ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​អំពាវ​នាវ​ឱ្យ​រក្សា​ភាព​ស្ងប់​ស្ងាត់​ក្រោយ​ការ​ប្រព្រឹត្ត​ហិ.ង្សា​រវាង​បាតុករ​ និង​នគរ​បាល

4 ម៉ោង មុន

ទី​ក្រុង​ស៊ីដនី៖ ថ្នាក់​ដឹក​នាំ​អូស្ត្រាលី​នៅ​ថ្ងៃ​នេះ​បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​រក្សា​ភាព​ស្ងប់​ស្ងាត់​ និងហែ​បាតុកម្ម​ដោយ​សន្តិ​វិធី​។ ការ​អំពាវ​នាវ​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​នគរ​បាល និង​ក្រុម​បាតុ​ករ​ដែល​ប្រឆាំង​នឹង​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានា​ធិបតី​អ៊ីស្រា​អែល​ លោក​អ៊ី​សាក់​ ហឺហ្សក់ (Isaac Herzog) ទៅ​ប្រទេស​អូស្ត្រាលី។…

ទី​ក្រុង​ស៊ីដនី៖ ថ្នាក់​ដឹក​នាំ​អូស្ត្រាលី​នៅ​ថ្ងៃ​នេះ​បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​រក្សា​ភាព​ស្ងប់​ស្ងាត់​ និងហែ​បាតុកម្ម​ដោយ​សន្តិ​វិធី​។ ការ​អំពាវ​នាវ​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​នគរ​បាល និង​ក្រុម​បាតុ​ករ​ដែល​ប្រឆាំង​នឹង​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានា​ធិបតី​អ៊ីស្រា​អែល​ លោក​អ៊ី​សាក់​ ហឺហ្សក់ (Isaac Herzog) ទៅ​ប្រទេស​អូស្ត្រាលី។ នគរ​បាល​ប្រាប់​ថា​មនុស្ស​២៧​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​។ ក្នុង​នោះ​ដប់​នាក់​ជាប់​ចោទ​ពី​បទ​បង្ក​ហិង្សា​លើ​សមត្ថ​កិច្ច​។

ការ​ចាប់​ខ្លួន​នេះ​កើត​ឡើង​បន្ទាប់​ពី​នគរ​បាល​ចាប់​ផ្ដើម​បណ្ដេញ​បាតុ​ករ​រាប់​ពាន់​នាក់​​ដែល​ប្រមូល​ផ្ដុំ​គ្នា​ក្បែរ​សាលា​ក្រុង​ស៊ីដ​នី​។ ​នៅ​ក្នុង​ចំណោម​ក្រុម​បាតុ​ករ​​ទាំង​នោះ​ក៏​មាន​អ្នក​តំ​ណាង​រាស្ត្រ​របស់​គណ​បក្ស​ប្រឆាំង​​ម្នាក់​ផង​ដែរ​។ នាយក​រដ្ឋ​មន្ត្រី​អូស្ត្រា​លី​ថ្លែង​ថា​លោក​មាន​ចិត្ត​រន្ធត់​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​ដូច្នេះ​។ លោក​សូម​ជំរុញ​ឱ្យ​ក្រុម​បាតុ​ករ​សម្ដែង​មតិ​ដោយ​សន្តិ​វិធី។

លោក​ថ្លែង​ថា​ប្រជា​ជន​អូស្ត្រាលី​ចង់​បាន​របស់​២​យ៉ាង​​គឺពួក​គេ​មិន​ចង់​បាន​ជម្លោះ​ទេ​ ហើយ​​ពួក​គេ​ចង់​ឱ្យ​បិទ​បញ្ចប់​អំពើ​កាប់​សម្លាប់​ មិន​ថា​ការ​កាប់​សម្លាប់​ទៅ​លើ​អ៊ីស្រា​អែល​ ឬ​ប៉ាឡេ​ស្ទីន​នោះ​ទេ​។ ពួក​គេ​មិន​ចង់​ឃើញ​ជម្លោះ​កើត​មាន​នៅ​អូស្ត្រាលី​ឡើយ​។ យោង​តាម​ការ​ចេញ​សេចក្ដី​ប្រកាស​របស់​នគរ​បាល​ប្រចាំ​​រដ្ឋ​ញូ​សោស​វេល គេ​មិន​ទាន​បានប​ទទួល​របាយ​ការណ៍​ថា​មាន​ករណី​អ្នក​រង​របួស​ធ្ងន់​ធ្ងរ​នោះ​ទេ​។​


នគរ​បាល​ទទួល​សិទ្ធិ​អំណាច​កាន់​តែ​ទូលាយ​ជាង​មុន
មនុស្ស​រាប់​ពាន់​នាក់​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​ក្រុង​ស៊ីដនី​ភាគ​កណ្ដាល​ដើម្បី​ប្រឆាំង​នឹង​​ទស្សន​កិច្ច​របស់​ប្រធានា​ធិបតី​អ៊ីស្រា​អែល​។ ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​ក្រោយ​ហេតុ​ការណ៍​បាញ់​ប្រហារ​ទៅ​លើ​សហ​គមន៍​ជន​ជាតិ​ជ្វីប​រស់​នៅ​តំបន់​ឆ្នេរ​សមុទ្រ​បន​ដាយ (Bondi) កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៥​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​១៥​នាក់​។ នគរ​បាល​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​អំ​ណាច​ដ៏​កម្រ​មួយ​ដើម្បី​ចាត់​ការ​ក្រុម​បាតុករ​ដែល​ប្រើ​ហិង្សា​។

នគរ​បាល​មាន​សិទ្ធិ​បញ្ជា​ឱ្យ​មនុស្ស​ដែល​ប្រមូល​ផ្ដុំ​គ្នា​ត្រូវ​បំបែក​​ហ្វូង​, មាន​សិទ្ធិ​ដាក់​កំហិត​លើ​ការ​ចេញ​ចូល​ទី​តាំង​ខ្លះ​ និង​មាន​សិទ្ធិ​ឆែក​ឆេរ​យាន​ជំនិះ​ដែល​គួរ​ឱ្យ​សង្ស័យ​។ ទូរ​ទស្សន៍​អូស្ត្រាលី​បាន​ចាក់​ផ្សាយ​រូប​វីឌីអូ​បង្ហាញ​ក្រុម​បាតុ​ករ​ខ្លះ​ព្យាយាម​ទាញ​រនាំង ឬ​បារ៉ាស់​ដែល​ខណ្ឌ​ផ្លូវ​ និង​ឃើញ​នគរ​បាល​រុញ​ច្រាន​ពួក​គេ​ឱ្យ​ថយ​ក្រោយ​វិញ​។ អភិ​បាល​រដ្ឋ​ញូសោស​វេល​បាន​និយាយ​ការ​ពារ​ចំណាត់​ការ​របស់​នគរ​បាល​។ លោក​ថា​នគរ​បាល​ត្រូវ​តែ​សម្រេច​ចិត្ត​ឱ្យ​បាន​ឆាប់​រហ័ស​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​តឹង​តែង​ និង​បត់​បែន​ឆាប់​រហ័ស​បែប​​នេះ​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ