រាជធានីភ្នំពេញ ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានជំរុញ និងលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ផលិតបន្ថែម និងពង្រឹងគុណភាពផលិតផលរបស់ខ្លួន ស្របពេលដែលប្រជាជនកម្ពុជា កំពុងមានការគាំទ្រផលិតផលក្នុងស្រុកយ៉ាងផុសផុល ។ ហើយសម្ព័ន្ធសមាគមក៏បានស្នើដល់ប្រជាជនកម្ពុជា ឱ្យនៅតែបន្តគាំទ្រផលិតផលខ្មែរ ដើម្បីឱ្យសហគ្រាសនៅតែមានទឹកចិត្ត ដើម្បីបន្តផលិត ផលិតផលសម្រាប់តម្រូវការក្នុង និងក្រៅប្រទេសផងដែរ ។

នៅក្នុងវេទិកាសារព័ត៌មានក្រោមប្រធានបទ «ជំរុញផលិត និងគាំទ្រផលិតផលខ្មែរ» នាថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីស្នាក់ការកណ្តាលរបស់ FASMEC ដែលបានរៀបចំដោយ ក្លិបអ្នកកាសែតកម្ពុជា និង FASMEC ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគម មូលនិធិសម្តេចតេជោ និង FASMEC បានឱ្យដឹងថា ៖ «ខណៈដែលប្រជាជនកម្ពុជាកំពុងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក អ៉ីចឹងយើងអ្នកផលិតត្រូវតែពង្រឹងគុណភាពនៃការផលិត និងបន្តផលិតបន្ថែម ដើម្បីឱ្យគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុក ដែលស្របពេលនេះយើងទទួលស្គាល់ថា ផលិតផលខ្មែរយើងខ្លះ ផលិតមិនទាន់តម្រូវការក្នុងស្រុក» ។

ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាន ឧកញ៉ា តែ តាំងប៉ បានបន្ថែមថា ៖ «ប្រសិនជាប្រជាជនយើងនៅតែគាំទ្រផលិតផលខ្មែរយើង ខ្ញុំគិតថា ឆ្នាំក្រោយផលិតផលខ្មែរនឹងកើនការផលិត ១ គុណនឹង ៣ ហើយប្រសិនជាតម្រូវការអ្នកផលិតនៅតែផលិត នោះយើងនឹងរិះរកទន់សម្រាប់ពួកគាត់អ្នកផលិតបន្ថែម ហើយអ្វីដែលសម្ព័ន្ធសមាគមចង់ឃើញ គឺអ្នកផលិតគួរផ្តោតសំខាន់ទៅលើស្តង់ដារអនាម័យត្រឹមត្រូវតាមថ្នាក់ជាតិ និងអន្តរជាតិ» ។

លោកឧកញ៉ា បានបញ្ជាក់ផងដែរថា ខណៈដែលផលិតផលខ្មែរកំពុងមានសន្ទុះ នៃការគាំទ្រខ្លាំងសមាគម ក៏បាននិងកំពុងពង្រឹងសមត្ថភាព ដើម្បីពិនិត្យលើការផលិត និងផលិតផលរបស់កម្ពុជាផងដែរ ដោយធ្វើយ៉ាងណាមិនមានការបន្លំ ឬដំឡើងតម្លៃនានា ជាពិសេសនោះគឺគុណភាពនៃការផលិត ដែលត្រូវតែមានគុណភាពខ្ពស់ ឬតាមស្តង់ដារថ្នាក់ជាតិ និងអន្តរជាតិ ដែលនេះមិនមែនត្រឹមតែពង្រឹងគុណភាពក្នុងការនាំចេញប៉ុណ្ណោះទេ ។ លោកឧកញ៉ា បានបន្ថែមថា នៅក្នុងការតាំងពិព័រណ៍ផលិតផលខ្មែរខាងមុខ ផលិតផលខ្មែររាប់រយមុខ នឹងបង្ហាញខ្លួនទាំងផលិតផលលក់ក្នុងស្រុក និងផលិតផលនាំចេញ ។

សូមជម្រាបជូនផងដែរថា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរឆ្នាំ ២០២៥ ដែលមានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែកញ្ញា ដែលនឹងមានសហគ្រាសជាង ៣០០ ស្ថាប័នចូលរួមផងដែរ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ៕




ចែករំលែកព័តមាននេះ