀបចំឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់។

​យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្ដាល​ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរ ឃុំ សង្កាត់ ធ្វើឯកសារអត្តសញ្ញាណកម្ម ក្នុងនោះមានសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់បងប្អូនអតីតពលករ មកពីប្រទេសថៃ ដើម្បីឱ្យពួកគេ មានឯកសារកំណើតគ្រប់គ្រាន់ ទុកសម្រាប់ប្រើប្រាស់ ក្នុងកិច្ចការផ្សេងៗ។

លោកជំទាវអភិបាលរងខេត្ត បានបន្ថែមថា ពាក់ព័ន្ធនឹងបញ្ហានេះអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរ ទើបត្រឡប់ពីប្រទេសថៃ និងអ្នកពុំទាន់មានឯកសារ អត្តសញ្ញាណកម្ម មានឯកសារសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឱ្យបានគ្រប់ៗគ្នា ដែលការងារនេះគឺចាំបាច់បំផុតសម្រាប់ពួកគាត់យកទៅប្រើប្រាស់ និងងាយស្រួលស្វែងរកការងារធ្វើជាដើម។

លោកជំទាវ បានថ្លែងបន្តថា​ ដោយកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរដែលទើបត្រឡប់មកពី ប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរមួយចំនួនបានបាត់បង់ ខូចខាត ឬអស់សុពលភាពនូវឯកសារបញ្ជាក់អត្តសញ្ញាណ របស់ខ្លួន ឬមិនមានឯកសារគ្រប់គ្រាន់ និងមួយចំនួនទៀតពុំទាន់មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់នៅឡើយ ដូចជាសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាដើម បញ្ហានេះ បានបង្កជាឧបសគ្គសម្រាប់ពួកគាត់ក្នុងការស្វែងរកការងារធ្វើ ឬស្នើសុំសេវាផ្សេងៗសម្រាប់តម្រូវការប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងស្ថានភាពបែបនេះ ​លោកជំទាវ បានជំរុញដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាល ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ និងខិតខំជំរុញផ្តល់ ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋ ពិសេសពលករដែលទើបមកពីប្រទេសថៃនៅគ្រប់មូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ