បរទេស ៖ តម្លៃមាសអន្តរជាតិបានបន្តកើនឡើងដល់ ៣ ៦១៥ដុល្លារក្នុង១អោន ឬ ៤ ៣៥៥ដុល្លារក្នុង១តម្លឹង ដែលជាតម្លៃកំណត់ត្រាថ្លៃបំផុតមិនធ្លាប់មានពីមុន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារតែវិនិយោគិនកំពុងដាក់ការរំពឹងទុកខ្ពស់ទៅលើការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅក្នុងខែនេះ បន្ទាប់ពីរបាយការណ៍អំពីស្ថានភាពការងារនៅអាមេរិក កាលពីសប្តាហ៍មុន បានបង្ហាញអំពីកម្សោយជាងការរំពឹងទុក។
តម្លៃមាសអន្តរជាតិបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់ពីមុន ៣ ៦១៥ដុល្លារក្នុង១អោន ឬ ៤ ៣៥៥ដុល្លារក្នុង១តម្លឹង នៅក្នុងការជួញដូរថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ មុនពេលរក្សាតម្លៃមកនៅត្រឹម ៣ ៦១២ដុល្លារក្នុង១អោន ឬ ៤ ៣៥១ដុល្លារក្នុង១តម្លឹង គិតត្រឹមម៉ោង ៣:៣០នាទី រសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា)។
បើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ដែលចេញផ្សាយនៅរសៀលថ្ងៃទី៨ ខែកញ្ញា ដោយស្រង់សម្តីអ្នកវិភាគទីផ្សារហិរញ្ញវត្ថុគេហទំព័រ Capital.com គឺលោក Kyle Rodda បានថ្លែងថា កត្តាជំរុញតម្លៃមាសដ៏សំខាន់គឺទិន្នន័យការងាររបស់អាមេរិក និងក្តីរំពឹងទុកពីវិនិយោគិននៅពេលនេះ ដែលថា ធនាគារកណ្តាលអាមេរិក (Fed) អាចនឹងកាត់បន្ថយអត្រាការប្រាក់រហូតដល់ ៥០ ពិន្ទុមូលដ្ឋាននៅក្នុងខែនេះ បើទោះជាវាឱកាសតិចតួចយ៉ាងណាក៏ដោយ។
កំណើនការងាររបស់អាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងខែសីហា ហើយអត្រាគ្មានការងារធ្វើបានកើនឡើងដល់កម្រិតខ្ពស់ជិត៤ឆ្នាំ គឺ ៤,៣%។ វិនិយោគិនបានបង្ហាញក្តីរំពឹងខ្ពស់បំផុតថា ធនាគារកណ្តាលអាមេរិក អាចកាត់បន្ថយអត្រាការប្រាក់ ២៥ ពិន្ទុមូលដ្ឋាន នៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ ជាមួយនឹងឱកាស ៨% ដែលថា ការកាត់បន្ថយអត្រាការប្រាក់អាចលោតដល់ ៥០ ពិន្ទុមូលដ្ឋាន ដែលនឹងជំរុញឱ្យមានការទិញមាសដុំទុក។
ឥឡូវនេះ វិនិយោគិនកំពុងបង្វែរការផ្តោមអារម្មណ៍ទៅនឹងរបាយការណ៍អតិផរណារបស់អាមេរិក ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ដែលអាចផ្តល់ភាពច្បាស់លាស់បន្ថែមទៀតលើទំហំនៃការកាត់បន្ថយអត្រាការប្រាក់ដែលរំពឹងទុកពីធនាគារកណ្តាលអាមេរិក៕ ប្រភព ៖ Reuters និង goldprice.org

ចែករំលែកព័តមាននេះ